ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ: នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គបញ្ជាការ​កងទ័ព​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ពារាំង រួម​ដំណើរ​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី​ជាច្រើនរូប​ទៀត នា​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​ការកែសម្រួល​កន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ត្រៀម​បើក​សាលារៀន​ឡើងវិញ​នៅ​ដើម​សប្តាហ៍​ក្រោយ​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ការបើក​សាលារៀន​ឡើងវិញ​នេះ គឺ​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៣១ សីហា កន្លងមកនេះ ដែល​បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ពិភាក្សា​ជាមួយ​បណ្ដា​ខេត្ត រាជធានី ដើម្បី​កំណត់​បើក សាលារៀន ឡើងវិញ នៅតាម​តំបន់​ដែល​គ្មាន​ការឆ្លង និង​មាន​ការឆ្លង​តិច​នៃ​ជំងឺ​កូ​វីដ​-១៩​។

​សម្រាប់​នៅ​ស្រុក​ពារាំង អាជ្ញាធរ​ថា​នឹង​ដំណើរ​ការបើក​សាលា​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​ទី​៦ ខែកញ្ញា សប្តាហ៍​ក្រោយ ដោយ​អនុវត្ត​ម៉ឺងម៉ាត់​នូវ​វិធាន​អនាម័យ ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​នៅក្នុង​ថ្នាក់រៀន ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​។​

​លោក​ប្រធាន​ក្រុមការងារ បាន​ផ្ដាំផ្ញើ​ដល់​គណៈ​គ្រប់គ្រង​សាលា ត្រូវ​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​បោសសំអាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​បរិស្ថាន​សាលា និង​នៅក្នុង​ថ្នាក់រៀន​ឲ្យ​បានល្អ​។​

​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បានផ្តល់​ជូន​សាលាស្រុក​ពារាំង​នូវ​ម៉ាស់ ចំនួន​៥០.០០០​ម៉ាស់​, ថ្នាំ​ចិន​សម្រាប់​ព្យាបាល ៤០០​ប្រអប់​, អាល់កុល ៥​កាន​, កាំ​ង​ភ្លើង​បាញ់ថ្នាំ​សម្លាប់​មេរោគ ១៣​ដើម​, ម៉ា​ស៉ី​ន​បាញ់សម្លាប់​មេរោគ ១​គ្រឿង និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ ២​កា​ដុង ព្រមទាំង​ផ្តល់ជូន​ក្រុមគ្រូពេទ្យ​, អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នូវ​ថវិកា និង​គ្រឿងឧបភោគ បរិភោគ មួយចំនួន​ផងដែរ​៕​