​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ និង​រំសាយ​ទៅកាន់​មណ្ឌល​សុខភាព​វិញ​។

​លោក​អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សូម​កោតសរសើរ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក​។

​លោក​អភិបាលខេត្ត បាន​បន្តថា​ក្រោយពី​ការរំសាយ​ក្រុមគ្រូពេទ្យ​នឹង​ទៅ​បំពេញការងារ​តាម​មណ្ឌល​សុខភាព​ដើម​វិញ ម្យ៉ាងទៀត​ក្រុមគ្រូពេទ្យ​យើង​មាន​ជំនាញ​បច្ចេកទេស​ក្នុង​ការយក​សំណាក​កូ​វីដ​-១៩ និង​ការព្យាបាល ដោយសារតែ​សកម្មភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ទើប​យើង​សម្រេច​រំសាយ​ក្រុមគ្រូពេទ្យ​ទៅកាន់​មណ្ឌល​សុខភាព​វិញ​។

​រដ្ឋបាលខេត្ត នឹង​ចងចាំ​គុណ​តម្លៃ​ក្រុមគ្រូពេទ្យ ដែល​បំពេញការងារ​នៅ​សមរភូមិ​មុខ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ម្យ៉ាងទៀត​ក្រុមគ្រូពេទ្យ​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​របស់​យើង ។

​ក្នុងឱកាស​នោះ​លោក អភិបាលខេត្ត សូម​ចូលរួម​សោកស្តាយ​ចំពោះ​ក្រុមគ្រួសារ​សព​អ្នក​គ្រូពេទ្យ អ៊ឹម ស្រី​និ ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស ដែលជា​វីរភាព​ដ៏​ល្អ​ប្រពៃ​ក្នុង​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត សូមឱ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ​ពេទ្យ​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ក្នុងឱកាស​នោះ​លោក អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិការ​ចំនួន ១.២០០.០០០ រៀល​៕​