​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រធានាធិបតី​ចូ បៃដិនកា​លពី​ថ្ងៃ​អង្គារទី​៣១​សីហា​បាន​បង្កើន​ការការពារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ផែនការ​ចាក​ចេញ​របស់​គាត់​ពី​អា​ហ្វ​ហ្គានី​ស្ថានថា​ជា “​ការសម្រេចចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​អាម៉េរិក​” ពោលគឺ​មួយថ្ងៃ​បន្ទាប់​ពី​ការ​ដកទ័ព​អាម៉េរិក​ចេញ​ត្រូវ​បាន​អបអរសាទរ​ដោយ​ក្រុម​តា​លី​បង់​ថា​ជា​ជ័យជម្នះ​ដ៏​ធំ​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​នេះ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។ នេះ​ជា​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​។​ហើយ​នេះ​ជា​ការសម្រេចចិត្ត​​ដ៏​ល្អ​បំផុត​សម្រាប់​អាម៉េរិក​” បន្ទាប់ពី​លោក​បាន​ប្រកាន់ខ្ជាប់​នូវ​កាល​ផុតកំណត់​ទី​៣១​សីហា​ដើម្បី​បញ្ចប់​ការ​បង្ហូរឈាម​ពីរ​ទសវត្សរ៍​។​

​លោក​បាន​និយាយ​ដូច្នេះ បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បាន​ព្រមាន​អំពី “​មហន្តរាយ​មនុស្សធម៌​” ដែល​កំពុង​កើតឡើង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ដោយ​គូស​បញ្ជាក់ពី​បញ្ហា​ប្រឈមដ៏​គួរ​ឱ្យ​ភ័យខ្លាច​​ដែល​ពួក​តា​លី​បង់​ត្រូវ​ជួប នៅ​ពេល​ពួកគេ​ផ្លាស់​ប្តូរ​ពី​ក្រុម​បះបោរ​ទៅ​ជា​អំណាច​គ្រប់គ្រង​។​

​សម្រាប់​សហរដ្ឋ​អាម៉េរិក លោកបៃ​ដិន​អះអាងថា ជម្រើស​តែមួយគត់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​គឺ “​ចាកចេញ​ឬ​មិន​អ៊ីចឹង​នឹង​បង្កើន​ភាព​តានតឹង​”​។​

​ប្រធានាធិបតី​រូបនេះ​បាន​និយាយថា ការហោះហើរ​ជម្លៀស​ដ៏​ស្វិតស្វាញ​ដែល​បាន​ឃើញ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​ដឹក​មនុស្ស​ជាង ១២​ម៉ឺន​នាក់​ដែល​គេច​ចេញពី​របប​តា​លី​បង់​​ថ្មី​នៅ​អា​ហ្វ​ហ្គានី​ស្ថាន គឺជា “​ជោគជ័យ​ដ៏​អស្ចារ្យ​”​។​

​លោក​បាន​និយាយថា “​គ្មាន​ប្រទេស​ណាមួយ​បាន​ធ្វើ​រឿង​ដូចនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ​នោះ​ឡើយ​គឺមាន​តែ​សហរដ្ឋ​អាម៉េរិក​តែមួយគត់​ដែល​មាន​សមត្ថភាព​និង​ឆន្ទៈ​ព្រមទាំង​លទ្ធភាព​​ដើម្បី​ធ្វើ​រឿងនេះ​”​។​

​ក្រុម​តា​លី​បង់​ក៏​មើលឃើញ​ការហោះហើរ​ចេញ​របស់​អាម៉េរិក​ជា​ជោគជ័យ​ផងដែរ ដែល​ជា​ការកត់សម្គាល់​នៃ​ការ​ត្រឡប់មកវិញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​និង​ការបំបាក់​មហាអំណាច​ពិភពលោក​។​

​យុទ្ធជន​តា​លី​បង់​បាន​បាញ់​អាវុធ​ឡើង​លើ​មេឃ​ក្នុង​ទីក្រុង​កា​ប៊ុល​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​ដោយ​ភាព​រីករាយ​បន្ទាប់​ពី​យន្តហោះ​អាម៉េរិក​ចុងក្រោយ​បាន​ហោះ​ចេញ​។​ក្រោយមក​ពួកគេ​បាន​​សម្រុកចូល​អាកាសយានដ្ឋាន​ដ៏​ធំ​របស់​រដ្ឋធានី​។​

​អ្នកនាំពាក្យ​តា​លី​បង់​លោក ហ្សា​ប៊ី​ហ៊ុ​លឡា មូចា​ហ៊ីដ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​លើ​ផ្លូវ​រត់​ក្នុង​អាកាសយានដ្ឋាន​យ៉ាង​ដូច្នេះ​ថា​”​អបអរសាទរ​អា​ហ្វ​ហ្គានី​ស្ថាន​…​ជ័យជម្នះ​នេះ​គឺជា​របស់​​យើងទាំងអស់គ្នា​”​។

​លោក​មូចា​ហ៊ីដ​និយាយថា ជ័យជម្នះ​របស់​តា​លី​បង់​គឺជា “​មេរៀន​សម្រាប់​ពួក​ឈ្លានពាន​ដទៃទៀត​”​។

​ក្នុង​ទីក្រុង​កាន់​ដា​ហា​ជា​ទីកន្លែង​កំណើត​របស់​ចលនា​តា​លី​បង់​និង​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អា​ហ្វ​ហ្គានី​ស្ថាន អ្នកគាំទ្រ​រាប់ពាន់​នាក់​បាន​ចេញមក​អបអរ​តាម​ដងផ្លូវ​យ៉ាង​សប្បាយ​រីករាយ​៕

លោកបៃ​ដិនថា​ការចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​អាម៉េរិក​