ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ បុរស​ម្នាក់​ដើរលេង ផឹកស្រា​ស្រវឹង​ជាប្រចាំ ហើយ​រករឿង​ប្រពន្ធ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ត្រូវ​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រពន្ធ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៖៣០​នាទី​រសៀល នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ប៊ុន បូរី ស្ថិតក្នុង​ភូមិ​ចុង​កោះ ឃុំ​សណ្តារ ស្រុក​លើកដែក ខេត្តកណ្ដាល ។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ប៊ុន បូរី  អាយុ ៣៤​ឆ្នាំ មុខរបរ កសិករ ហើយ​ជនសង្ស័យ​ជា​ប្តី ឈ្មោះ ចំរើន ឆូ​យ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​សណ្តារ ស្រុក​លើកដែក ខេត្តកណ្ដាល ។​

​ដើមហេតុ​នៃ​អំពើហិង្សា​នេះ គឺ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៖៣០​នាទី​រសៀល ជនសង្ស័យ​ឈ្មោះ ចំរើន ឆូ​យ ជា​ប្ដី ដើរលេង​ផឹកស្រា​ស្រវឹង​ជោកជាំ​ពេលមកដល់​ផ្ទះ យក​ឆ្នាំង ចានបាយ បោះចោល​លើដី និង​យក​ដប​ទឹកត្រី គប់​មកលើ​ជនរងគ្រោះ​តែ​មិន​បណ្តាលអោយ​រងរបួស​នោះទេ ។ បន្ទាប់មក ជនសង្ស័យ​ចុះមក​ក្រោម​វិញ ហើយ​យក​ឈើ​ទុល​ម៉ូតូ​មក​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​ខ្ទេច​ផ្នែក​ខាងមុខ និង​បោក​កំទេច​ឆ្នាំងបាយ ហើយ​ជនរងគ្រោះ​បាន​តេ​ទូរស័ព្ទ​មកប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សណ្តារ​ភ្លាមៗ​តែម្តង ។​

​ក្រោយពី​ទទួល​ព័ត៌មាន​បណ្ដឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សណ្តារ ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​ក៏បាន​ឃាត់ខ្លួន និង​នាំខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ ៕សរន