​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​អ្នកតស៊ូ​នៅ​ជ្រលង​ភ្នំ​ប៉ាន​សៀ​និយាយថា ពួកគេ​បាន​សម្លាប់​ពួក​តា​លី​បង់​រាប់សិប​នាក់ ដែល​ព្យាយាម​ចូល​មក​តាម​ច្រក​តូចចង្អៀត​នៃ​ជ្រលង​​ភ្នំ​មួយ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កញ្ញា​នេះ​។​

​ជ្រលង​ភ្នំ​គ្របដណ្តប់​ដោយ​ព្រិល​រដិបរដុប ដែល​មាន​ចម្ងាយ​ប្រហែល ៧០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​កា​ប៊ុល គឺជា​បន្ទាយ​ចុងក្រោយ​នៃ​ចលនា​ទាមទារ​សេរីភាព​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​រណសិរ្ស​តស៊ូ​ជាតិ (NRF)​ដែល​មាន​ក្រុម​ជីវពល​ជនជាតិ​តាជី​ក​និង​អតីត​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន បាន​ប្តេជ្ញា​ការពារ​តំបន់​ជ្រលង​មួយ​នេះ​ខណៈ​ក្រុម​អ៊ីស្លាម​និយម​តា​លី​បង់​​និយាយថា ពួកគេ​បាន​ឡោម​ព័ទ្ធ​ជ្រលង​នេះ​ជិត​អស់ហើយ​។​

​ចលនា​តស៊ូ​នេះ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​បាន​សម្លាប់​យុទ្ធជន​តា​លី​បង់​រាប់សិប​នាក់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ភូមិ​សូ​ទុល​និង​ភូមិ​ហ្គោល​បា​ហា​ដែល​ជា​ភូមិ​ស្ថិត​នៅ​ចុង​ភាគ​​ខាងត្បូង​នៃ​ជ្រលង​ទន្លេ​ចោត​ខ្លាំង​មួយ ដែល​ផ្តល់​ការការពារ​ពី​ពួក​ឈ្លានពាន​។​

​វីដេអូ​មួយ​បានបង្ហាញ​ការផ្ទុះ​នៅលើ​ភ្នំ​ចំ​ពេល​មាន​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ជា​គូប្រជែង ខណៈ​វីដេអូ​ខ្លះទៀត​បាន​បង្ហាញ​សមាជិក​កងជីវពល​អួត​ពី​ចំនួន​សាកសព​ពួក​តា​លី​បង់​ដែល​​ស្លាប់​ក្នុង​ការប្រយុទ្ធ​គ្នា​។​

​បុរស​ម្នាក់​និយាយថា កូនចៅ​របស់​គាត់​បាន​សម្លាប់​ភេរ​វករ​ចំនួន ៨ នាក់​នៅ​ជុំវិញ​ភូមិ​សូ​ទុល ខណៈ​ម្នាក់ទៀត​អះអាងថា ពួកគេ​បាន​បណ្តេញ​ពួក​តា​លី​បង់​ចេញពី​ច្រក​ភ្នំ​សាឡាង ដែល​ជា​សរសៃឈាម​យុទ្ធសាស្ត្រ​សំខាន់​មួយទៀត​សម្រាប់​ឆ្លងកាត់​ចូល​ជ្រលង​ភ្នំ​ប៉ាន​សៀ​៕

​រណសិរ្ស​តស៊ូ​ជាតិ​អះអាង​ថា​សម្លាប់​ពួក​តា​លី​បង់​រាប់សិប​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​ព្យាយាម​ចូលមក​ជ្រលង​ភ្នំ​ប៉ាន​សៀ​