​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បញ្ជាក់ថា “​ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នា​កំពុង​ជួប​ការលំបាក​ដោយសារ​វិបត្តិ ប៉ុន្តែ​យើង​ពិតជា​មានភ័ព្វ​សំណាង ដោយ​យើងទាំងអស់គ្នា​ទទួលបាន​នូវ​ការការពារ និង​ភាពកក់ក្តៅ​ពី​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​។ ជាក់ស្តែង ការបានទទួល​វ៉ាក់សាំង​របស់​បងប្អូន និង​ក្រុមគ្រួសារ ព្រមទាំង​ការរក្សា​ប្រាក់បៀវត្ស និង​ការឧបត្ថម្ភ​ផ្សេងៗ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មកលើ​បងប្អូន​កងកម្លាំង​រប​ស់​យើង​។​”

ការបញ្ជាក់​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​លោក​ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ ដោយមាន​ឱកាស​មកជួប​កងកម្លាំង​ដោយផ្ទាល់ និង​ពាំ​នាំនូវ​ជំនួយ​ឧបត្ថម្ភ មួយចំនួន​ដើម្បី​រួមចំណែក​សម្រាល​បន្ទុក​ខ្លះ​ដល់​អង្គភាព ក៏ដូចជា​បងប្អូន​ផ្ទាល់​។​

​លោក​បន្តថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រក្សា​ការពារ​សន្តិភាព សន្តិសុខ និង​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ មិន​ថា​ក្នុងដំណាក់កាល​ណា​ទេ គឺ​អ៊ុ ពូ​មីង និង​បងៗ​បានធ្វើ​ការលះបង់​ខ្ពស់​ណាស់​ក្នុងការ​បំពេញបេសកកម្ម​ដ៏​លំបាក និង​មាន​គ្រោះថ្នាក់​នានា​សំដៅ​ធ្វើយ៉ាងណា​សម្រេច​បានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​រៀបរយ​ក្នុងសង្គម ជាពិសេស​ក្នុងដំណាក់កាល​នៃ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ កងរាជអាវុធហត្ថ​រឹតតែ​ខិតខំ​បំពេញភារកិច្ច​ចំពោះមុខ ដោយ​មិនបាន​ចាត់ទុក​ហានិភ័យ​នៃ​ការឆ្លង​ជា​ឧបសគ្គ​ឡើយ​៕​