​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ ជាមួយនឹង​គ្រាប់​បាល់​ទី ១១០​របស់​គេ​សម្រាប់​ក្រុម​​ព័រ​ទុយ​ហ្គាល់​កាលពី​ថ្ងៃ​ពុធ​ទី​១​កញ្ញា​។​

​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​ស៊ុតបាល់​បញ្ចូលទី​នៅ​នា​ទីទី ៨៩ ទល់​នឹង​អៀរ​ឡង់​ក្នុង​វគ្គ​ជម្រុះ​វើល​ខា​ប់ ដោយ​ឡើងមក​នាំមុខ​លើ​អតីត​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ អា​លី ដេ​អ៊ី​។​រូបគេ​បាន​បន្ថែម​មួយ​​គ្រាប់​ទៀត​នៅ​នាទីចុងក្រោយ ដោយ​បាល់​តែ​ត​ដដែល នាំ​ឱ្យ​ព័រ​ទុយ​ហ្គាល់​ឈ្នះ ២-១ ។ នៅ​ដើម​ការប្រកួត រូបគេ​មាន​ឱកាស​ស៊ុត​បាល់​ប៉េណាល់​ទី តែ​ត្រូវបាន​សង្គ្រោះ​នៅ​នាទី​ទី ១៥ ។​

​រ៉ូ​ណាល់​ដូ​បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​មិន​ត្រឹម​តែ​ដោយសារ​តែ​ខ្ញុំ​បាន​បំបែក​ឯតទគ្គ​កម្ម​នោះទេ​ប៉ុន្តែ​សម្រាប់​ឱកាស​ដ៏​ពិសេស​ដែល​យើង​មាន​។​ពីរ​គ្រាប់​នៅ​ចុងបញ្ចប់​នៃ​ការ​​ប្រកួត​គឺ​ពិបាក​ណាស់ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ដឹងគុណ​ចំពោះ​អ្វី​ដែល​ក្រុម​បាន​ធ្វើ​។ យើង​ជឿជាក់​រហូត​ដល់​ទីបញ្ចប់​”​។​

​រ៉ូ​ណាល់​ដូ វ័យ ៣៦ ឆ្នាំ ដែល​ទើប​ផ្ទេរ​ត្រឡប់​មក​កាន់​ក្រុម Manchester United វិញ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម Juventus បាន​ចូល​លេង​ក្នុង​ការប្រកួត​លើក​ទី ១៨០ សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្នុង​ឆ្នាំ ២០០៣​និង​បាន​ចាប់ផ្តើម​ការ​ស៊ុត​បញ្ចូល​ទី​ជា​ប្រវត្តិសាស្ត្រ​របស់​គេ​​នៅ​ការប្រកួត​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០០៤ ដោយ​ចាញ់ក្រិក ២-១ ក្នុង​វគ្គ​ចែក​ពូ​ល​។​

​កីឡាករ​តែ​ពីរ​រូប​គត់​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង ១០០ គ្រាប់​សម្រាប់​ប្រទេស​របស់​ពួកគេ​គឺ​រ៉ូ​ណាល់​ដូ​និង​ដេ​អ៊ី ដែល​រកបាន ១០៩ គ្រាប់​ក្នុង ១៤៩ ប្រកួត​សម្រាប់​អ៊ីរ៉ង់​ពី​ឆ្នាំ ១៩៩៣-២០០៦ និង​លេង​ឱ្យ​ក្លិប​អាល្លឺម៉ង់ Bayern Munich និង Hertha Berlin៕

​រ៉ូ​ណាល់ដូ​ស៊ុ​តចូល​ពីរ​គ្រាប់​ចុង​ម៉ោង​ជួយ​ព័រ​ទុយ​ហ្គាល់​ឈ្នះ​អៀរ​ឡង់​២-១