ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​លោកស្រី ព្រមទាំង​សប្បុរសជន បាន​អញ្ជើញ​ប្រគល់​អំណោយ​ជា​ថវិកា ចំនួន ៣ ពាន់​ដុល្លារ អង្ករ​ជាង ១៤ តោន អាវ​ភ្លៀង រួមទាំង​អំណោយ​ផ្សេងៗ មួយចំនួនទៀត ជូន​ដល់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​

​នៅក្នុង​ពិធី​នេះដែរ លោក ហ៊ុន ម៉ា​នី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​ការលះបង់​ដ៏​ធំធេង របស់​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្នុងការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ជាពិសេស​កម្លាំង ដែល​បាន​ការពារ តាម​គោលដៅ​បិទ​ខ្ទប់ គោលដៅ​ព្យាបាល គោលដៅ​ច​ត្តា​ឡី​ស័ក ក្នុងដំណាក់កាល នៃ​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ នគរបាល រាជធានី​ភ្នំពេញ បាន​ថ្លែងថា ជំនួសមុខ​ឱ្យ​កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ មាន​សេចក្ដីសោមនស្ស​រីករាយ​ឥតឧបមា​ចំពោះ​សន្ដាន​ចិត្ត ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​សប្បុរសជន ដែល​បាន​ជួយឧបត្ថម្ភ ជា​ថវិកា​ចំនួន ៣,០០០ (​បី​ពាន់​) ដុល្លារ អង្ករ​ចំនួន ១៤.៥ តោន ត្រីខកំប៉ុង​ចំនួន ២០០ (​ពីរ​រយ​) កេស អាវ​ភ្លៀង​ចំនួន ១,០០០ (​មួយ​ពាន់​) អាវ ភេសជ្ជៈ​កូកាកូឡា​ចំនួន ២០០ (​ពីរ​រយ​) កេស ទឹក​សម្លាប់​មេរោគ​ចំនួន ២ (​ពីរ​) ធុង និង​វីតាមីន​C ចំនួន ៥ (​ប្រាំ​) កេស សម្រាប់ ប្រើប្រាស់ ក្នុងការ បង្ការ និង ទប់ស្កាត់ ការឆ្លង រីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បន្តថា កាយវិការ​ដ៏​ឧត្ដុ​ង​ឧត្ដម​នេះ​ពិតជា​បាន ឆ្លុះបញ្ចាំង ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ ដែល​បាន​ឆ្លៀត ឱកាស​ពី​ការ​មមាញឹក​ចូលរួម​គៀគរ សប្បុរសជន ជួយ​បំពេញ ការខ្វះខាត​របស់​កង កម្លាំង​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យមាន​ស្មារតី និង​ឆន្ទៈ​ក្នុងការ​បំពេញ ភារកិច្ច​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព សង្គម ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក្នុងនាម​កងកម្លាំង​នគរបាល ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ ជូន​ចំពោះ ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​សប្បុរសជន សូមឱ្យ​មាន​សុខ​ភាពល្អ និង​សម្រេចបាន ជោគជ័យ គ្រប់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ៕​/PC