​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ចំណងជើង​កាសែត​ធំៗ​នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុងប្រទេស​អ៊ីតាលី​គឺ​ការចាកចេញ​របស់​កីឡាករ​កំពូល​ម្នាក់​ទៀត​ពី​ក្របខ័ណ្ឌ Serie A​។​

​ក្រុម​សេះបង្កង់ Juventus បានសម្រេច​លក់​កីឡាករ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ឱ្យ​ទៅ​ក្រុម​បិសាច​ក្រហម Manchester United​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​សីហា​ហើយ​កីឡាករ​បាល់ទាត់​​ឆ្នើម​ពិភពលោក ៥ សម័យកាល​រូបនេះ​បាន​ដើរ​តាម​គន្លង​របស់​កីឡាករ រ៉ូ​មេលូ លូ​កា​គូ​, អា​ស្រា​ហ្វ ហា​គីមី និង ចាន​លី​ជី ដូន​ណា​រូ​ម​ម៉ា​ដែល​បាន​ចាកចេញ​ពី​ប្រទេស​អ៊ីតាលី​កាល​ពី​ដើមរដូវ​​កាល​ថ្មី​។​

​វា​ក៏​មាន​ការ​លួង​ចិត្ត​ខ្លះ​ដែរ​សម្រាប់ Juventus បន្ទាប់​ពី​ប្រកាស​ពី​ការចាកចេញ​របស់​រ៉ូ​ណាល់​ដូ ដោយ​ក្លិប​បាន​ធានា​បាន​នូវ​កីឡាករ​ជំនួស​ម្នាក់​។​

​ក្រុម​សេះបង្កង់ Juventus បាន​និយាយថា កីឡាករ​ម៉​យ គៀន បាន​ត្រឡប់​មក​វិញ​ពី​ក្លិប Everton ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជាមួយ​នឹង​ជម្រើស​ទិញ​ផ្តាច់​តែម្តង​។​ខ្សែប្រយុទ្ធ​អ៊ីតាលី​រូប​​នេះ​នឹង​មាន​តម្លៃ​ខ្លួន ៨,៣ លាន​ដុល្លារ​សម្រាប់​ការខ្ចី​ជើង​ពីរ​រដូវ និង ៣៣ លាន​ដុល្លារ​សម្រាប់​ការទិញ​ផ្តាច់​ជា​អចិន្ត្រៃយ៍​។​

​គៀន​បានចាប់ផ្តើម​អាជីព​របស់​គេ​នៅ​ក្លិប Juventus ក្នុង​ឆ្នាំ ២០១៦ ដោយ​បាន​ចូលរួម​ជាមួយ​ក្លិប​កាលពី ៦ ឆ្នាំមុន​។ រូបគេ​បាន​ផ្ទេរ​ទៅ Everton ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​មិន​បាន​ជាប់​ជម្រើស​ដំបូង​ជាប់លាប់​ទេ ហើយ​ត្រូវបាន​ខ្ចី​ជើង​ទៅ​ក្លិប Paris Saint-Germain កាល​ពី​រដូវ​កាល​មុន​។​

​គៀន​នឹង​បំពេញ​ចន្លោះប្រហោង​នៅក្នុង​ក្រុម​ដែល​បន្សល់​ដោយ​រ៉ូ​ណាល់​ដូ ដែល​ផ្ទេរ​ទៅ Manchester United ជា​លើក​ទី​ពីរ​នៅ​ទឹកដី Old Trafford៕

ម៉​យ គៀន ត្រឡប់មក Juventus ពី Everton ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពីរ​ឆ្នាំ​