ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយ​បង្ការ​ទុក​មុន នូវ​ហានិភ័យ និង​គ្រោះអាសន្ន ពី​ទឹកជំនន់ ធ្លាក់​មកពី​ស្រុក​ម៉ាឡៃ និង​មកពី​ព្រំដែន​ថៃ​នោះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​បើកទ្វារ​ទឹក​មួយចំនួន និង​កាយ​ផ្ដាច់​ផ្លូវលំ មួយកន្លែង ដើម្បី​បញ្ចៀស​ទឹកជំនន់​មក ក្នុងភូមិ​សុខសាន្ត សង្កាត់​និមិត្ត ដូច​រាល់​ឆ្នាំ​។​

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត អមដំណើរ​ដោយ អភិបាលរងក្រុង មន្ត្រីរដ្ឋបាល ក្រុមការងារ​សង្កាត់ កងកម្លាំង​សមត្ថកិច្ច​ទាំង ៣ ប្រភេទ បាន​ចុះ​ពិនិត្យ សិក្សា​រក​ប្រភព រំដោះ​ទឹកជំនន់ នៅ​សំណង់​ទ្វារ​ទឹក កម្ពុជា​-​ចិន​ក្នុងភូមិ​សុខសាន្ត ក្នុង​គោលបំណង បញ្ចៀស​ការ​ជន់​លិច​។​

​លោក គាត ហ៊ុល និង​ក្រុមការងារ បានអោយដឹងថាៈ ជា​លទ្ធផល អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត សម្រេច​បើកទ្វារ​ទឹក មួយចំនួន និង​បាន​កាយ​ផ្ដាច់ ១​កន្លែង ផ្លូវលំ​មួយ​ខ្សែ ដើម្បី​បញ្ចៀស​ទឹកជំនន់ លិច​ទីតាំង​វត្ត​អារាម លំនៅដ្ឋាន​ប្រជាពលរដ្ឋ មួយចំនួន ក្នុងភូមិ​សុខសាន្ត និង​ប្រជុំជន​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕/V​