ដោយ:ដេប៉ូ/ភ្នំពេញ:អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២១នេះដោយបានស្នើសុំឱ្យដល់អាជ្ញាធរខេត្តតាកែវត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
គួរបញ្ជាក់ថាការចេញសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះធ្វើឡើងបន្ទាប់ពីអង្គភាពមួយនេះបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពីករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវមួយកន្លែងនេះរួចមក។
ក្នុងសេចក្តីជូនដំណឹងនេះអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ ថា ក្រោយពីបាន ទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកក្រុមការងារ (អ.ប.ព.) បានចុះស្រាវជ្រាវដល់ទីតាំង ជាក់ស្ដែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្ដឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពី សមត្ថកិច្ចរបស់ អ.ប.ព. ដូចជា៖
-ការជីកយកអាចម៍ដីពីផ្ទៃបាតបឹង។
-ការចាក់ដីលុបផ្ទៃអាងទឹក។
-ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក។
-ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹកដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។
ផ្អែកតាមលទ្ធផលខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីខាងលើដើម្បីធានាដល់និរន្តភាព នៃការប្រើប្រាស់អាងទឹកតាកែវនេះ។ អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះនិងមានវិធានការ តាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវត្តជាក់ស្ដែង៕សរន