​ដោយៈ ភ្នំ​ដែក / ព្រះវិហារ​៖ លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ អយ្យការ​តុលាការ ខេត្តព្រះវិហារ បានឱ្យដឹង នៅ​ថ្ងៃទី​២ កញ្ញា​នេះ​ថាៈ អយ្យការ គ្រោង​នឹង​ចេញ​លិខិត​កោះហៅ ប្រធាន​ផ្នែក រដ្ឋបាល​ព្រៃឈើ​ឆែប លោក សេង លាង ឱ្យចូល​ឆ្លើយបំភ្លឺ ករណី​ឈ្មួញ​ឈើ​ម្នាក់ បាន​រត់​គេចខ្លួនបាត់ ដោយ​ពុំ​ដឹង​មូលហេតុ​។​

​លោក វុ​ធ សា​វី បាន​បន្តថាៈ “​លោក​កំពុង​រៀបចំ​ឯកសារ លិខិត​កោះអញ្ជើញ លោក សេង លាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប និង​មន្ត្រី​មួយចំនួនទៀត ឱ្យចូល​ឆ្លើយបំភ្លឺ ក្នុងករណី​ដែល​បណ្តែត បណ្តោយ ឱ្យ​ឈ្មួញ​ឈើ​ម្នាក់ បាន​រត់​គេចខ្លួនបាត់​”​។​

​មូលហេតុ​ដែល​លោក នឹង​ចេញ​លិខិត​កោះហៅ លោក សេង លាង ឱ្យចូល​ឆ្លើយបំភ្លឺ​នោះ គឺ​បន្ទាប់ពី​លោក ទទួលបាន​ព័ត៌មាន ពី​កូនចៅ​របស់លោក រាយការណ៍​មក​ថា មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់ ឈ្មោះ ឡាំ ដែល​លោក​ដឹកនាំ​កម្លាំង ចុះបង្ក្រាប នៅ​ភូមិ​ឆែប​ពីរ ឃុំ​ឆែប​កើត ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ កន្លងទៅនេះ គឺ​បាន​រត់គេចខ្លួន​ហើយ​។​

​ក្នុងពេល​ប្រតិបត្តិការ ចុះបង្ក្រាប​ករណី​ជួញដូរ​ឈើ ខុសច្បាប់ នៅ​ទីតាំង​នេះ ជនសង្ស័យ ជា​ម្ចាស់​ទីតាំង​ឈើ ឈ្មោះ ឡាំ រូបនេះ មាន​វត្ត​មាននៅ​កន្លែងកើតហេតុ ជាធម្មតា មិនបាន​រត់គេចខ្លួន នោះទេ ។ ប៉ុន្តែ​ដើម្បី​កុំឱ្យ​ជនសង្ស័យ​ឈ្មួញ​ឈើ​រូបនេះ ដឹងខ្លួន លោក​ក៏បាន​ប្រា​ប់លោក សេង លាង និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ចាប់ខ្លួន​ឈ្មួញ​ឈើ​រូបនេះ ហើយ​លោក ក៏បាន​ចាកចេញ ពី​ទីតាំង​បង្ក្រាប​ឈើ នេះ​ទៅ​។​

​លុះ​ស្អែក​ឡើង កូនចៅ​របស់លោក រាយការណ៍​មក​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ឡាំ រូបនេះ បាន​រត់គេចខ្លួន​ហើយ ទើប​លោក នឹង​រៀបចំ​លិខិត​កោះអញ្ជើញ មន្ត្រី​ពាក់ព័ន្ធ ឱ្យ​ឆ្លើយបំភ្លឺ ក្នុងពេល​ឆាប់ៗ​នេះ​៕/V​