ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់ អញ្ជើញមកទទួល ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក បានចុះសាកសួរសុខទុក្ខ ក្រុមការងារចាក់វ៉ាក់សាំង និងក្រុមការងារ ពាក់ព័ន្ធនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជួរមុខ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំ សណ្តាប់ធ្នាប់ ឲ្យបានល្អ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ ឆ្នាំឡើង និង កុមារដែលមានអាយុ ចាប់ពី ១២ឆ្នាំ ដល់១៧ ឆ្នាំ ដែលមកទទួល ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានឧមត្ថម្ភថវិកា ៥០០ ដុល្លារ ជូនដល់ក្រុមការងាមន្ទីរពេទ្យ ២៥០ ដុល្លារ ជូនដល់ក្រុមការងារពាក់ព័ន្ធ និង ២៥០ ដុល្លាជូនដល់សន្តិសុខ និងប្រជាការពារ រៀបចំសណ្តាប់ធ្នាប់។
លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ដល់លោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ដល់ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធ ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕/V