ដោយៈ ប.ខុន / ភ្នំពេញៈ ការធ្លាក់ភ្លៀង នៅល្ងាចថ្ងៃទី១ ខែកញ្ញា លើរាជធានីភ្នំពេញ សម្រាប់តំបន់ ក្នុងក្រុង មានកម្រិតរង្វង់ពី ៥១ ដល់ ៦០ មីលីម៉ែត្រ និងនៅចោមចៅ ៦២ មីលីម៉ែត្រ បង្កឱ្យមានការលិច លង់ផ្លូវ និងតំបន់ទំនាប មួយចំនួន ក្នុងរយៈពេលខ្លី ដោយសារបរិមាណទឹកភ្លៀង ធ្លាក់មានចំនួនច្រើន ក្នុងរយៈពេលខ្លី។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅយប់ថ្ងៃទី១ ខែកញ្ញា នេះ បន្ទាប់ពីភ្លៀងធ្លាក់លើក្រុង ភ្នំពេញ បានរាំងទៅវិញថាៈ ការធ្លាក់ភ្លៀងលើរាជធានីភ្នំពេញ នៅល្ងាចថ្ងៃនេះ (០១កញ្ញា) សម្រាប់តំបន់ក្នុងក្រុង ដូចជា ផ្សារដើមគរ បូកគោ និងតំបន់មួយចំនួនទៀត មានកម្រិត ក្នុងរង្វង់ពី ៥១ ទៅដល់ ៦០ មីលីម៉ែត្រ។ នៅចោមចៅ មានកម្រិត ៦២ មីលីម៉ែត្រ ទើបបង្កឱ្យមានការលិចលង់ នៅកន្លែងខ្លះ មួយរយៈពេលខ្លី។
សូមរំលឹកឱ្យដឹងថាៈ កម្រិតទឹកភ្លៀង ដែលបានធ្លាក់ រយៈពេល ២៤ ម៉ោង នៅរាជធានីភ្នំពេញ ត្រឹមព្រឹកថ្ងៃទី១ ខែកញ្ញា មានៈ ១៦ មីលីម៉ែត្រ នៅចាក់អង្រែ , ១៨ មីលីម៉ែត្រ នៅសាក់សំពៅ , ២២ មីលីម៉ែត្រ នៅទួលសង្កែ , ២៨ មីលីម៉ែត្រ នៅចោមចៅ និង ១០៥ មីលីម៉ែត្រ នៅសែនសុខ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ បានជូនដំណឹង ស្តីអំពីការព្យាក រអាកាសធាតុ សម្រាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហាថាៈ នៅក្នុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបឥណ្ឌា កម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយទទួលបន្ថែម នូវខ្យល់សមុទ្រ (Breeze)។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ អាចមានជំនន់ទឹកភ្លៀង កើតឡើងនៅតំបន់ខ្លះ។
សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីរតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រ នឹងអាចកើតមានឡើង ក្នុងកម្រិតមធ្យម ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ នៅក្នុងសេចក្តីជូនដំណឹងនេះ ឱ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រោះថ្នាក់ ដែលអាចនឹងកើតមានពីបាតុ ភូតធម្មជាតិនេះ ជាយថាហេតុ៕/V