​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សមាជិក​សភា​ថៃ​បានចាប់ផ្តើម​ការ​ជជីក​សួរដេញដោល​ដើម្បី​សម្តែង​ការ​មិន​ទុកចិត្ត ដែល​ផ្តោត​លើ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​និង​សមាជិក​​គណៈរដ្ឋមន្ត្រី​របស់​គាត់​ចំនួន ៥ រូប ខណៈ​ដែល​ក្រុមប្រឆាំង​អះអាងថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការដោះស្រាយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​

​ការជជែក​ដេញដោល​នេះ​គ្រោង​ធ្វើ​រយៈពេល​៤ ថ្ងៃ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៣១​សីហា ដោយ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​ដោយ​សភា​ជាន់​ទាប​នឹងធ្វើ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​។​

​ក្រុម​អ្នករៀបចំ​បាតុកម្ម​តាម​ដងផ្លូវ​ប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​បន្ត​រាល់ថ្ងៃ​បាន​ប្តេជ្ញា​ថា​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដាច់​ដោយឡែក​របស់​ខ្លួន​ក្នុងអំឡុង​ការ​ជជីក​សួរ​ដេញដោល​ដើម្បី​​បង្ខំ​លោក​ប្រា​យុទ្ធ​ចេញពី​តំណែង​។​

​រដ្ឋាភិបាល​ចម្រុះ​របស់​គាត់​ត្រូវគេ​រំពឹង​ជាទូទៅ​ថា​នឹង​បែរខ្នង​ដាក់​បញ្ហា​ប្រឈម​នៅ​សប្តាហ៍​នេះ​បើ​ទោះបីជា​ខ្លួន​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​ខកខាន​មិន​បាន​ទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង​កូវី​ដ​១៩ ឱ្យបាន​ទាន់​ពេលវេលា​និង​គ្រប់គ្រាន់​ក៏ដោយ​។​

​លោក សំ​ពង់ អា​ម៉ន​វីវ៉ា​ត់ ជា​មេដឹកនាំ​គណបក្ស​ភឿ​ថៃ បានចាប់ផ្តើម​ការសួរដេញដោល​ជាមួយ​ការវាយប្រហារ​ខ្លាំងៗ ដោយ​ចោទ​ថា​លោក​ប្រា​យុទ្ធ​គឺជា​”​មនុស្ស​ក្រអឺតក្រទម​មិន​ស័ក្តិសម​នឹង​​ដឹកនាំ​ប្រទេស​”​។​

​លោក​សំពង់​បាន​និយាយថា “​ប្រសិនបើ​យើង​អនុញ្ញាត​ឱ្យ​គាត់​បន្ត​ការដឹកនាំ វា​នឹង​នាំឱ្យ​មាន​មនុស្ស​កាន់តែ​ច្រើន​ឆ្លង​ជំងឺ​និង​បាត់បង់​ជីវិត​។​វា​នឹង​មិន​មាន​កន្លែង​បូជាសព​គ្រប់គ្រាន់​ទេ​​ហើយ​វា​នឹង​គ្មាន​វិធី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​នោះទេ​”​។​

​គាត់​បាន​ទាក់ទាញ​ការជំទាស់​ពី​សមាជិក​សភា​របស់​រដ្ឋាភិបាល នៅ​ពេល​គាត់​និយាយថា ស្ថានការណ៍​សព្វថ្ងៃ​បាន​រំលឹក​ពាក្យបុរាណ​ថា “​មេដឹកនាំ​ល្ងង់ខ្លៅ​នឹង​នាំ​យើង​ទាំងអស់​គ្នា​ទៅ​ស្លាប់ ព្រោះ​មនុស្ស​ល្ងង់ខ្លៅ​ដែល​មាន​អំណាច​គឺជា​មនុស្ស​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​”​។​

​នេះ​គឺជា​ការជជែក​ដេញដោល​ដើម្បី​សម្តែង​ការ​មិន​ទុក​ចិត្ត​ជា​លើក​ទី​៣ ដែល​លោក​ប្រា​យុទ្ធ​បាន​ប្រឈម ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​បន្ទាប់ពី​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៩ ។​

​លោក​ក៏​ធ្លាប់ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​យោធា​ផងដែរ​ក្នុង​ឆ្នាំ ២០១៤-២០១៩ បន្ទាប់ពី​បាន​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​ក្នុងនាម​ជា​អគ្គមេបញ្ជាការ​កងទ័ព​៕

លោក​ប្រា​យុទ្ធ​ប្រឈម​នឹង​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ