ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង ការពារជាតិ ស្នើសុំ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ប្រគល់​ស្ថានីយ​បូមទឹក ជូន​អ្នកភូមិ​កងមាស កាន់កាប់​ប្រើ ប្រាស់ ជា​សមូហភាព​វិញ ក្រោយពី​អ្នកភូមិ​ជាច្រើន​គ្រួសារ រស់នៅក្នុង​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បាន​ប្ដឹង​ក្រុមអាជីវករ​ឯកជន​មួយក្រុម ដែល​បាន​អះអាងថា ខ្លួន​ជា​ប្រធាន សហគមន៍ ផ្គត់ផ្គង់​ទឹក ដែលមាន​ប្ដី ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ហើយ​បាន​គាបសង្កត់​ពលរដ្ឋ ក្នុង​មូលដ្ឋាន ដោយ​ផ្គត់ផ្គង់​ទឹក​មិន​គ្រប់គ្រាន់ នាពេល​កន្លងមក​នោះ​។

​នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រុំ ជឿន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន អធិការកិច្ច​ក្រសួងការពារជាតិ បាន​ដឹកនាំ​កម្លាំង ក្រុមការងារ ចុះមក​ពិនិត្យ​ស្រាវជ្រាវ និង​ដោះស្រាយ តា​មនុ​សាសន៍​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយបាន​ស្នើសុំ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ប្រគល់​ស្ថានីយ​បូមទឹក ភូមិ​កងមាស ជូន​ប្រជាពលរដ្ឋ ភូមិ​កងមាស ប្រើប្រាស់ ជា​លក្ខណៈ សមូហភាព​វិញ​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ​នេះ តំណាង​ប្រជាកសិករ នៅក្នុង​ភូមិ​កងមាស បាន​និយាយ​ឲ្យ​ដឹងថាៈ កន្លងមក ការផ្គត់ផ្គង់​ទឹក ជូន​កសិករ ក្នុងភូមិ លោកស្រី អ៊ូ ប៉ែន បាន​អះអាងថាៈ ជា​សហគមន៍​ផ្គត់ផ្គង់​ទឹក និង​ប្ដី​ឈ្មោះ ផង់ សុភឿន ( ពាក់​ស័ក្តិ​៥ ) ជា​មន្ត្រី​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​គាបសង្កត់ មកលើ​ប្រជាកសិករ ជាច្រើន​រឿង ដូចជា ពេល​មានទឹក ក្នុង​ប្រឡាយ​មេ​ហើយ តែ​បង្ហូរទឹក​បញ្ចូល ក្នុង​ស្រែ​មិនបាន ប្រជាកសិករ បានដាក់​កូន​ម៉ាស៊ីន​តូច​ខ្លួនឯង បូមទឹក​បន្ត ដាក់ចូល​ស្រែ ត្រូវបាន​លោកស្រី អ៊ូ ប៉ែន ទារ​យកលុយ​ក្រៅ​ទៀត គឺ​ក្នុង​ម៉ាស៊ីន ១​គ្រឿង យក ១៥ ម៉ឺន​រៀល បូក​បន្ថែម​លើ​ថ្លៃ​ផ្គត់ផ្គង់​ទឹក ក្នុង ១ ហិកតា ៣០ ម៉ឺន​រៀល បន្ថែមទៀត​។

​ដោយឡែក ពេល​ផ្គត់ផ្គង់​ទឹក មិន​គ្រប់គ្រាន់​ស្រូវ​ស្វិត មិន​ទទួលផល​ល្អ គាត់​ក៏​ទារ​ឱ្យ​បង់លុយ​ថ្លៃ គ្រប់​ចំនួន​ដែរ ។ ពេល​ប្រជាពលរដ្ឋ ជួបជុំគ្នា ប្រុង​ធ្វើលិខិត​សំណូមពរ ទៅ​ថ្នាក់លើ ឱ្យជួយ​ដោះស្រាយ គាត់​និង​ប្ដី ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស អាង​អំណាច អាង​បក្ខពួក ប្តឹង​ប្រជាពលរដ្ឋ ទៅ​នគរបាល បិទ​សិទ្ធិ​ប្រជាពលរដ្ឋ ព្រោះតែ​ហេតុនេះហើយ ទើប​ពួកគាត់​ជា​កសិករ នាំគ្នា​ដាក់​បណ្ដឹង ទៅ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឲ្យ​ជួយ​ដោះស្រាយ បញ្ហា​នេះ​ផង​។

​ដោយឡែក លោក នុប ហូ​យ មេភូមិ​កងមាស បានបញ្ជាក់​ឱ្យដឹងថាៈ លោក​ទើបតែ​ឡើង​ធ្វើជា មេភូមិ​កង មាស នៅ​ឆ្នាំ​២០១៩ ជាង ២ ឆ្នាំនេះ​ទេ ប៉ុន្តែ​លោក​មិនបាន​ដឹងថា ក្នុងភូមិ​កងមាស ថ្នាក់ឃុំ ថ្នាក់ស្រុក បាន​បង្កើត​សហគមន៍ កសិករ​ផ្គត់ផ្គង់​ទឹក ភូមិ​កងមាស នេះ​ពី​ពេលណា​មក​នោះទេ គឺ​អត់​មាន​ទេ ហើយ​កន្លងមក ប្រជាកសិករ ពិតជា​ជួប​ការលំបាក​មែន ក្នុង​រឿង​ផ្គត់ផ្គង់​ទឹក របស់​ក្រុម​លោកស្រី អ៊ូ ប៉ែន ដែលមាន​ប្ដី ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជា​ខ្នងបង្អែក ធ្វើបាប​ប្រជាកសិករ ដោយ​ជាក់ស្តែង កន្លងមក ក្រុម លោកស្រី អ៊ូ ប៉ែន ក៏បាន​លុប​ប្រឡាយ​មេ ១​ខ្សែ ប្រវែង ៥០០ ម៉ែត្រ ក្នុងភូមិ​កងមាស ដែល​អង្គការ​បាសាក់ បាន​ជួយ​ធ្វើ ដោយ​គ្មាន​អាជ្ញាធរ​ណា បាន​ដឹងឮ ធ្វើការ​ទប់ស្កាត់​នោះឡើយ ។​

​ហើយ​ការផ្គត់ផ្គង់​ទឹក កន្លងមក ក៏​ពុំបាន​បរិបូណ៌​គ្រប់គ្រាន់ ទៅតាម​តម្រូវការ របស់​ប្រជាពលរដ្ឋ​ឡើយ ទើប​ប្រជាពលរដ្ឋ ក្នុងភូមិ​ជាច្រើន​នាក់ បាន​ប្ដឹងទៅ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​រដ្ឋមន្ត្រីក្រសួង ការពារជាតិ ឲ្យ​ជួយ​ដោះស្រាយ ។​

​ទាក់ទង​នឹង​ការចោទប្រកាន់ ខាងលើនេះ លោកស្រី អ៊ូ ប៉ែន បាន​អះអាងថាៈ គាត់​ជា​ប្រធាន​សហគមន៍ ផ្គត់ផ្គង់​ទឹក​ក្នុងភូមិ​កងមាស (​មាន​ប្ដី​ឈ្មោះ ផង់ សុភឿន ពាក់​ស័ក្តិ​៥ ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ ប្រទេស​) នៅ​ព្រឹក​ថ្ងៃទី ២ ខែកញ្ញា ម្សិលមិញ​នេះ បាន​ឆ្លើយ​បំ ភ្លឺ​ឲ្យ​ក្រុម​អ្នកយកព័ត៌មាន​យើង ដឹងថាៈ ស្ថានីយ​បូមទឹក និង​ប្រឡាយ​មេ ប្រវែង ៣៥០ ម៉ែត្រ សំរាប់​ផ្គត់ផ្គង់​ទឹក​ស្រែ ក្នុងភូមិ​កងមាស​នេះ កន្លងមក គឺ​អង្គការ​បាសាក់ ជា​អ្នក​កសាង ប៉ុន្តែ​ក្រោយពី​អង្គការ​បាសាក់ ឈប់​ទៅ រូបគាត់ បានទទួល​សិទ្ធិ ជា​ប្រធាន​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក ភូមិ​កងមាស ពី​លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តកំពង់ឆ្នាំង តាំងពី​ឆ្នាំ ២០១១ រហូតដល់​បច្ចុប្បន្ននេះ​។

​ក្រោយពី​ទទួលបាន​សិទ្ធិ​នេះ គាត់​បាន​ជីក​ស្ដារ​ប្រឡាយ​មេ បាន ២០០ ម៉ែត្រ​បន្ថែម និង​បាន​ស្តារ ប្រឡាយ រងជើង​ក្អែក បាន ៤ ខ្សែ ប្រវែង ៥០០ ម៉ែត្រ​ទៀត ដើម្បី​ផ្គត់ផ្គង់​ទឹក ជូន​កសិករ ក្នុងភូមិ ចំនួន ៦៩ គ្រួសារ ដែលមាន​ផ្ទៃដី​ស្រែ ជិត ១០០ ហិកតា ដោយបាន​យក​កម្រៃ ផ្គត់ផ្គង់​ទឹក​ស្រែ ក្នុង ១ ហិកតា ៣០ ម៉ឺន​រៀល ក្នុង​មួយ​រដូវ ។ ប៉ុន្តែ​កន្លងមក ពេល​ប្រមូល​ផល​ស្រូវ ក៏មាន​កសិករ មួយចំនួន មិនបាន​បង់ លុយ ផ្គត់ផ្គង់​ទឹក ជូន​គាត់​ផងដែរ​ដែរ ។​

​ទន្ទឹមនឹង​ការបំភ្លឺ​ជូន ក្រុម​អ្នកសារព័ត៌មាន​យើង លោកស្រី អ៊ូ ម៉ែន ក៏បាន​បង្ហាញ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១១ របស់លោក​ស្រី (​ម៉ន ប៉ែន ឥឡូវ ដូរ​មក​ឈ្មោះ អ៊ូ ប៉ែន​) ជា​តំណាង​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក ភូមិ​កងមាស ស្នើសុំ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក សុំ​ជួសជុល​ស្តារ​ប្រឡាយ ប្រវែង ២០០ ម៉ែត្រ ក្នុងភូមិ​កងមាស​។ ដោយ​លោកស្រី បាន​អះអាងថា លិខិត​នេះហើយ ជា​លិខិត ដែល​មន្ទីរ​ធនធានទឹក​ខេត្ត បាន​ចាត់តាំង និង​ប្រគល់​សិទ្ធិ​ឲ្យ​លោកស្រី ធ្វើជា​ប្រធាន​សហគមន៍ ផ្គត់ផ្គង់​ទឹក ជូន​ប្រជាពលរដ្ឋ ភូមិ​កងមាស (​ការពិត គឺជា​លិខិត​ស្នើសុំ​ជួសជុល ស្តារ​ប្រឡាយ​មេទឹក​សោះ​ហ្នឹង​)​។​

​ទាក់ទង​នឹង​ការចុះពិនិត្យ ស្រាវជ្រាវ​ជាក់ស្តែង លើ​ករណី​ទំនាស់ ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រុំ ជឿន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន អធិការកិច្ច ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថាៈ ក្រោយពី​ក្រុមការងារ អធិការកិច្ច​ក្រសួង បាន​ចុះមក​សិក្សា​ស្រាវជ្រាវ និង​រាយការណ៍​ជូន​ថ្នាក់ លើ​រួច កន្លងមក លើ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ភូមិ​កងមាស​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ដោះស្រាយ​រួចហើយ ដោយ​សម្ដេច បានស្នើ​សុំ​មក​អាជ្ញាធរខេត្ត រួចហើយ សុំ​ប្រគល់​ស្ដា​នី​យ​បូមទឹក ភូមិ​កងមាស​នេះ ជូន​ប្រជាពលរដ្ឋ ភូមិ​កងមាស កាន់កាប់​ប្រើប្រាស់ គ្រប់គ្រង​ជា​សមូហភាព​វិញ ព្រោះថា លោក​វិ​រៈ​សេនីយ៍​ឯក ផង់ សុភឿន មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រពន្ធ​ឈ្មោះ អ៊ូ ប៉ែន មិនមែនជា​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក ស្របច្បាប់​នោះទេ ត្រូវតែ​ដកខ្លួន​ចេញ​វិញ ៕/V