​ដោយៈ សុ​ផានី​តា / កោះកុង​៖ ខ្ទម​ចំនួន ២៧ ដែល​ពលរដ្ឋ​ខិលខូច លួច​សង់ ហើយ​បោះបង្គោល របង ក្នុង​ដីព្រៃ​ឈើ ឧទ្យាន​ជាតិ បូ​ទុម​សាគរ ខេត្តកោះកុង ត្រូវបាន​តុលាការ សហការ​ជាមួយ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ជំនាញ ចុះ​រុះ​រើចេញ​។​

​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់ មួយថ្ងៃ​ពេញ​នេះ ដឹកនាំ​ដោយ​លោក អេង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញារង ខេត្តកោះកុង លោក វ៉េ​ត សុនី​ម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក៏ដូចជា​លោក ក្រូច បូរី​សីហា អភិបាលរង ស្រុក​បូ​ទុម​សាគរ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​។​

​បើតាម​លោក វ៉េ​ត សុនី​ម បានឱ្យដឹងថាៈ ខ្ទម​ចំនួន​២៧ ដំណាំ​ចម្ការ និង​បង្គោលរបង​ឈើ ជាង ២.០០០ ដើម ស្ថិតនៅ​ចំណុច អូរ​យ៉ូ​យ៉ា ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ត្រូវបាន​ពលរដ្ឋ​ខិលខូច មួយចំនួន​តូច បន្ត​លួច​សាងសង់ គ្មាន​ច្បាប់​នោះទេ ។ រីឯ​អាជ្ញាធរ​មូលដ្ឋាន រឹត​មិន​ទទួលស្គាល់ តាម​លិខិតផ្លូវការ ណាមួយ​ដែរ​។​

​អនុប្រធាន​មន្ទីរ​បរិស្ថាន ដដែល​នេះ បាន​អះអាងថាៈ មុន​នឹងមាន​ចំណាត់ការ​ច្បាប់ នៅពេលនេះ មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​អប់រំ​ណែនាំ ជាច្រើនលើក​ច្រើនសារ ដល់​ពលរដ្ឋ តែ​ពលរដ្ឋ ហាក់​មិន​ចូលរួម ទាល់តែសោះ ដោយ​ជឿ​តាម​ការ​ញុះញង់ ពី​មេខ្លោង នៅក្រោយ​ខ្នង បន្ត​ទន្ទ្រាន​។ ក្រុម​ពលរដ្ឋ ដែល​ហ៊ាន​រំលោភបំពាន​ដី ក្នុង​តំបន់​ឧទ្យាន​ជាតិ បូ​ទុម​សាគរ គឺ​ពួកគាត់​មានផ្ទះ​សម្បែង ដីស្រែ​ចម្ការ​ត្រឹមត្រូវ រហូតដល់​កន្លងទៅ មានការ​ដោះស្រាយ ជា​សំណង​ទូទាត់ ច្បាស់លាស់ ផងដែរ​។​

​លោក វ៉េ​ត សុនី​ម បាន​ថ្លែង​បញ្ជាក់ ពី​ផែនការ ក្រោយ​រុះរើ​ខ្ទម អនាធិបតេយ្យ​ថាៈ លោក​សុំ​គោល ការណ៍ ពី​ក្រសួងបរិស្ថាន អយ្យការ​សាលាដំបូង​ខេត្ត លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត និង​អាជ្ញាធរ​ស្រុក ធ្វើជា​ទីស្នាក់ការ ចំនួន​២ នៅ​ច្រកចេញ នៃ​តំបន់​រង​ផលប៉ះពាល់ ដើម្បី​ធានាបាន ប្រសិទ្ធភាព ទប់ស្កាត់ បង្ក្រាប រក្សា​ដីព្រៃ​ការពារ ឱ្យនៅ​គង់វង្ស​។ ដ្បិត​ដីធ្លី​ដែល​ពលរដ្ឋ​ទន្ទ្រាន​នេះ ត្រូវបាន​តុលាការ ចេញ​លិខិត​ដកហូត មកជា​សម្បត្តិ​រដ្ឋ ក៏ដោយចុះ​។​

​ការ​លួច​ទន្ទ្រាន​ដីព្រៃ​ឈើ ចំណុច​អូរ​យ៉ូ​យ៉ា ឬ ដី​ក្រួស​ក្រហម បានកើត​ឡើង តាំងពី​ឆ្នាំ​២០១៨ មកម្ល៉េះ ដោយ​មន្ត្រី​ជំនាញ ចុះបង្ក្រាប​ចំនួន ២ លើក មកហើយ តែ​ពលរដ្ឋ នៅតែ​បន្ត​ល្មើស ថែមទៀត គ្រា​មាន​ភាព​ឆក់ល្វែង របស់​អាជ្ញាធរ ងាក​ទៅ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ជាមួយ​ក្នុង​មូលដ្ឋាន នានា​។ តាម​ព័ត៌មាន​ដីព្រៃ ដែល​ពលរដ្ឋ​ទន្ទ្រាន គឺ​ពួកគាត់ បាន​លក់​ទៅឱ្យ​ឈ្នួ​ញ​អស់ហើយ ដោយ​ពួកគាត់ ធ្វើជា​រូបភាព មក​ខ្វះ​ដី ធ្វើស្រែ​ចម្ការ តាមពិត ពួកគាត់​ចាំ​ដី​អោយគេ ជា​ថ្នូរ​នឹង​យក ថវិកា ១ លាន​រៀល និង​អង្ករ​មួយ​បាវ​ប្រចាំខែ​ពី​ឈ្នួ​ញ​ដែល​ទិញ​ដី​នោះ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ កំពុង​ពិនិត្យ​ស្រាវជ្រាវ ទីតាំង​ផ្សេងទៀត ដែលមាន​ករណី ដូចគ្នា ខាងលើនេះ​បន្ត​៕​/V