ដោយៈ​សុផល​/​ភ្នំពេញ​៖ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង (AUF) សហការ​ជាមួយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​នៃ​ទីក្រុង​ហូជីមិញ នា​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២១​ បានរៀបចំ​សន្និសីទ​ថ្នាក់​តំបន់​តាម​អន​ឡាញ​មួយ​ស្តីអំពី​”​ការអភិវឌ្ឍ​ការបណ្តុះបណ្តាល​គំរូ​ដោយ​វិធី​ឆ្លាស់​ដែល​អាច​សម្រប​ទៅតាម​បរិបទ​សិក្សា​នៃ​សាកលវិទ្យាល័យ​ទាំងឡាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​” ។​

​សិក្ខាកាម​ដែល​ចូលរួម​វេទិការ​នេះ​ជា​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ សាស្ត្រាចារ្យ​តាម​បណ្តា​សាកល វិទ្យាល័យ អ្នកស្រាវជ្រាវ និង​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​បណ្តុះបណ្តាល ប្រមាណ​៣០០​នាក់​មកពី​ប្រទេស​ជាច្រើន​ក្នុង​តំបន់​រួមមាន​វៀតណាម ឡាវ ថៃ ម៉ុង​ហ្គោ​លី វ៉ា​ណា​ទូ នូ​វែ​ល​កាលេ​ដូ​នី និងប្រទេសជាច្រើនទៀត។​

​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការ​ណ៏​នេះ លោក SLIM Khalbous សាកលវិទ្យាធិការ​នៃ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​បាន​បញ្ជាក់ថា៖អាស៊ី​ស្ថិតក្នុង​ការផ្លាស់ប្តូរ​មួយ​ដ៏​ស៊ី​ជំរៅ​ដែល​បញ្ជាក់​ច្បាស់​តាមរយៈ​វិស័យ​អប់រំ​និង​ការបណ្តុះបណ្តាល​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា ។ ការអប់រំ​ជា​កត្តា​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ផ្តោតលើ​គុណភាព​ជាពិសេស ។​

លោក​បាន​បន្តថា​ដើម្បី​ឈានដល់​គោលដៅ​នេះ ការបណ្តុះបណ្តាល​តាម​ជំនាញ​ក្នុងប្រទេស​ជាច្រើន​បាន​ផ្សារភ្ជាប់​នូវ​តួអង្គ​សំខាន់ៗ​ចំនួន​បី រួមមាន – និស្សិត​ដែល​នឹង​ក្លាយជា​អនាគត​និ​យោ​ជិ​ក​សាកល​វិទ្យាល័យ​បើកចំហរ​ទៅរក​វិស័យ​ឯកជន​និង​ក្រុមហ៊ុន​ដែលជា​អនាគត​និយោជក​នៃ​យុវជន​ទាំងឡាយ​ដែល​នឹង​ប្រឡូក​ចូលក្នុង​ទីផ្សារការងារ ។​

​ស្ថិត​ក្នុងន័យនេះ​AUF​បាន​គៀងគរ​ធនធាន​និង​ចំណេះដឹង​ទាំងឡាយ​ពី​ប្រភព​នៃ​ហ្វ្រ​ង់​កូ​ហ្វូ​នី​វិទ្យា​សា​ស្ត្រ​ដែល​AUF​បាន​កសាង​ជា​បណ្តាញ​នៅលើ​ពិភពលោក​ដើម្បី​គាំទ្រ​ប្រព័ន្ធ​អប់រំ​និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ស្តីអំពី​បញ្ហា​ចោទ​លើ​ភាព​ទទួលបាន​ការងារ​ធ្វើ​ដើម្បី​ផ្តល់​ឳ​កាស​ដល់​យុវជន​ដែល​នឹង​បញ្ចប់​ការសិក្សា​អោយបាន​កាន់តែ​ប្រសើរ ។​

​សូមបញ្ជាក់ថា​សន្និសីទ​ដែល​រៀបចំឡើង​មួយ​ព្រឹក​ធំ​នេះ ផ្តោតជាសំខាន់​លើ​ការបណ្តុះបណ្តាល​គំរូ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយចំនួន​ក្នុង​តំបន់​អាស៊ី​និង​តំបន់​ផ្សេងទៀត​ដោយ​សហការ​ណ៏​ជាមួយ​វិស័យ​ឯកជន​លើ​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​ឆ្លាស់គ្នា​រវាង​ការសិក្សា​ទ្រឹស្តី​នៅតាម​គ្រឹះស្ថាន​សិក្សា​​និង​ការប្រតិបត្តិ​ឬ​អនុវត្តន៍​ជាក់ស្តែង​នៅតាម​ក្រុមហ៊ុន ។ វា​ជាការ​បណ្តុះបណ្តាល​មួយ​ដែល​សម្រប​តាម​តម្រូវការ​ជាក់ស្តែង​នៃ​វិស័យ​ឯកជន​។​វាគ្មិន​បានបង្ហាញ​អំពី​ការកសាង​មូលដ្ឋាន​នៃ​ការ​សិក្សា​និង​ការបញ្ចូល​កម្មវិធី​នានា​តាម​សាកលវិទ្យាល័យ​និង​គំរូ​មួយចំនួន​នៃ​ការបណ្តុះបណ្តាល​ដោយ​សហការ​ណ៏​ជាមួយ​វិស័យ​ឧស្សាហកម្ម​នៅក្នុង​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​នៃ​ទីក្រុង​ហាណូយ ។​

​ក្រោយពី​បានធ្វើ​បទ​បង្ហាញ​រួម​មក សិក្ខាកាម​ត្រូវបាន​បែង​ចែកជា​ក្រុម​តូចៗ​ដើម្បី​ពិភាក្សាគ្នា​លើ​ប្រធាន​បទ​បី​ផ្សេងគ្នា​រួមមាន – ថ្នាក់ដឹកនាំ​គោលដៅ​ក្នុងការ​រៀបចំ​សម្រប​កម្មវិធី​បណ្តុះបណ្តាល​តាម​សាកលវិទ្យាល័យ​ស្របទៅតាម​សេចក្តីត្រូវការ​នៃ​ទីផ្សារការងារ -​ការ​ឆ្លាស់គ្នា​និង​នីតិវិធី​នានា​ផ្តោត​លើ​បញ្ហា​ប្រឈម កា​រត​ព្វ​កិច្ច និង​ការអនុវត្តន៍ – កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​អន្តរជាតិ​ក្នុង​វិស័យ​បណ្តុះបណ្តាល​ឆ្លាស់​ដោយមាន​ការបង្ហាញ​នូវ​បទពិសោធន៍​នៃ​ដៃគូរ​ឯកជន​ក្នុង​វិស័យ​ឧស្សាហកម្ម​សិប្បកម្ម​និង​សេវាកម្ម​។​បន្ទាប់មក​សិក្ខាសាលា​បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​ដោយមាន​ការធ្វើ​សេចក្តី​សង្ខេប​ខ្លឹមសារ​តាម​ក្រុម​និ​មួយៗ​ដើម្បី​ចែករំលែក​ដល់​អង្គ​សន្និសីទ​ទាំងមូល​បាន​ជ្រាប ។​

​ការបណ្តុះបណ្តាល​តាម​វិធី​ឆ្លាស់​នេះ​ទើប​ត្រូវបាន​បង្កើតឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តាម​គ្រឹះ​ស្ថាន​​មួយចំនួន​ក្នុង​តំបន់​ដែល​បង្ហាញ​នូវ​ប្រសិទ្ធិភាព​និង​សមត្ថភាព​យ៉ាងសំខាន់​ក្នុង​ទីផ្សារការងារ ។ ស្ថិតក្នុង​គោលដៅ​នេះហើយ AUF បាន​បង្កើត​មជ្ឈមណ្ឌល​ការងារ​ហ្វ្រ​ង់​កូ​ហ្វូ​ន (CEF) ដែល​នឹង​ស្នើ​នូវ​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ផ្តោតលើ​ជំនាញ ។ CEF ក៏​ជា​កន្លែង​ជួបជុំ​ផ្លាស់ប្តូរ​រវាង​សាកល​វិទ្យាល័យ និង​តួអង្គ​សង្គម​សេដ្ឋកិច្ច​ជាច្រើន​ផងដែរ ។ AUF បាន​នឹង​បង្កើត​មជ្ឈមណ្ឌល​ការងារ​ហ្វ្រ​ង់​កូ​ហ្វូ​ន​( CEF) ជាង​៨០០​មជ្ឍមណ្ឌល​នៅ​ជុំវិញ​ពិភពលោក និង​ផ្សារភ្ជាប់​មជ្ឈមណ្ឌល​នេះ​ឱ្យខិត​ជិត​គ្នា​រវាង​ទៅ​វិស័យ​អប់រំ​និង​វិស័យ​ឯកជន៕Ph​