ដោយ: ម៉េងឆៃ / ភ្នំពេញ:កាលពីថ្ងៃទី១ ខែកញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឲ្យមន្ត្រីមួយរូប ចូលនិវត្តន៍ មុនអាយុ ចំណែកមន្ត្រី ៥រូបទៀត ត្រូវបានផ្លាស់ប្តូរកន្លែងធ្វើការ ព្រមទាំងទម្លាក់មួយឋានៈ។ សេចក្តីសម្រេចនេះ បានធ្វើឡើងដោយសារតែមន្ត្រីទាំង ៦នាក់ ប្រព្រឹត្តិកំហុស ដោយចេញប័ណ្ណបើកបរ ឱ្យប្រជាពលរដ្ឋ ដោយមិនមានសាម៉ីខ្លួន មកប្រឡង។
រូបថតៈលោក ស៊ុន ចាន់ថុល
សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ធ្វើឡើងតាមរបាយការណ៍អភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ របាយការណ៍របស់អភិបាលខេត្តស្វាយរៀង លើកឡើងថា មន្ត្រី ទាំង ៦នាក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានប្រព្រឹត្តកំហុសឆ្គងក្នុងវិជ្ជាជីវៈ និងពាក់ព័ន្ធលើការងាររៀបចំនីតិវិធីប្រឡងយកប័ណ្ណបើកបរយានយន្ត នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង។ ដូច្នេះដើម្បីធានាបាននូវប្រសិទ្ធភាពការងារ អភិបាលខេត្តស្វាយរៀង ស្នើសុំរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ដាក់ទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការ ដែលប្រព្រឹត្តកំហុសឆ្គងក្នុងវិជ្ជាជីវៈទាំង ៦នាក់នោះ។
ការដាក់ទោសទណ្ឌទៅលើមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការចេញប័ណ្ណបើកបរ មិនប្រក្រតីនេះ គឺជាជំហរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅតែបន្តអនុវត្តន៍ រហូត បើសិនជាមន្ត្រីក្រោមឱវាទក្រសួង នៅតាមបណ្តាខេត្តរាជធានីណា ហ៊ានប្រព្រឹត្តដូចករណី នៅខេត្តស្វាយរៀងនេះ គឺនឹងអាចឈានដល់ការដាក់ទោសធ្ងន់ធ្ងរជាងនេះទៀត។
ភាពមិនប្រក្រតីនៃការចេញប័ណ្ណបើកបរ តាមមន្ទីរសាធារណការ និងដឹកជញ្ជូន មិនថានៅរាជធានីភ្នំពេញ ឬក៏នៅតាមបណ្តាខេត្តនានាទូទាំងប្រទេសនោះទេ។ កន្លងមក មិនទាន់ចូលដល់កន្លែងប្រឡងយកប័ណ្ណបើកបរផង គឺមានអ្នកឈរចាំទាក់ម៉ូយ រត់ការធ្វើប័ណ្ណបើកបរ តាំងពីមុខ រហូតដល់ក្នុង។ ហាងឆេង នៅលើមាត់របស់អ្នករត់ការទាំងនោះ ដែលត្រូវរ៉ូវគ្នាជាមួយនឹងមន្ត្រីបម្រើការងារក្នុងកន្លែងប្រឡងយកប័ណ្ណបើកបរ។
នៅភ្នំពេញ រាងតឹងជាងគេបន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែ ក៏នៅតែគេអាចរត់ការ ដើម្បីបានប័ណ្ណបើកបរ ដោយការស៊កលុយ តាមតម្លៃ ដែលមន្ត្រីធ្វើការងារនេះ កំណត់។ ក្នុងនោះ ងាយស្រួលជាងគេ គឺតាមរយៈសាលារៀនបើកបរឯកជន។ ការបង់ថ្លៃ រៀនបើកបរ ទាំងទ្រឹស្តី និងទាំងដៃចង្កូត ជាការកំណត់របស់សាលារៀនបើកបរឯកជននិមួយៗ។ នៅពេលរៀនចប់ ដល់ថ្ងៃប្រឡង គឺបើបេក្ខជនណា មិនច្បាស់ខ្លួនឯង គឺអាចទាក់ទងតាមរយៈសាលារៀនបើកបរនោះ ហើយនិយាយឲ្យត្រូវគ្នាទៅ ថ្លៃប្រឡងទ្រឹស្តីប៉ុន្មាន? ហើយថ្លៃប្រឡងដៃចង្កូតប៉ុន្មាន?។
មួយបែបទៀត បើស្គាល់ ឬក៏ទាក់ទងមន្ត្រីធ្វើការងារនៅកន្លែងប្រឡង នៅកន្លែងចេញប័ណ្ណបើកបរ និងនៅកន្លែងចេញស្លាកលេខរថយន្ត ក៏អាចចេញប័ណ្ណបើកបរ ហើយបើនៅភ្នំពេញ ពិបាក គេអាចសារ៉េឲ្យអ្នកចង់បានប័ណ្ណបើកបរយានយន្តនោះ ទៅប្រឡងនៅមន្ទីរសាធារណការ និងដឹកជញ្ជូន តាមខេត្តណា ដែលជាខ្សែរយៈរបស់គេ។ ករណីនេះ តម្រូវឲ្យបុគ្គលអ្នកស៊កលុយ ចង់បានប័ណ្ណបើកបរទាំងនោះ ត្រូវបង្ហាញខ្លួន ទៅចូលរួមប្រឡងជាមួយគេឯង ហើយមេប្រយោគ ដែលជាមន្ត្រីទទួលបន្ទុក នឹងជួយសម្រួលតាមជំនាញរបស់គេ។
យ៉ាងណាក៏ដោយ នៅកន្លែងប្រឡងយកប័ណ្ណបើកបរ ទោះជាមានការស៊កលុយដូច្នេះមែន តែបើសិនជាមានបេក្ខជន ធ្វើត្រូវ ទាំងទ្រឹស្តី ដែលជាការប្រឡងបែប QGM សំណួរ ដែលមានចម្លើយជ្រើសរើស រួមទាំងការប្រឡងដៃចង្កូត គឺបើធ្វើត្រូវ ហើយបើកបរក្នុងឡាន កាន់ដៃចង្កូត ត្រូវតាមអ្វីដែលបានរៀនសូត្រ គឺបេក្ខជនទាំងនោះ ប្រឡងជាប់ ទទួលបានប័ណ្ណបើកបរ ដោយស្របច្បាប់ ត្រឹមត្រូវដែរ។
ក៏ប៉ុន្តែការរួមគំនិតគ្នា ដើម្បីទទួលបានប័ណ្ណបើកបរ ដែលមិនមែនបានដោយសមត្ថភាពនេះ គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។ គ្រោះថ្នាក់ទាំងមន្ត្រីជំនាញ ដែលឃុបឃិត ស៊ីលុយពីអ្នកចង់ប័ណ្ណបើកបរនោះ ហើយអ្នកចង់ប័ណ្ណបើកបរ ដែលមិនមានសមត្ថភាពប្រឡងឲ្យជាប់នោះ រឹតតែគ្រោះថ្នាក់ថែមទៀត ដោយសារតែខ្លួនមិនចេះចាំច្បាប់ ទ្រឹស្តី និងស្លាកសញ្ញាចរាចរណ៍ រួមទាំងដៃចង្កូត បើកបរមិនចេះឲ្យបានត្រឹមត្រូវផង គឺចង់បានតែប័ណ្ណបើកបរ ដើម្បីកុំឲ្យប៉ូលិសចាប់ផាកពិន័យប៉ុណ្ណោះ។ នេះជាគ្រោះថ្នាក់ មិនត្រឹមតែគ្រោះថ្នាក់តែឯងទេ គឺអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត ដែលធ្វើដំណើរតាមផ្លូវថែមទៀត។
មន្ត្រីខូចខិល ដែលស៊ីលុយពីការប្រឡងបើកបរ និងចេញប័ណ្ណបើកបរដោយមិនត្រឹមត្រូវនេះ នៅពេលគេរកឃើញកំហុស ត្រូវដកចេញពីតំណែង និងដាក់ទណ្ឌកម្ម។ នេះជាការដាក់វិន័យស្រាលហើយ។ បើឲ្យត្រូវមែនទែន គឺមន្ត្រីពុករលួយទាំងនោះ គួរតែចាប់បញ្ជូនទៅតុលាការ កាត់ទោស ទើបសម។ ក្រៅពីខុសនឹងវិជ្ជាជីវៈ តួនាទីភារកិច្ច មន្ត្រីស៊ីសំណូកទាំងនោះ ផ្តល់ប័ណ្ណបើកបរដល់អ្នកដែលមិនមានសមត្ថភាព ដែលមិនចេះច្បាប់ មិនស្គាល់សញ្ញា ស្លាកចរាចរណ៍ ហើយមិនចេះទាំងកាន់ដៃចង្កូតបើកបរ តែមានសិទ្ធិចេញបើកបរ ដោយសំអាងលើប័ណ្ណបើកបរ ដែលចេញមិនត្រឹមត្រូវនោះ។ អ្នកបើកបររបៀប អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងដល់អ្នកដទៃបានគ្រប់ពេល។
អ្នកបើកបរយានយន្ត ដែលខំស៊កលុយអស់រាប់រយដុល្លារ ដើម្បីបានប័ណ្ណបើកបរ មិនឆ្លងកាត់ការប្រឡងដោយសមត្ថភាពនេះ គួរតែគិតឡើងវិញ។ មែនទែនទៅ នេះជាគ្រោះថ្នាក់ដល់ខ្លួនឯងធ្ងន់ធ្ងរ។ ប្រៀបដូចជាទិញកាំភ្លើង ឬថ្នាំពុល យកមកទុកបាញ់ និងផឹកសម្លាប់ខ្លួន នៅថ្ងៃណាមួយ ដោយមិនដឹងខ្លួន។ គ្រឿងយន្ត ហើយនិយាយឲ្យចំឡាន អាចនាំឲ្យអ្នកបើកបរ ដែលមិនចេះបើកបរ មិនស្គាល់ស្លាកសញ្ញាចរាចរណ៍ និងមិនចេះច្បាប់ ក្លាយជាឃាតក ហើយយ៉ាងហោចណាស់ ក៏អាចនឹងបង្កគ្រោះថ្នាក់ ដែលយ៉ាងហោចណាស់ ក៏បើកបរប៉ះជញ្ជាំង បុករបង ខូចឡានខ្លួនឯង ដោយសារតែអ្នកបើកបរនោះ មិនចេះ មិនដឹងថា រ៉ឺយ៊ែរ ថយក្រោយ ឬទៅមុខ ចូលប្រអប់ តាមវិធីណា ព្រោះអ្នកបើកបរនោះ មិនបានឆ្លងកាត់សាលាត្រឹមត្រូវឡើយ។
គ្មានអ្វីរៀនមិនចេះ ប្រឡងមិនជាប់នោះទេ បើសិនជាអ្នកបើកបរនោះ ដាក់ចិត្តថារៀន ទាំងទ្រឹស្តី និងទាំងដៃចង្កូត។ តែបើអ្នកបើកបរនោះឯង ពិតជាមិនអាចឆ្លងកាត់ការប្រឡងត្រឹមត្រូវឲ្យជាប់បានទេ ក៏គួរតែកុំចំណាយលុយទៅស៊កប៉ាន់ ដើម្បីបានប័ណ្ណបើកបរ។ បេក្ខជនប្រឡងយកប័ណ្ណបើកបរនោះ គួរតែទុកលុយ ជួលតៃកុងឡាន ប្រសើរជាង បើមិនចង់ខាតបង់លុយច្រើនជាងនេះ ឬក៏អាចនឹងគ្រោះថ្នាក់ រហូតរបួស និងស្លាប់អ្នកដទៃ រួមទាំងខ្លួនឯងផង ដោយសារតែការមិនចេះបើកបរនេះឯង។
ដោយឡែកមន្ត្រីទទួលបន្ទុកខាងប្រឡង និងខាងចេញប័ណ្ណបើកបរ ក៏មិនត្រូវចង់បានតែលុយ ហើយទោះជាអ្នកនោះ ចេះ ឬមិនចេះច្បាប់ មិនចេះទ្រឹស្តី និងមិនចេះទាំងកាន់ដៃចង្កូតបើកឡានក៏ដោយ ក៏មិនខ្វល់ ដោយមន្ត្រីជំនាញ ធ្វើម៉េចឲ្យតែបានលុយនោះទេ។ នេះជាគ្រោះថ្នាក់ ដោយសារតែចង់បានតែលុយប៉ុន្មានរយ តែចុងក្រោយ បើគេចង់ធើស៊ី គឺត្រូវដកតំណែង ដាក់វិន័យ ហើយបើធ្ងន់ធ្ងរ មន្ត្រីនោះ ត្រូវចាប់ខ្លួន ក្រោមបទល្មើសពុករលួយ ត្រូវជាប់ពន្ធនាគារថែមទៀត។
ព្រោះតែអ្នកបើកបរ មិនចេះច្បាប់ មិនស្គាល់ស្លាកសញ្ញា និងមិនចេះបើកបរនេះហើយ ជាហេតុចម្បង ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រៀងរាល់ថ្ងៃ។ ក្នុងនោះ អ្នកបើកបរម៉ូតូ គ្រោះថ្នាក់ច្រើនជាងគេ ដែលអាចមកពីម៉ូតូ មិនតម្រូវឲ្យមានប័ណ្ណបើកបរ។ តែបើប័ណ្ណបើកបរ ចេញដោយមិនត្រឹមត្រូវ ក៏មិនមានន័យអ្វីនោះឡើយ ក្រៅតែពីបង្ហាញប៉ូលិស កុំឲ្យចាប់ផាកពិន័យតែប៉ុណ្ណោះ៕សរន