​ដោយៈ​ស​រិ​ទ្ធ​-​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ ជន​ដៃ​ឆៅ​ម្នាក់ បាន​ចូលទៅ​កាប់​បុរស​វ័យ​ចំណាស់​ម្នាក់​ដល់​ក្នុងផ្ទះ​ស្លាប់​ក្នុង​ថ្លុកឈាម ខណ​:​ដែល​ជនរងគ្រោះ​កំពុង​ដេក​អាន​សៀវភៅធម៌​ទាំង​មិនដឹង​ខ្លួន​។ ប៉ុន្តែ​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​ភ្លាមៗ​ដែរ​។​ ​ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ ឈ្មោះ គឹម សិន អាយុ ៧០ ឆ្នាំ​។ ជនដៃដល់ ឈ្មោះ ហឿន ឧ​ត្ត​ម អាយុ ៣០ ឆ្នាំ ។ បុរសរងគ្រោះ និង​ជនដៃដល់ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ ខាងលើ​ជាមួយគ្នា ។​

​តាម​សាក្សី​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ មិនដឹង​ជនដៃដល់​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​តាំងពី​ពេលណា ស្រាប់តែ​បាន​កាន់​កាំបិតផ្គាក់ ចូលទៅ​កាប់​ជនរងគ្រោះ​ដែល​កំពុង​អាន​សៀវភៅធម៌​ក្នុងផ្ទះ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​ក្នុង​ថ្លុកឈាម នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​តែម្ដង ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា អំពើ​មនុស្សឃាត​នេះ នៅ​មិនទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ ក្រៅពី​សង្ស័យថា​ស្រាយគំនុំ​ចាស់​នោះទេ​។ ក៏ប៉ុន្តែ​នៅក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល ស្រុក​សំរោង​ទង បាន​ឃាត់ខ្លួន​ជនដៃដល់ និង​រឹបអូស​វត្ថុតាង​កាំបិតផ្គាក់​មួយ​ដើម​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​រួចហើយ ៕