ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ មន្ត្រី​អមដំណើរ ចុះ​ជួប​សំណេះសំណាល​ជាមួយ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។

នាឱកាស​សំណេះសំណាល​ខាងលើ​នោះ​លោក​អភិបាលខណ្ឌ បានផ្ដល់​ការណែនាំ​ដល់ កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ អនុវត្ត​តួនាទី និង​ភារកិច្ច បម្រើ រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត ត្រូវតែ​ពង្រឹង​កិច្ចការងារ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩ , ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​ដាក់ចេញ​ដោយ រាជរដ្ឋាភិបាល ស្ដីអំពី ការថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និង​ស្ថិរភាព​ក្នុង​មូលដ្ឋាន​អោយបាន​ល្អប្រសើរ និង​ការផ្ដល់សេវា​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​អភិបាលខណ្ឌ បាន​បន្តទៀតថា កងកម្លាំង​ទាំងអស់ ត្រូវតែ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​ជា​ធ្លុង​មួយ​ដ៏​រឹងមាំ យក​អស់​កម្លាំងកាយ​ចិត្ត លើសពីនេះទៅទៀត កងកម្លាំង​ទាំងអស់ ត្រូវតែ​រួបរួមគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូ​វីដ​១៩ ជាមួយ រាជរដ្ឋាភិបាល ជាពិសេស ត្រូវតែ​ប្រឆាំង​ដាច់ខាត​នឹង ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​មានបំណង​ទុច្ចរិត​ចង់​បំផ្លិចបំផ្លាញ សន្តិភាព ការអភិវឌ្ឍ និង​ភាពសុខដុមរមនា របស់ ជាតិ និង​ប្រជាជន និង​បន្ត​ការពារ​ដាច់ខាត​រាជរ​ដ្ឋា​ភិ​បាល ដែល​ប្រសូត្រ​ឡើង​ដោយ ការបោះឆ្នោត​ស្របច្បាប់ ដែលមាន សម្ដេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​។​