ដោយ:ពៅនិមល/ភ្នំពេញ៖ នៅខែកក្កដា និងសីហា ឆ្នាំ២០២១នេះ ចំនួនប្រតិបត្តិការបញ្ជារទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស…សរុបចំនួនជាង ១៤.០០០ ស្មើនឹងចំនួនជាង ២,៧៥លានឧបករណ៍តេស្ត។ នេះតាមការឲ្យរបស់មន្ត្រីមន្ត្រីពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ប្រភពដដែលបានឲ្យដឹងថា គិតត្រឹម ២ខែក្រោយនេះ សំណើរសុំបញ្ជាទិញឧបករណ៍តេស្តរហ័សកូវីដ១៩ ជាប្រភេទក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នផ្សេងៗគ្នា ដែលបានបញ្ជាទិញតាមប្រព័ន្ធអនឡាញតាមរយៈផេកក្រសួង។
ប្រភពដដែលបានបញ្ជាក់ទៀតថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានទាន់ពេលវេលា ចំពោះឧបករណ៍តេស្តរហ័សនេះ ក្រសួងបើកទូលាយចែកចាយជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សទាំងពីរប្រភេទ ដូចជា ១.ឧបករណ៍តេស្តរហ័សផលិតនៅប្រទេសកូរ៉េ ១ប្រអប់មានចំនួន២៥ តម្លៃ ៣,៧ដុល្លារ ក្នុង១ឧបករណ៍តេស្ត និងទី២.ឧបករណ៍តេស្តរហ័សផលិតនៅប្រទេសចិន ១ប្រអប់មានចំនួន២០ តម្លៃ២ដុល្លារ ក្នុង១ឧបករណ៍។
ប្រភពដដែលបានបន្ថែមថា ចំពោះការផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សកូវីដទាំងនេះ ក្រសួងមានចំនួនគ្រប់គ្រាន់ក្នុងស្តុកដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកទិញ មិនថាក្នុងចំនួនតិចឬច្រើនទេ ដោយអាចបញ្ជាទិញបានតាមរយៈអនឡាញផេកក្រសួង ឬដោយផ្ទាល់នៅទីស្តីការក្រសួង។
ពាក់ព័ន្ធនឹងឧបករណ៍តេស្តរហ័សនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ បានចេញសេចក្តីណែនាំទៅកាន់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតឲ្យបានយ៉ាងតិចចំនួន២ដង មុនថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីរួមចំណែកកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ”យើងបានធ្វើការពិនិត្យដោយចៃដន្យនៅតាមរោងចក្រមួយចំនួននៅរាជធានីភ្នំពេញ ឃើញថាបានធ្វើតេស្ត១ដងរួចហើយ។ យើងក៏មិនទទួលការប្តឹងពីកម្មករនិយោជីតអំពីករណីនេះដែរ។ ដូច្នេះមានន័យថា គ្រប់រោងចក្របានអនុវត្តការធ្វើតេស្តនេះ។ យើងនឹងបន្តតាមដានការធ្វើតេស្តលើកទី២នៅសប្តាហ៍ក្រោយ”៕