​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ដែល​មិនទាន់​ចាក់​វ៉ាក់សាំង សូម​រួសរាន់ អញ្ជើញ​មក​ទទួល ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​។

​លោក​អភិបាលខេត្ត បាន​អំពាវនាវ​បែបនេះ នា​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងឱកាស​ដែល​លោក បាន​ចុះសាកសួរ​សុខទុក្ខ ក្រុមការងារ​ចាក់​វ៉ាក់សាំង និង​ក្រុមការងារ ពាក់ព័ន្ធ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ផ្តាំផ្ញើ​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រៀបចំ សណ្តាប់ធ្នាប់ ឲ្យ​បានល្អ ជូន​ប្រជាពលរដ្ឋ ដែលមាន​អាយុ ១៨ ឆ្នាំ​ឡើង និង កុមារ​ដែលមាន​អាយុ ចាប់ពី ១២​ឆ្នាំ ដល់​១៧ ឆ្នាំ ដែល​មក​ទទួល ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស​នោះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ក៏បាន​ឧម​ត្ថ​ម្ភ​ថវិកា ៥០០ ដុល្លារ ជូន​ដល់​ក្រុមការងា​មន្ទីរពេទ្យ ២៥០ ដុល្លារ ជូន​ដល់​ក្រុមការងារ​ពាក់ព័ន្ធ និង ២៥០ ដុល្លា​ជូន​ដល់​សន្តិសុខ និង​ប្រជា​ការពារ រៀបចំ​សណ្តាប់ធ្នាប់​។​

​លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាវ​ជ្រៅ ដល់​លោក​អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់ ដល់​ក្រុមគ្រូពេទ្យ និង​អ្នកពាក់ព័ន្ធ ក្នុង​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​៕/V​