ដោយ:អង្គារ៍ហេង/ភ្នំពេញ: នៅយប់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បានដឹកនាំកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ សហការជាមួយអាជ្ញាធរសង្កាត់ផ្សារដើមគ ចុះបិទខ្ទប់ផ្ទះល្វែងប្រកបរបរលក់ដូរនៅតាមបណ្ដោយផ្លូវលេខ៣៣៦ ចំនួន១០ល្វែង ដោយសារពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងផ្ទះលេខ២៩D គឺតម្រូវឱ្យរង់ចាំយកសំណាកជាលើកទី២ សិនទើបអាចវាយតម្លៃថាបើកលក់វិញបាន ឬមិនបាន។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានដកបារ៉ាស់បើកផ្លូវលេខ៣៣៦ ដើម្បីឱ្យបងប្អូនអាជីវករដែលយកសំណាកហើយនៅតាមបណ្ដោយផ្លូវនេះឱ្យលក់ដូរជាធម្មតាវិញទៅតាមការរៀបចំរបស់អាជ្ញាធរសង្កាត់ក៏ដូចជាគណៈកម្មការគ្រប់គ្រងផ្សារដើមគ ទៅតាមការកំណត់ឱ្យលក់ដូរក្នុងខ្សែសុវត្ថិភាព រក្សាគម្លាតដើម្បីការពារការរីករាលដាលនូវជំងឺកូវីដ-១៩ ។ ហើយបើបងប្អូនអាជីវករណារឹងទទឹង និងមិនព្រមចូលរួមនោះគណៈកម្មការផ្សារនឹងមានវិធានយ៉ាងតឹងរុឹងបំផុត គឺមានការបិទតូបឬស្តង់ដែលបងប្អូនអាជីវករប្រកបរបរនោះមិនឱ្យលក់ដូរជាដាច់ខាត៕