ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោក ជា ពិសី ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខណ្ឌទួលគោក និងជាអភិបាលខណ្ឌ អមដំណើរដោយមន្ត្រីជាច្រើនរូប បានចុះជួបសំណេះសំណាល ជាមួយកងកម្លាំង នៃមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក។
នាឱកាសសំណេះសំណាល ខាងលើនេះ លោកអភិបាលខណ្ឌ បានផ្ដល់ការណែនាំ ដល់កងកម្លាំង នគរបាលទាំងអស់ ត្រូវតែយកចិត្តទុកដាក់ អនុវត្តតួនាទី និងភារកិច្ច បំរើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ត្រូវតែពង្រឹងកិច្ចការងារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល ស្ដីអំពីការថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាព ក្នុងមូលដ្ឋាន អោយបានល្អប្រសើរ និងការផ្ដល់សេវាល្អ ជូនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ បានបន្តទៀតថាៈ កងកម្លាំងទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួននូវ ស្មារតីសាមគ្គីភាព ផ្ទៃក្នុង ជាធ្លុងមួយដ៏រឹងមាំ យកអស់កម្លាំងកាយចិត្ត ខិតខំបំរើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ប្រកបដោយភក្ដីភាពបំផុត ឥតងាករេ និងបំរើប្រជាពលរដ្ឋ ប្រកបដោយភាព ស្មោះត្រង់ ហើយត្រូវតែចាត់ទុក ផលប្រយោជន៍ជាតិជាធំ និងចាត់ទុក ប្រជាពលរដ្ឋ ជាម្ចាស់។ លើសពីនេះទៅទៀត កងកម្លាំងទាំងអស់ ត្រូវតែរួបរួមគ្នា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ១៩ ជាមួយ រាជរដ្ឋាភិបាល ជាពិសេស ត្រូវតែប្រឆាំងដាច់ខាតនឹង ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងទុច្ចរិត ចង់បំផ្លិចបំផ្លាញ សន្តិភាព ការអភិវឌ្ឍ និងភាពសុខដុមរមនា របស់ជាតិ និងប្រជាជន និងបន្តការពារ ដាច់ខាតរាជរដ្ឋាភិបាល ដែលប្រសូត្រឡើងដោយ ការបោះឆ្នោតស្របច្បាប់ ដែលមាន សម្ដេចតេជោ ជាប្រមុខដឹកនាំ។
ជាមួយគ្នានោះ អភិបាលខណ្ឌ បានឧបត្ថម្ភថវិកា លើកទឹកចិត្តដល់ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ចំនួន ១.០០០.០០០ រៀល ផងដែរ៕/V