ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខាទិញយកកីឡាករសញ្ជាតិជប៉ុន តាកេហ៊ីរ៉ូ តូមីយ៉ាស៊ូ ពីក្រុម Bologna និងអនុញ្ញាតឱ្យខ្សែការពារ ហិកទ័រ បែលឡឺរីន ចាកចេញទៅក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងអំឡុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករដ៏មមាញឹក (៣១សីហា)។
កីឡាករអន្តរជាតិជប៉ុនតូមីយ៉ាស៊ូ ដែលអាចលេងបានទាំងខ្សែការពារស្តាំនិងខ្សែការពារកណ្តាល បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងនៅឯទឹកដី Emirates Stadium បន្ទាប់ពីបានបង្ហាញខ្លួនចំនួន ៦៣ លើកសម្រាប់ក្រុមនៅក្របខ័ណ្ឌ Serie A រយៈពេលពីររដូវចុងក្រោយនេះ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានតំណាងឱ្យប្រទេសរបស់គេនៅឯព្រឹត្តិការណ៍កីឡាតូក្យូរដូវក្តៅនេះហើយបច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចអន្តរជាតិឱ្យក្រុមបាល់ទាត់ជម្រើសជាតិ ដែលនឹងពន្យារពេលការមកដល់របស់គេនៅភាគខាងជើងទីក្រុងឡុងដ៍។
អ្នកចាត់ការទូទៅលោក មីគែល អាតិតា បានប្រាប់វេបសាយផ្លូវការរបស់ក្លិបថា “តាកេហ៊ីរ៉ូគឺជាខ្សែការពារដ៏រឹងមាំម្នាក់ដែលមានបទពិសោធន៍ល្អនៅ Serie A និងនៅកម្រិតអន្តរជាតិ។រូបគេជាខ្សែការពាររឹងមាំម្នាក់ដែលមានគុណភាពការពារល្អ មានសមត្ថភាពបច្ចេកទេសខ្ពស់ និង អាចគ្រប់គ្រងបាល់បានយ៉ាងអស្ចារ្យ។ រូបគេនឹងក្លាយជាសមាជិកសំខាន់នៃក្រុមរបស់យើង។ យើងទន្ទឹងរង់ចាំតាកេហ៊ីរ៉ូចូលរួមជាមួយយើង នៅពេលគេត្រឡប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិវិញ”៕
ខ្សែការពារជប៉ុន តាកេហ៊ីរ៉ូ តូមីយ៉ាស៊ូ