​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត​ព្រូស ចំ​ពី​ចំហៀង​ខាងឆ្វេង​ពេញទំហឹង កាលពី​វេលា ម៉ោង​៣​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្តុ​ប​ចតុមុខ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ប៉ែន បូរិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន​
​ផ្ទះ​លេខ​២២ ផ្លូវលំ ភូមិ​ព្រែក​ទាល់ ក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​អ្នករងរបួស​ជា​ស្ត្រី​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ពាក់​អាវយឺត​មាន​ឆ្នូត​ស ខ្មៅ និង​ស្លៀកខោ​យឺត​ពណ៌​ខ្មៅ មាន​សម្បុរ​ស សក់​ខ្លី​ត្រឹម​ស្មា កម្ពស់​ប្រហែល​១,៦០​ម៉ែត្រ​។ អ្នក​ទាំងពីរ​ជិះ​ម៉ូតូឌុប​គ្នា ម៉ាក​ស្គុ​ប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក លេខ​ភ្នំពេញ ១ID៥៣១២ ។ ចំណែកឯ​រថយន្ត គឺ​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ ២AG ៧៤១២ បើកបរ​ដោយ​បុរស ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​រថយន្ត​ម៉ាក​ព្រូស បើក​តាម​បណ្ដោយ​ផ្លូវ​២១៤ ក្នុងទិសដៅ​ពី​លិច​មក​កើត យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​ជនរងគ្រោះ​បើក​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​យ៉ាង​លឿន មក​បុក​ចំ​ពី​ចំហៀង​ខាងឆ្វេង​ទ្វារ​ខាងក្រោយ​ពេញទំហឹង បណ្ដាលអោយ​បុរស ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​ជា​ស្ត្រី​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ជីវិត​ភ្លាមៗ​។ ចំណែកឯ​រថយន្ត​មិនបាន​ឈប់​ភ្លាមៗ​នោះទេ​បាន បើក​រត់​ទៅដល់​ក្រោយ​ព្រះបរមរាជវាំង​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​មកវិញ​យកទៅ​សួរ​នាំនៅ​អធិការ​ខណ្ឌដូនពេញ រង់ចាំ​ប្រគល់​ឲ្យ​ជំនាញ និង​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ព្រមទាំង​អ្នកបើក​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​ចំណែក​សព សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​អ្នក​ដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រងចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕