ដោយៈទេពកង្រី/កំពង់ឆ្នាំង:រថយន្តដឹក ប្រេងសាំងនិងប្រេងម៉ាស៊ូត របស់ក្រុមហ៊ុនសាវីម៉ិចមួយគ្រឿងបាន បើកគេចពីម៉ូតូបណ្តាលឱ្យធ្លាក់ចេញពីផ្លូវក្រឡាប់កាលពីម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចំណុចមុខហាងមនោរម្យ ស្ដិតក្នុងភូមិទី ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថា រថយន្តដឹកប្រេង ពាក់ផ្លាកលេខភ្នំពេញ 4 A- 21 81 ដឹកប្រេងសរុបចំនួន ៣២.០០០ លីត្រ។ក្នុងនោះ មានប្រេងសាំង១៦.០០០លីត្រនិងប្រេងម៉ាស៊ូត១៦.០០០លីត្រធ្វើដំណើរពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តបាត់ដំបង។លុះមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែមានម៉ូតូមួយគ្រឿងដែលបានបើកបញ្ច្រាសទិសគ្នាយ៉ាងលឿនបានគេចចេញពីរថយន្តតូចមួយគ្រឿងនៅពីមុខចូលមកចំណែកផ្លូវខាងស្ដាំរបស់រថយន្តដឹកប្រេង ខណៈនោះអ្នកបើកបររថយន្តដឹកប្រេង ក៏បានគេចមិនឲ្យបុកម៉ូតូនោះបណ្ដាលឲ្យរថយន្តដឹកប្រេងរបស់ខ្លួន ធ្លាក់ពីលើផ្លូវជាតិក្រឡាប់បះជើងនៅក្នុងប្រឡាយផ្នែកខាងស្ដាំដៃតែម្ដងសំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះរថយន្ត និងរងរបួសដល់មនុស្សទេ៕សរន