​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នា​គម​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍​និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(eRegistration)​សម្រាប់​ថ្នាក់ជាតិ​ដើម្បី​ស្នើសុំ​សេវាសាធារណៈ​ឌីជីថល ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព​។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍​និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Registration) សម្រាប់​ថ្នាក់ជាតិ ដែល​ចុះ​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម បាន​បញ្ជាក់ថា ស្របតាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់​រវើក ការកសាង​រដ្ឋាភិបាល​ឌីជីថល គឺជា​កិច្ចការ​អាទិភាព​ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល ដោយ​ផ្តោតលើ​ការពង្រឹង​សេវាសាធារណៈ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ឌីជីថល​ជា​ស្នូល សំដៅ​ជំរុញ​ការវិនិយោគ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ក្នុងន័យនេះ ក្រសួង​បាន​បង្កើត​នូវ​ប្រព័ន្ធ​ស្នើសុំ​បំពេញ​ប្រតិបត្តិការ​អាជីវកម្មរ​សម្រាប់​ថ្នាក់ជាតិ ដែលមាន​ឈ្មោះថា ប្រព័ន្ធ e-Registration​។

ប្រព័ន្ធ​នេះ នឹង​ផ្តល់​ភាពងាយស្រួល និង​ឆាប់រហ័ស​ដល់​ប្រតិបត្តិ​ករ ឬ​ម្ចាស់​អាជីវកម្ម​ក្នុងការ​ស្នើសុំ​សុំ​លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ​អាជ្ញា​បណ្ណ សម្រាប់​បំពេញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត​មាន​។ ប្រភព​ដដែល​បាន​បន្តថា ប្រតិបត្តិ​ករ ឬ​ម្ចាស់​អាជីវកម្ម អាចដាក់​ពាក្យស្នើសុំ​តាមរយៈ​គេ​ហ័​រ​ទំព័រ​របស់​ក្រសួង​ប្រៃសណីយ៍ និង​សូម​ស្កេ​ន ឃ្យូ​អ៊​រកូដ (QR Code) ដើម្បី​ទាញយក​សៀវភៅ​ណែនាំ​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​មួយ​នេះ​។​

​ទាក់ទិន​នឹង​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ e-Registration ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបញ្ជាក់​នូវ​អត្ថប្រយោជន៍ ដែល​ម្ចាស់​អាជីវកម្ម​នឹង​ទទួលបាន​មានដូចជា​៖​ចំណេញ​ពេលវេលា​កាត់បន្ថយ​ភាពស្មុគស្មាញ​និង​ដឹង​ពី​ស្ថានភាព​នៃ​ការស្នើសុំ​,​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​តាមរយៈ អេ​ប៊ី​អេ​(ABA) កាណាឌីយ៉ា​(CANADIA) និង​អេស៊ីលីដា​(ACLEDA), ទទួលបាន​ការអនុម័ត​ឆាប់រហ័ស និង​ទាញយក​និង​បោះពុម្ព​លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ​អាជ្ញា​បណ្ណ​ឌីជីថល ប្រសិនបើ​អ្នកទទួលបាន​ការអនុម័ត​៕​.mara