ដោយៈ គង់ហេង/ កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាមបានសម្រេចបិទខ្ទប់លំនៅឋានប្រជាពលរដ្ឋចំនួន ២៨២ ខ្នង ក្រោយពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៨០ នាក់ នៅស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចម្ការកៅស៊ូបឹងកេតបានដឹកនាំចុះពិនិត្យការបិទខ្ទប់លំនៅឋាន ប្រជាពលរដ្ឋ ក្នុងឃុំព្រែកកក់នៅព្រឹកថ្ងៃទី ២ កញ្ញាថា ការបិទខ្ទប់លំនៅឋានចំនួន ៤០ ខ្នងប្រជាពលរដ្ឋ គឺនៅដាច់ដោយឡែកពីគ្នាក្នុងភូមិអូរប្រាំ១ ,ភូមិអូរប្រាំ២, ភូមិ៣៥,ភូមិ៥៦,ភូមិ៧០ និងភូមិមាឃ៣។

លោកអភិបាលស្រុកស្ទឹងត្រង់បានបន្តថា ការបិទខ្ទប់ខ្នងផ្ទះខាងលើបន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ២៨៩ នាក់ គឺក្នុងនោះចំនួន ១៤៥ នាក់ជាកម្មករចម្ការចេករបស់លោកឧកញ៉ា ហេង ឡុង។

ទន្ទឹមគ្នានេះលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃបានឱ្យដឹងដែរថា លំនៅឋានប្រជាពលរដ្ឋដែលត្រូវ គឺមួយភូមិទទោល ឃុំគោករវៀង ដែលមានប្រជាពលរដ្ឋចំនួន ២៤២ គ្រួសារ។ ការបិទខ្ទប់នេះធ្វើឡើងចំនួន បី ថ្ងៃហើយក្រោយរកឃើញប្រជាពលរដ្ឋចំនួន ៩១ នាក់ស្មើនឹង ៣៧ គ្រួសារមានផ្ទុកជំងឺកូវីដ ១៩ ។

លោកអភិបាលស្រុកជើងព្រៃបានបន្តថា ពិសេសសម្រាប់ថ្ងៃទី ២ កញ្ញានេះបានរកឃើញមានអ្នកផ្ទុកជំងឺកូវីដ ១៩ ថ្មីចំនួន ១៤ នាក់នៅក្នុងភូមិទទោល ដែលស្ថិតក្នុងការបិទខ្ទប់នោះ។ សម្រាប់ស្ថានភាពជំងឺកូវីដ ១៩ ក្នុងស្រុកជើងព្រៃបច្ចុប្បន្នមានឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ១.០០០ នាក់,ជាសះស្បើយជាង ៧០០ នាក់ និងអ្នកស្លាប់បាត់បង់ជីវិតចំនួន ១៧ នាក់៕សរន