ដោយៈ សុផល / ភ្នំពេញ៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិ អង្គការព្រះពុទ្ធសាសនា ដើម្បីអប់រំនៃកម្ពុជា, ជារាជាគណៈ ថ្នាក់កិត្តិយស គង់នៅវត្ត កំផែង ខេត្តបាត់ដំបង និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិ ភាសាខ្មែរ នៃរាជបណ្ឌិត្យសភា កម្ពុជា បានមានសង្ឃដីកា លើកឡើងពីសារសំខាន់ នៃធម៌ចំនួនបីប្រការ ដែលរួមមានៈ សច្ចៈ ខន្តី និង កតញ្ញូ។
ព្រះតេជគុណ បានមានថេដីកាថាៈ «យើងមិនអាចកសាងសង្គមមួយ ឱ្យរីកចម្រើន បានទេ បើមនុស្ស ក្នុងសង្គម គ្មានសច្ចធម៌ ពេញទៅដោយ មនុស្សកុហកគ្នា បោកប្រាស់គ្នា បាត់បង់សំដីទៀងត្រង់ គ្មានខន្តី ដែលជាអលង្កា របស់អ្នកប្រាជ្ញ ជាគ្រឿងលម្អ របស់អ្នកប្រាជ្ញ និងគ្មានកត្តញ្ញូទេនោះ»។
ព្រះតេជគុណ បានមានសង្ឃដីកាដូច្នេះ ក្នុងពេលសំណេះសំណាល ជាមួយ សាស្ត្រាចារ្យ និងនិស្សិត ជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី៣១ ខែសីហា។
ជាឱវាទទុកដល់សិស្ស និស្សិត យកទៅពិចារណា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះអង្គ បានលើកឡើង នូវកំណាព្យមួយឃ្លាថាៈ កើតជាអង្គ ពង្សជា មនុស្ស ប្រុសឬស្រី មានសម្តី ថ្វីគំនិត គិតគ្រប់ប្រាណ ត្រូវប្រឹងរៀន រៀនឱ្យចេះ ចេះចំណាន ទើបជាតិបាន ឋានខ្ពង់ខ្ពស់ យសថ្កុំថ្កើង។ កើតជាខ្មែរ សែពូជពង្ស វង្សអង្គរ ត្រូវសាទរ ទ្រលើកស្ទួយ ជួយជាតិខ្មែរ ឱ្យថ្កើងយស ខ្ពស់ជោគជ័យ ល្បីពូកែ ជាប់ហូរហែ ខ្មែរមានរិទ្ធ ពិតដូចដើម។ យើងមានកំណើត កើតជាខ្មែរ ជាតិខ្លាំងពូកែ ផ្នែកអាស៊ី ត្រូវខំធ្វើការ ខំសាមគ្គី បំពេញនាទី ពូជអង្គរ”។
ថ្លែងក្នុងពិធីសំណេះសំណាល នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យពូកែ មានឆន្ទៈខ្ពស់ ក្នុងការសិក្សា ទើបអាចទទួលបាន ភាពជោគជ័យ បើមិនមិនដូច្នោះទេ មិនអាចរកការងារ បានធ្វើឡើយ។
លោកទេសរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍ នៃការសិក្សារបស់លោក កាលសិក្សា នៅសហរដ្ឋអាមេរិក និងបទពិសោធន៍ បម្រើក្នុងវិស័យឯកជន នៅក្នុងក្រុមហ៊ុនធំមួយ នៅ សហរដ្ឋអាមេរិក ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថាៈ និស្សិតត្រូវការពារមុខមាត់ និងតម្លៃរបស់ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ត្រូវមានមោទនភាពថា យើងបានចូលរៀន នៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាវិទ្យាស្ថានតែមួយគត់ នៅកម្ពុជា ដែលបណ្ដុះបណ្ដាលសិស្ស និស្សិត ឱ្យ ក្លាយជាវិស្វករ អាចកសាងផ្លូវ ស្ពាន មានគុណភាព ជូនប្រទេសជាតិ មាតុភូមិយើង ដូនតាយើងបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត ដោយគ្មានកុំព្យូទ័រ គ្រឿងចក្រទំនើប ដូចសព្វថ្ងៃនេះ ប៉ុន្តែលោកអាចធ្វើបាន ប្រកបដោយគុណភាព។
លោកទេសរដ្ឋមន្ត្រី ចង់ឃើញកូនខ្មែរ មានសមត្ថភាព បច្ចេកទេស និងចំណេះដឹង ជំនាញ អាចកសាង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងស្ពានក្រោមដីបាន និង បានជំរុញលើកទឹកចិត្ត ឱ្យសិស្ស និស្សិត ខិតខំប្រឹងប្រែងរៀនសូត្រឱ្យចេះ ដើម្បីយកចំណេះវិជ្ជាទៅជួយ កសាងប្រទេសជាតិ មាតុភូមិ ឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពគ្រួសារ បងប្អូន មិត្តភ័ក្ត សាស្ត្រា ចារ្យ ថ្នាក់ដឹកនាំ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំ ប្រទេសជាតិយើងផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថាៈ វិទ្យាស្ថាន បានចុះអនុស្សា រណៈ យោគយល់ ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសចិន ក្រុមហ៊ុនឯកជននានា និងបន្តខិតខំ ប្រឹងប្រែង ទំនាក់ទំនងរកសាស្ត្រាល្អៗ មកបង្រៀននិស្សិតយើង ដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូពីចម្ងាយដើម្បីបង្កើន ចំណេះដឹង ឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែនិស្សិតយើង ត្រូវមានឆន្ទៈខ្លួនឯង ដាក់ចិត្តដាក់កាយ រៀនសូត្រឱ្យពូកែ ដើម្បីយកចំណេះដឹង ទៅបម្រើប្រទេសជាតិ មាតុភូមិ មិនមែនរៀន ដើម្បីចប់ នោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានល្អៗ ដល់សិស្សផងដែរថាៈ ក្នុងនាមជានិស្សិត ក្រៅពីការខិតខំ ប្រឹងប្រែង រៀនសូត្រ ត្រូវធ្វើខ្លួនជាមនុស្សល្អ ក្នុងសង្គមត្រូវចូលរួម ធ្វើយ៉ាងណា ឱ្យប្រទេសជាតិយើង មានការរីកចម្រើន ដូចពាក្យស្លោកមួយឃ្លាថា យើងមិនអាចរស់លើកោះ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហ៊ុមព័ទ្ធដោយសមុទ្រ ក្រីក្របានទេ យើងមានតួនាទី ភារកិច្ច ជួយពង្រីកកោះ ដែលមានសម្បត្តិស្តុក ស្តម្ភនោះឱ្យធំ ហើយបង្រួញសមុទ្រក្រីក្រ ឱ្យនៅរួមតូចបំផុត ដើម្បីប្រជាពលរដ្ឋយើង និងពាក្យស្លោកមួយ ចំនួន ទៀតថា “ បើអ្នកមិនដឹងថា ទៅផ្លូវណា ផ្លូវណា ក៏នាំអ្នកទៅទីនោះដែរ” , “សំដីអត់ប្រយោជន៍ នាំគ្រោះដល់ជាតិការងារមាន ប្រសិទ្ធភាព នាំជាតិរុងរឿង” ដូច្នេះកុំនិយាយអ្វី អត់បានការ នាំឱ្យខ្មែរឈ្លោះគ្នា នាំឱ្យគេមើលងាយជនជាតិយើង និងត្រូវរួបរួមគ្នា កសាងប្រទេសជាតិយើង ឱ្យបានរុងរឿង៕/V-PC