ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នករាយការណ៍​ពិសេស​មួយក្រុម​តូច ចំពោះ​ការអនុវត្ត​ច្បាប់​លើ​សំណុំរឿង​ជាក់លាក់​មួយ​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ០២១នៅហ្សឺណែវ។

​សេចក្តីថ្លែងការណ៍ដែលមានចំនួនពីរទំព័របានបញ្ជាក់ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​ច្រានចោល​យ៉ា​ដាច់ អហង្ការ​នូវ​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នករាយការណ៍​ពិសេស​ខាងលើ មកលើ​អាជ្ញាធរ​កម្ពុជាតាមរយៈការអត្ថាធិប្បាយ ​បែ​បន​យោ​បា​យូ​ប​នីយកម្ម ជ្រើសរើស​តែមួយ​ជ្រុង និង​បង្ក​ការភ័ន្តច្រឡំ​ដល់​សាធារណជន​។ ខាងក្រោម​នេះ​គឺ​ការសង្កេត​សំខាន់ៗ​មួយចំនួន​៖

ទី​១. ការនិយាយ​យោង​ទៅ​សាវតារ​នយោបាយ​របស់​គ្រួសារ​ជនជាប់ចោទ គឺ​បានចង្អុលបង្ហាញ​ពី​ការប៉ុនប៉ង​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​លើ​រឿងក្តី​នេះ​។ ការចូលរួម​ជាមួយ​គ​ណ​បក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ណាមួយ ពុំមែន​ជា​អភ័យឯកសិទ្ធិ​សម្រាប់​បំពាន​ច្បាប់ ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ នៅ​កម្ពុជា ការចោទប្រកាន់​ចំពោះ​បុគ្គល​ណា​ម្នាក់​គឺ​ផ្អែកលើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​និង​មានចែង​នៅក្នុង​ច្បាប់ ពុំមែន​ផ្អែកលើ​ថា​តើ​ពួកគេ​ស្ថិតក្នុង​ក្រុម​ណាមួយ​នោះឡើយ​។ ដោយ​សំអាង​លើ​ភស្តុតាង​រឹងមាំ​និង​ស៊ីសង្វាក់ ការចោទប្រកាន់​ទាំងអស់​ត្រូវបាន​ធ្វើឡើង​ស្របតាម​មាត្រា​៤៩៤ ៤៩៥ និង​៥០២ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​តាក់តែងឡើង​ដោយមាន​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញ​នៃ​ប្រទេស​លោកខាងលិច​។​

ទី​២. តុលាការ​កម្ពុជា​ជំនុំជម្រះ​ក្តី​ដោយ​សំអាង​លើ​ភស្តុតាង​រឹងមាំ​ជាក់ស្តែង រួមទាំង​លិខិត​បញ្ចាក់​វេជ្ជសាស្ត្រ អះអាង​ពី​ស្ថានភាព​សុខភាព​ជាក់លាក់ ពុំមែន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​ឡើយ​។ រាល់​ការចោទប្រកាន់​និង​ការអនុវត្ត​នីតិវិធី គឺ​ស្របតាម​ច្បាប់​ទាំងស្រុង ដូចជា​មាត្រា​២១៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​បណ្តោះអាសន្ន​ចំពោះ​អនីតិជន​។ ការទាមទារ​របស់​អ្នករាយការណ៍​ពិសេស​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​បុគ្គល​ណា​ម្នាក់​គឺ​ស្មើនឹង​ការប្រមាថ​ទៅលើ​ប្រព័ន្ធ​បែងចែក​អំណាច និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​កម្ពុជា ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​ទៅលើ​អធិបតេយ្យ​ជាតិ​។​

ទី​៣. ការ​ថ្លែង​អះអាងថា ជនជាប់ចោទ “​ត្រូវបាន​សួរចម្លើយ​ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​” បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ការធ្វេសប្រហែស​ផ្នែក​វិជ្ជាជីវៈ របស់​អ្នករាយការណ៍​ពិសេស ក្នុងការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​លើ​ប្រភពព័ត៌មាន​។ កំហុស​នេះ​នឹង​អាច​បញ្ចៀស​បាន ប្រសិនបើ​ពួកគាត់​ប្រកាន់យក​វិធីសាស្ត្រ​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ទទួលបាន មុននឹង​ប្រញាប់ប្រញាល់​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន ក្រោម​ហេតុផល​ជាក់លាក់​ណាមួយ​នោះ​។​

ទី​៤. អ្នករាយការណ៍​ពិសេស​ទាំងនោះ​មិន​ធ្លាប់​ទាល់តែសោះ លើកទឹកចិត្ត​ឱ្យមាន​ការបែងចែក​ឱ្យបាន​ច្បាស់​នៃការ បញ្ចេញមតិ​ដោយ​សេរី ពី​វោហារ​សព្ទ​ដែល​បង្ក​គ្រោះថ្នាក់​។ វិធីសាស្ត្រ​បែបនេះ​របស់​អ្នករាយការណ៍​ពិសេស គឺ​ងាក​ចេញពី​គន្លង​វិធីសាស្ត្រ​របស់​ឯកឧត្តម António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​បាន​សង្កត់ធ្ងន់ថា ព័ត៌មាន​ក្លែងក្លាយ​និង​សម្តី​ស្អប់ខ្ពើម គឺជា​ការវាយប្រហារ​លើ​គោល​តម្លៃ​នៃ​បទដ្ឋាន និង​គោលការណ៍​សិទ្ធិមនុស្ស​។ ជំនួស​ឱ្យ​ការប្រើប្រាស់​វិធីសាស្ត្រ​បញ្ចេញ​ឈ្មោះ​ដើម្បី​បន្ទោស​បង្អាប់ អ្នករាយការណ៍​ពិសេស គប្បី​ជួយ​ដល់​រដ្ឋ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ការប្រើប្រាស់​វោហារ​សព្ទ​ដែល​បង្ក​គ្រោះថ្នាក់ នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​កំពុង​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ទូទាំង​សកលលោក​។​

​សេចក្តិថ្លែងការណ៍ខាងលើបានបញ្ចប់ដោយការបញ្ជាក់ថា សរុបសេចក្ដី​មក អ្នករាយការណ៍​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ “​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស​” ដែល​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចងក្រង​ព័ត៌មាន​ពិត ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ការគោរព​បទ​ប្បញ្ញត្តិ​ក្នុងស្រុក និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ មានតែ​ការអនុវត្ត​ប្រកបដោយ​ការប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​ឱ្យបាន​ហ្មត់ចត់​ស្របតាម​ពិធីសារ​ខាងលើ​ប៉ុណ្ណោះ ទើប​អាចធ្វើឱ្យ​បណ្ដា​រដ្ឋ​ទាំងអស់ និង​ប្រទេស​កម្ពុជា អាច​រក្សាបាន​នូវ​ទំនុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​យន្តការ​នេះ​៕សរន