ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ ពីលោក ឡុង ឌីម៉ង់ ឯកអគ្គ រាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងសហការី ទីបំផុតសមាគម និស្សិតខ្មែរ នៅកូរ៉េ មានទីស្នាក់ការ ផ្ទាល់ខ្លួនហើយ នៅទីក្រុងសេអ៊ូល បន្ទាប់ពីបាន បង្កើតសមាគមនេះ អស់រយៈពេល ៨ ឆ្នាំ។ នេះជាសមាគមនិស្សិតកម្ពុជាទី១ នៅក្រៅប្រទេស ដែលមានទីស្នាក់ការផ្ទាល់ខ្លួន។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ទីស្នាក់ការសមាគមនិស្សិតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េ បានប្រព្រឹត្តទៅ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និង លោក Yu Changhyung តំណាងសមាគម Happy Dream Association ដែលជាសប្បុរសជន ឧបត្ថមដល់ការជួលអគារ នៅសង្កាត់ហាន់ណាំ ខណ្ឌយ៉ុងសាន ទីក្រុងសេអ៊ូល និងមានការចូលរួមពីមន្ត្រីទូត និងនិស្សិត ក្រោមបរិយាកាសរីករាយ និងក្ដីរំភើប។
សមិទ្ធផលថ្មីនេះ ត្រូវបានមជ្ឈដ្ឋាន ក្រុមនិស្សិតខ្មែរ ក៏ដូចជាបងប្អូនរស់នៅ និងរៀសូត្រ នៅកូរ៉េ បានចាត់ទុកលោកទូត ឡុង ឌីម៉ង់ បានបង្កើតព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សម្រាប់និស្សិតកម្ពុជា កំពុងសិក្សា នៅប្រទេសកូរ៉េ ២ថ្ងៃមុន ចប់អាណត្តិបេសកកម្ម ជាឯកអគ្គរាជទូត។
នៅក្នុងរបាយការណ៍ស្វាគមន៍ នៃពិធីសម្ពោធ លោកស្រី តូច ពិសី ប្រធានសមាគម និស្សិតកម្ពុជា អាណត្តិទី៨ បានលើកឡើងថាៈ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ សឹងតែពុំនឹកស្មាន ដល់ សម្រាប់ក្រុមប្រឹក្សាភិបាល សមាគមគ្រប់ៗ អាណត្តិកន្លងមក ។
លោក ឡុង ឌីម៉ង់ ក៏បានផ្តាំផ្ញើប្អូនៗនិស្សិត សូមប្រើប្រាស់ទីតាំងនេះ ប្រកបដោយ គុណភាព និងគុណតម្លៃ ហើយសង្ឃឹមថា ទីស្នាក់ការនេះ នឹងជាកន្លែងផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ និងជួយដោះស្រាយ បញ្ហានានារបស់ប្អូនៗ និស្សិត ក្នុងកំឡុងពេលសិក្សា នៅកូរ៉េ៕/V-PC