ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ ដល់សុខទុក្ខមន្ត្រី ក្រោមឱវាទ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះទៅសួរសុខទុក្ខលោក គួច គង់ មេភូមិព្រះពន្លា ដែលមានជំងឺសន្លាក់ជើង កំពុងសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសនោះ លោក អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខលោកមេភូមិ មានជំងឺដល់ផ្ទះនោះ ក៏មានអមដំណើរដោយលោកស្រី ឯក យ៉ាន់នី សមាជិកក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ និងលោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ព្រមទាំងសហការីផងដែរ ។

លោកអភិបាលច្បារអំពៅ បានលើកទឹកចិត្ត អោយលោកមេភូមិ ខិតខំព្យាបាល ស្តាប់តាមដំបូន្មានគ្រូពេទ្យ ដើម្បីឆាប់បានធូរស្រាល វិលមករកសុខភាពធម្មតាវិញ និងបានបំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្តទៀត ។

ទន្ទឹមនឹងនោះ លោកអភិបាលខណ្ឌច្បារអំពៅ បានឧបត្ថម្ភនូវថវិកា និងសម្ភារៈមួយចំនួន ជូនដល់មេភូមិ ដើម្បីជួយសម្រួលជីវភាពខ្វះខាត របស់គ្រួសារគាត់ រួមមានៈ ថវិកា ៤០០.០០០ រៀល , អង្ករ ៥០ គីឡូ ក្រាម , មីម៉ាម៉ា ២​កេស , ទឹកត្រី ១យួរ , ទឹកស៊ីអុីវ ១យួរ , ទឹកបរិសុទ្ធ ៥ កេស , ទឹកក្រូច ២កេស , ម៉ាស ១០០ ម៉ាស និងជេល ២ដបធំ ៕/V