​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​អោយដឹងថា ក្នុង​រយៈពេល ១៨​ថ្ងៃ ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ឃើញថា​ក្រោយពី​ដាក់អោយ​ដំណើរការ​លូ​ខ្នាត​ធំ អាង​ក្រោម​ដី ម៉ាស៊ីន​កាយ​សំរាម​ស្វ័យប្រវត្តិ និង​ស្ថានីយ៍​បូមទឹក​ថ្មី​វត្តភ្នំ តំបន់​ដែល​ធ្លាប់​លិច​ទឹក​ធ្ងន់ធ្ងរ​នៅ​ជុំវិញ​វត្តភ្នំ ផ្លូវ​លេខ ៤៧ ផ្លូវ​លេខ ៩០ ផ្លូវ​លេខ ៩២ និង​ផ្សារកណ្តាល ក្នុង​ខណ្ឌដូនពេញ មិន​រង​ការ​លិច​ទឹក​ទៀត​ទេ​។​

​ទន្ទឹង​នឹង​នេះ ការដ្ឋាន​ក៏បាន​ដាក់អោយ​ដំណើរការ​លូ​ខ្នាត​ធំ​បណ្តោះអាសន្ន​នៅ​ភូមិសាស្ត្រ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ ឃើញថា ស្តុ​ប​ផ្សារ​មាន់​អាំង ផ្លូវ​លេខ​៥៩២ មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក៏មាន​ភាពល្អប្រសើរ​មិន​រង​ការ​លិច​ទឹក​ទៀត​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​សំរាម​កកស្ទះ​មុខ​អណ្តូង​លូ នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន​ផង​។

​គួររំលឹកថា លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក Toshikazu TOKIOKA លេខា​ទី​១​ស្ថានទូត​ជប៉ុន ព្រមទាំង លោកស្រី Aya TOKUMOTO តំណាង​អង្គការ JICA បានធ្វើ​ពិធី​ដាក់អោយ​ដំណើរការ ម៉ាស៊ីន​ត្រង​សំរាម​ស្វ័យប្រវត្តិ​នេះ នៅ​សួនច្បារ​មាត់ទន្លេ CDC សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២១ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​ប្រទេស​ជប៉ុន​។

​គម្រោង​នេះ​បានដាក់​លូ​មេ​ជា​លូ​មូល និង​លូ​ប្រអប់​ខ្នាត​ធំ ដែលមាន​ទំហំ​ចាប់ពី​អង្កត់ផ្ចិត ១.៥​ម៉ែត្រ ដល់ ២.៣​ម៉ែត្រ សាងសង់​អាង​ក្រោម​ដី​ដែល​ស្តុក​ទឹកបាន ៦៥០០០​ម៉ែត្រគូប មាន​ទំហំ​បណ្តោយ ១៣៥​ម៉ែត្រ​ទទឹង ១៣​ម៉ែត្រ ជំរៅ ៤​ម៉ែត្រ និង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី មាន​សមត្ថភាព​បូមទឹក ១.៤​ម៉ែត្រគូប​ក្នុង​១​វិនាទី​។ គម្រោង​នេះ ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ជុំវិញ និង​ខាងជើង​វត្តភ្នំ រួមមាន​ផ្លូវ​លេខ ៤៧ ផ្លូវ​លេខ ៩០ ផ្លូវ​លេខ ៩២ ។​ល​។

​គួរ​បញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤ ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ០៤​ខែ​មិនា​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​០៤ របស់​ចៃ​កា​នេះ មាន​ទឹកប្រាក់ សរុប​ប្រមាណ​៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​គម្រោង​នេះ រួមមាន​ការសាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី ស្ថានីយ​បូមទឹក​របារ ត្រង់​សំរាម​មេកានិច​ប្រវត្តិ រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក ។

ក្នុងនោះ​ការសាងសង់​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់​ខាងជើង​វត្តភ្នំ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់ ខណ្ឌទួលគោក​ជាដើម​៕​