ដោយៈចាន់តូ/ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនដោយសារមានគេជិះម៉ូតូដេញតាមពីក្រោយក៏ធ្លាក់ជង្ហុក បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ កាលពីវេលា ម៉ោង១០និង៨នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបផ្សារមាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ដោយស្លៀកពាក់ខោអាវយឺតកីឡាពណ៌ខៀវ សម្បុលសល្មម កម្ពស់ប្រហែល១,៦០ម៉ែត្រជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១O ៦៨៧៦ ជិះតែម្នាក់ឯង។
តាមប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញ បុរសរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវ ៣១៥ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ដោយមានម៉ូតូធន់ធំដេញតាមពីក្រោយ ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏ធ្លាក់ជង្ហុក បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់បែកលលាដ៏ ក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកម៉ូតូ បានខ្ទាតឆ្ងាយពីសពចម្ងាយប្រហែល៣០ម៉ែត្រ ហើយអ្នកដែលដេញតាមពីក្រោយនោះ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុបានពិនិត្យមើលឃើញនៅជិត សពមានថ្នាំញៀន ២កញ្ចប់តូច សង្ស័យជាថ្នាំញៀនរបស់ជនរងគ្រោះ។ ករណីនេះ ត្រូវគេដាក់ការសង្ស័យថា អាចមានសមត្ថកិច្ចខាងណាដេញចាប់ជនសង្ស័យបណ្ដាលឱ្យដួលស្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាតិមកទទួលយក ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានឲ្យអ្នកដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕