ដោយៈមុនីរ័ត្ន/​ភ្នំពេញៈនៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​សរសេរថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) បានសម្រេច​ការងារ​រាប់មិនអស់ ជំរុញ​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​លើ​វិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ដោយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​ទូទាំងប្រទេស ក្នុងនោះ​ទោះ​សម្រេចបាន​ច្រើន​ហើយ ហើយ​ទោះ​មិនបាន​ល្អឥតខ្ចោះ​ប៉ុន្តែ​CPP​ប្តេជ្ញា​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងនាម​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រជាជន​កម្ពុជា​កន្លងមក​នាពេល​បច្ចុប្បន្ន​និង​តទៅ​អនាគត​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​។​

លោក ហ៊ុន ម៉ានី (រូបថតហ្វេសប៊ុក លោក ហ៊ុន ម៉ានី)

​ក្នុង​សំណេរ​ដដែល​នេះ​លោក ហ៊ុន ម៉ា​នី បាន​ភា្ជប់ទៅរកបទយកការណ៍មួយ។លោកសរសេរថា “​ខ្ញុំ​បាន​ស្តាប់​ដោយយក ចិត្តទុកដាក់ នូវ​បទ​យកការណ៍​របស់វិទ្យុបារាំងអន្តរជាតិ( RFI​)ជាពិសេស​ការវិភាគ​នីមួយៗ​។​ខ្ញុំ​ចាត់ទុកថា​វា​ជា​មេរៀន​បន្ថែម​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​អ្នកនយោបាយ​ដែល​ត្រៀម​ទទួល​មតិ និង​គំនិត​ដែល​អាច​បង្កើន​ការយល់ដឹង​របស់ខ្ញុំ ដូចដែល​ពុក​តែងតែ​អប់រំ​ណែនាំ​ជាពិសេស​គំនិត​ដែល​ឱ្យ​រូបខ្ញុំ​បាន​យល់ច្បាស់ ថា អ្វីដែល​ត្រូវការ​សម្រាប់​ការធ្វើ​នយោបាយ​ក្នុង​ក្របខ័ណ្ឌ “​នយោបាយ​ដែលមាន​លក្ខណៈ​សមស្រប​ទៅនឹង​បរិបទ real politik (​ដែល​កត្តា​ខាងក្នុង​ជា​កត្តា​កំណត់ ក្រោម​ការជះឥទ្ធិពល​ពី​កត្តា​ខាងក្រៅ​) របស់​កម្ពុជា​ក្នុងនាម​ជា​អ្នកនយោបាយ មកពី​គណបក្ស​ដឹកនាំ​ប្រទេសជាតិ​។ ខ្ញុំ​ឈ្មោះ ហ៊ុន ម៉ា​នី​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ជឿជាក់​ជ្រើសរើស​និង​បោះឆ្នោត​គាំទ្រ គណបក្ស ប្រជាជន​កម្ពុជា​ដូច​ប្រជាពលរដ្ឋ​រាប់លាន​អ្នក​ដែល​បាន​បោះឆ្នោត​លើសលប់​គាំទ្រ​CPP​គ្រប់ការ​បោះឆ្នោត​។ សំឡេង​របស់ខ្ញុំ​ជា​សំឡេង​ពលរដ្ឋ​ខ្មែរ​មួយរូប​”។

លោកបាន​បញ្ជាក់ថា លោក​ជា​អ្នកនយោបាយ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​បេសកកម្ម​បម្រើ​ប្រទេស និង​ប្រជាជន​កម្ពុជា​។ បេសកកម្ម​ក្នុងការ​រំដោះជាតិ ស្វែងរក​សន្តិភាព បង្រួបបង្រួម​ជាតិ​ក្រោម​រដ្ឋធម្មនុញ​តែមួយ អភិវឌ្ឍន៍​ប្រទេសជាតិ​គ្រប់​ដំណាក់កាល​ដោយ​ចេញពី​បាតដៃ​ទទេរ និង ការ​នៅ​ជាមួយ​ប្រជាជន​គ្រប់​គ្រា​និង​គ្រប់ កាលៈទេសៈ​។​ជាពិសេស​ក្នុង​គ្រា​លំបាក​មិន​ថា​គ្រោះមហន្តរាយ​ទឹកជំនន់​ឬ​ក្នុងដំណាក់កាល​កូ​វីដ​១៩​គណបក្ស​ប្រជាជន​នៅ​ជាមួយ​ប្រជាជន និង​រួម​ដោះស្រាយ​បញ្ហា និង​ផ្តល់​ការផ្គត់ផ្គង់​ជូន​ប្រជាជន​៕សរន