​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​,​បាងកក​៖ អាជ្ញាធរ​សុខាភិបាល​វៀតណាម​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១១.៤២៩​នាក់​កាលពី​ថ្ងៃ​ពុធ ដោយ​ធ្លាក់​ចុះ​ចំនួន​១.១៦២​នាក់​ពី​ចំនួន​ឆ្លង​​កាលពី​ថ្ងៃ​អង្គារ​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ខាងលើ ទីក្រុង​ហូជីមិញ​នាំមុខ​គេ​គឺ​មាន​អ្នក​ឆ្លង​ថ្មី​៥.៣៦៨​នាក់ បន្ទាប់​មក​ខេត្ត​ប៊ិញ​ហ្វឿង​ក្បែរ​ខាង​ចំនួន​៣.៤៤០​នាក់ និង​ដុង​ណាយ​ភាគខាងត្បូង​ចំនួន​៧៥៩​នាក់​។​

​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ក៏​ធ្លាក់ចុះ គឺ​៤៣៣​នាក់​ត្រូវបាន​កត់ត្រា​ឃើញ​កាលពី​ថ្ងៃ​អង្គារ និង​៣៦៤​នាក់​កាលពី​ថ្ងៃ​ពុធ​។​

​វៀតណាម​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​៤៧៣.៥៣០​នាក់ ចាប់តាំងពី​ការផ្ទុះ​ជំងឺ​នេះ​នៅ​រលក​ទី​៤​អស់​ពេល​បួន​ខែ​មកនេះ តែ​២៤៨.៧២២​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​បាន​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​២០,២​លាន​នាក់ ក្នុងនេះ ២,៧​លាន​នាក់​ចាក់​បាន​២​ដូស​។​

​ចាប់ពី​យប់​ថ្ងៃ​ពុធ អាជ្ញាធរ​ក្រុង​ហាណូយ​ចាប់ផ្តើម​ជម្លៀស​អ្នកស្រុក​ប្រមាណ​១.២០០​នាក់​ក្នុង​សង្កាត់​ដែល​មាន​ការផ្ទុះកូ​វីដ​១៩​ជា​ចង្កោម​ធំ​បំផុត​ទៅ​កាន់​សកលវិទ្យា​ល័យ​មួយ​នៅ​ជាយក្រុង​

​នៅ​ប្រទេស​ថៃ ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក៏​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៤.៨០២​នាក់​សំរាប់​ថ្ងៃ​អង្គារ​។​វា​ជា​ចំនួន​ឆ្លង​ធ្លាក់​ចុះ​ដល់​ថ្ងៃទី​១៦​ជាប់ៗ​គ្នា ក្រោយ​​ពី​ប្រទេស​នេះ​ជួប​ការឆ្លង​ជាង​២៣.០០០​នាក់​កាលពី​ថ្ងៃ​១៣​សីហា​។​

​ថៃ​ក៏​បាន​ប្រកាស​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន​២៥២​នាក់​ទៀត​កាលពី​ម្សិលមិញ​។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ថ្ងៃ​១​មេសា​មក នៅពេលកូ​វីដ​១៩​រលក​ទី​៣​វាយប្រហារ​ថៃ​មក ប្រទេស​នេះ​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ១.១៩០.៦៦៨​នាក់ តែ​១.០១៣.៣៤២​នាក់​បាន​ជា​សះ​​ស្បើយ និង​១១.៧៤៧​នាក់​ស្លាប់​៕