​ដោយៈ យោធិន / ព្រែក​ក្តាម​-​កណ្ដាលៈ សិក្ខាកាម​កងទ័ព​មួក​ខៀវ នៃ​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ចំនួន ៣៧ នាក់ មុន​ចេញ​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក កណ្តាល ក្នុង​ឆ្នាំ​២០២២ កំពុងធ្វើការ​ហ្វឹកហាត់ ជាក់ស្តែង រយៈពេល​១​ខែ លើ​ជំនាញ​ជួយសង្គ្រោះ ជនរងគ្រោះ ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ ទឹកជំនន់​កើតឡើង ដោយ​ធម្មជាតិ និង​បង្កើន​សមត្ថភាព ជំនាញ សម្រាប់​បេសកកម្ម រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ដែល​ហ្វឹកហ្វឺន ដោយ​យោធា​ចា​រ្យ មកពី​បញ្ជាការដ្ឋាន កងទ័ពជើងទឹក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្នុង​ដំណើរ​ចុះ​ពិនិត្យ ការងារ​ហ្វឹកហាត់ របស់​សិក្ខាកាម នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ បានបញ្ជាក់​ថាៈ សិក្ខាកាម ជា​ទាហាន​មួក​ខៀវ​កម្ពុជា បានចាប់ផ្តើម​ហ្វឹកហ្វឺន​ជំនាញ​នេះ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។ ក្រោយ​បញ្ចប់ វគ្គ​ហ្វឹកហាត់​នេះ សិក្ខាកាម​ទាំងអស់ នឹង​បន្ត​វគ្គ​ហ្វឹកហាត់ កាណូត​រុញ​ពោង ស្ពានដែក ចល័ត (PMP) ជា​សា​ឡង់ ជា​ស្ពាន​ពោង​បណ្តែត​ទឹក និង​រថយន្ត​ស្ពាន ដែក​ចល័ត​TMM ដោយហេតុថា ការងារ​ហ្វឹកហាត់ ខាងលើនេះ គឺ​ត្រូវអនុវត្ត​ជាក់ស្ដែង​ច្រើន នៅក្នុង​តំបន់​បេសកកម្ម អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​សូមបញ្ជាក់ថាៈ ក្នុង​វគ្គ​ហ្វឹកហាត់​សង្គ្រោះ​គ្រោះមហន្តរាយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ឱ្យ​អូប័រ សម្រាប់ធ្វើ​ការហ្វឹកហាត់ ចំនួន ២៥ គ្រឿង​ផងដែរ​។​

​ជាមួយគ្នានេះដែរ សិក្ខាកាម និង​យោធា​ចា​រ្យ ត្រូវបាន​យក​សំណាក មុន​ចូល​ហ្វឹកហាត់ វគ្គ​ជំនាញ​កងទ័ពជើងទឹក ខាងលើនេះ ៕/V​