ដោយៈ ដេប៉ូ / ភ្នំពេញៈ យោងតាម​លទ្ធផល នៃ​ការតាមដាន និង​កត់ត្រា​ស្ថានភាព​ប្រជាសាស្ត្រ​សត្វ​ត្មាត ដែល​បាន​ធ្វើឡើង ក្នុង​ថ្ងៃ​ផ្សេងគ្នា ក្នុង​ចន្លោះ​ខែកក្កដា និង​ខែសីហា ឆ្នាំ​២០២១ កន្លងទៅ បានបង្ហាញ​ថាៈ សត្វ​ត្មាត ទាំងបី​ប្រភេទ ដែល​មាននៅ​ប្រទេស​កម្ពុជា​គឺ ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ មាន​វត្តមាន សរុប​ចំនួន ១៤០ ក្បាល ពោល​មានការ​កើនឡើង ចំនួន​ជាង​មុន​។​

​ស្ថិតិ​នេះ ធ្វើឡើង នៅក្នុង​អាហារ​ដ្ឋា​ន​ត្មាត សំខាន់ៗ ចំនួន ៤ កន្លែង នៅ​តំបន់ការពារធម្មជាតិ កម្ពុជា​គឺ​៖ អាហា​រដ្ឋា​ន​ត្មាត ដែនជម្រកសត្វព្រៃ សៀម​ប៉ាង ក្នុង​ខេត្តស្ទឹងត្រែង​, អាហា​រដ្ឋា​ន​ត្មាត ដែនជម្រកសត្វព្រៃ ឆែប ក្នុង​ខេត្តព្រះវិហារ​, អាហា​រដ្ឋា​ន​ត្មាត ដែនជម្រកសត្វព្រៃ​សំបូរ ក្នុង​ខេត្តក្រចេះ និង​អាហារ​ដ្ឋា​ន​ត្មាត ដែនជម្រកសត្វព្រៃ ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។​

​គួរ​បញ្ជាក់ដែរថា សត្វ​ត្មាត​ទាំងបី​ប្រភេទ​នេះ សុទ្ធសឹងតែ​ត្រូវបាន​ចាត់ថ្នាក់ ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ក្នុង​បញ្ជី​ក្រហម នៃ​អង្គការ IUCN ។​

​ជុំវិញ​លទ្ធផល​រាប់បាន នៅ​ខែ​ចុងក្រោយ​នេះ យើង​ឃើញថាៈ អាហា​រដ្ឋា​ន​ត្មាត នៅ​ដែន​ជម្រក សត្វព្រៃ​សំបូរ មានការ​កើនឡើង នូវ​ចំនួន​សត្វ​ត្មាត គួរឱ្យកត់សម្គាល់​។

អ្នកវិទ្យាសាស្ត្រ នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បាន​សម្តែង​ការអបអរសាទរ ចំពោះ​សញ្ញាណ វិជ្ជមាន នៃ​ស្ថានភាព​សត្វ​ត្មាត ទាំងបី​ប្រភេទ ខណៈដែល​ពិភពលោក តែង​ប្រារព្ធ​ទិវា​អន្តរជាតិ នៃ​ការយល់ដឹង អំពី​សត្វ​ត្មាត នៅ​សប្តាហ៍​ទី​១ នៃ​ខែកញ្ញា ជា​រៀងរាល់ឆ្នាំ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន បាន​ថ្លែងថាៈ នេះ​គឺជា​ដំណឹង​ដ៏​ល្អ សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវៈចម្រុះ នៅ​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​។​

​លោក​បាន​មានប្រសាសន៍ថាៈ «​ក្នុងនាម​ក្រសួងបរិស្ថាន សូម​កោតសរសើរ ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ នៃ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ទាំងអស់ នៃ​ក្រុមការងារ អភិរក្ស​សត្វ​ត្មាត​កម្ពុជា ក៏ដូចជា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច​របស់ខ្លួន នៅតាម​តំបន់ការពារធម្មជាតិ​នានា ដើម្បី​ការពារ និង​អភិរក្ស​ទីជម្រក​ធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ ដែលមាន​វត្តមាន​សត្វ​ត្មាត ពោលគឺ បាននិងកំពុង​ធ្វើឱ្យ តំបន់​ធម្មជាតិ​នេះ មាន​សុវត្ថិភាព កាន់តែខ្លាំង​ឡើង​ថែមទៀត សម្រាប់​សត្វ​ត្មាត និង​សត្វព្រៃ​ទាំងអស់ ដោយ​ខិតខំ​ប្រឹងប្រែង ការពារ​ព្រៃឈើ ជាទី​ជម្រក អាហារ និង​ប្រភពទឹក សម្រាប់​សត្វព្រៃ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​។​

​ជា​លទ្ធផល នៃ​ការស្រាវជ្រាវ​នេះដែរ អ្នកវិទ្យាសាស្ត្រ ក៏បាន​កត់ត្រា​ទុក ជាពិសេស នូវ​ការវិលត្រឡប់ របស់ សត្វ​ត្មាត​ត្នោត និង​ត្មាតផេះ មកកាន់​ទ្រនំ​របស់​ពួកវា​វិញ ក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក ខេត្តមណ្ឌលគិរី ក្រោយ​អវត្តមាន ពី​ទីនោះ អស់​រយៈពេល​ជាង ៥ ឆ្នាំ​។ ទន្ទឹមនឹង​នេះដែរ លទ្ធផល នៃ​ការរាប់​ចំនួន​សត្វ​ត្មាត ដោយ​អាហារ​ដ្ឋា​ន​ត្មាត នៅ​ដែនជម្រកសត្វព្រៃ​សំបូរ នៃ​តំបន់​ទេសភាព ព្រៃ​លិច​ទឹក​មេគង្គ បាន​បង្ហាញថា ចំនួន​សត្វ​ត្មាត សរុប​ទាំងបី​ប្រភេទ បញ្ចូល​គ្នា បាន​កើនឡើង​ទ្វេដង សម្រាប់​តំបន់​នេះ ពោលគឺ​ពី​ចំនួន ២០ ក្បាល ដល់​ចំនួន ៤១ ក្បាល សម្រាប់​រយៈពេល ពីរ​ខែ​ចុងក្រោយ គឺ​ចន្លោះ​ចុងខែ​មិថុនា ដល់ ចុងខែ​សីហា ឆ្នាំ​២០២១ នេះ​។​

​លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បាន​មានប្រសាសន៍ថាៈ «​ខ្ញុំ​សូម​ចូលរួម អបអរ សម្រាប់​ដំណឹង​ដ៏​ល្អ​នេះ ដែល​វា​ពិតជា​បាន លើកទឹកចិត្ត ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស ក្រុមការងារ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ ក្រសួងបរិស្ថាន ក្រុមការងារ​នៃ​កម្មវិធី​អភិរក្ស តំបន់​ព្រៃ​ទេសភាព ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា និង​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ នៃ​អង្គការ​ដៃគូ​ទាំងអស់ ក្នុងការ​បង្កើន កិច្ចខិតខំ​ប្រឹងប្រែង ជាប្រចាំ​បន្ថែមទៀត សំដៅ​ជំរុញ​ឱ្យចំ​នួន​សត្វ​ស្លាប​ទាំងនេះ មាន​កំណើន​ឡើងវិញ នៅ​ថ្ងៃ​ខាងមុខ​»​។​

​លោក​បាន​ថ្លែង​ទៀតថាៈ «​លទ្ធផល​ជាច្រើន ដែល​ស្ថាប័ន​ជំនាញ មន្ត្រី​ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ ប្រជាជន​មូលដ្ឋាន និង​ដៃគូ​ទាំងអស់ សម្រេចបាន ក្នុង​រយៈពេល​កន្លងមក ដើម្បី​គ្រប់គ្រង តំបន់ការពារធម្មជាតិ ជា​កត្តា​រួមចំណែក យ៉ាងសំខាន់ ដល់​ការរស់រាន​របស់​សត្វ​ត្មាត​សំខាន់ៗ​ទាំងនេះ​។ វា​ជា​ការវិវត្ត​ដ៏​វិជ្ជមាន​មួយ ដែល​ផ្តល់​ជា​ក្តីសង្ឃឹម សម្រាប់​ការអភិរក្ស ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា​»​។​

​យ៉ាងណាក្តី ក្នុងឱកាស​នៃ​ទិវា​អន្តរជាតិ ដើម្បី​យល់ដឹង អំពី​សត្វ​ត្មាត​នេះដែរ ក្រុម​អ្នកវិទ្យាសាស្ត្រ និង​ស្រាវជ្រាវ សត្វ​ត្មាត​កម្ពុជា ក៏បាន​សម្តែង​នូវ ការព្រួយបារម្ភ ចំពោះ​វត្តមាន សត្វ​ត្មាត នៅ​កម្ពុជា ដែល​កំពុង​ទទួលរង ការគំរាមកំហែង ជិត​ផុត​ពូជ​។ បញ្ហា​ប្រឈម​ចម្បងៗ របស់​សត្វ​ត្មាត រួមមាន ការបាត់បង់​ទីជម្រក ការបំពុល ការពុល​នឹង​សារធាតុ​គីមី ដែល​គេ​ប្រើប្រាស់ សម្រាប់​គោលដៅ​ផ្សេង និង​សកម្មភាព​រំខាន ដោយ​មនុស្ស វត្តមាន​ថ្នាំ​ព្យាបាល​សត្វ Diclofenac ការបរាជ័យ​នៃ​ការពង​កូន និង​កង្វះ​ចំណីអាហារ​។​

​ដើម្បី​ការពារ និង​ស្តារ​ចំនួន​សត្វ​ត្មាត ឱ្យមាន​ចំនួន​កើនឡើង​វិញ យើង​ចាំបាច់ ត្រូវ​រួមគ្នា​រៀបចំ និង​អនុវត្ត ជាបន្ទាន់ នូវ​វិធានការ​អភិរក្ស សមស្រប​នានា សំដៅ​ជំរុញ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ការពារ ធនធាន​ព្រៃឈើ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្លាំងក្លា​បន្ថែមទៀត សម្រាប់​ផ្តល់​ជាទី​ជម្រក​ដល់​សត្វ​ត្មាត និង​សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងៗ​ទៀត ក៏ដូចជា ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ របស់​កម្ពុជា ទៅនឹង​ហានិភ័យ នៃ​ការប្រែប្រួល អាកាសធាតុ​។ មិនតែប៉ុណ្ណោះ ការធានាបាន​នូវ ការរស់រាន​របស់​ស​ត្វ​ត្មាត មាន​សារៈសំខាន់​ណាស់ ព្រោះ​សត្វ​ត្មាត ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ថែរក្សា​បរិស្ថាន ដោយសារតែ​វា ជា​ភ្នាក់ងារ​សម្អាត​សាកសព​សត្វ ក្នុង​បរិស្ថាន​ធម្មជាតិ ដែល​ជួយ​កាត់បន្ថយ ការរីក​រាលដាល នៃ​ជំងឺឆ្លង​ផ្សេងៗ ពី​សត្វ​ងាប់​។​

​លោក Alistair Mould ប្រធាន​ប្រតិបត្តិ អង្គការ​សមាគម អភិរក្ស​សត្វព្រៃ និង​ជា​សហប្រធាន ក្រុមការងារ​អភិរក្ស សត្វ​ត្មាត​កម្ពុជា បាន​មានប្រសាសន៍ថាៈ «​វា​ពិត​ជាមាន​សារៈសំខាន់ ខ្លាំងណាស់ ដែល​យើង​ត្រូវ​ធ្វើការ យ៉ាង​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ដើម្បី​បង្កើន​ការយល់ដឹង និង​ការពារ​ទប់ស្កាត់ សកម្មភាព​បំពុល គ្រប់​ប្រភេទ ដើម្បី​ជួយសង្គ្រោះ សត្វ​ត្មាត​នៅ​កម្ពុជា ពី​ការ​ផុត​ពូជ​»​។​

​សូម​រំឭកថា លទ្ធផល​ជំរឿន​សត្វ​ត្មាត ថ្នាក់ជាតិ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២១ បាន​បង្ហាញថា សត្វ​ត្មាត​មាន​ចំនួន​សរុប ចំនួន ១២១ ក្បាល ក្នុងនោះ​មាន​ត្មាតភ្លើង ២០ ក្បាល​, ត្មាតផេះ ៦៦ ក្បាល និង​ត្មាត​ត្នោត ៣៥ ក្បាល​។ កាលបរិច្ឆេទ​សម្រាប់ ការធ្វើជំរឿន​សត្វ​ត្មាត ទូទាំងប្រទេស លើក​ទី​៤ ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២០ ខែកញ្ញា ខាងមុខនេះ​។​

​លោក ប៊ូ វរ​សក្ស នាយក​ស្តីទី អង្គការ​ជីវិត​ធម្មជាតិ នៅ​កម្ពុជា និង​ជា​នាយក​កម្មវិធី​អង្គការ BirdLife បាន​មានប្រសាសន៍ថាៈ «​នៅ​ដែនជម្រកសត្វព្រៃ លំផាត់ សំបុក​ត្មាត ចុងក្រោយ បាន​រកឃើញ ក្នុង​ឆ្នាំ​២០១៦​។ ការថយចុះ​នៃ​ចំនួន​សំបុក​ត្មាត ទូទាំងប្រទេស ជា​កត្តា​គួរឱ្យ​បារម្ភ ដែល​តម្រូវឱ្យមាន ការសិក្សា​ស្រាវជ្រាវ និង​បង្កើន​វិធាន ដើម្បី​ការពារ សំបុក​បន្ថែមទៀត​។ យើងខ្ញុំ​សូម​អំពាវនាវ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជា​សហគមន៍ ឱ្យ​ចូលរួម​ទប់ស្កាត់ ការកាប់បំផ្លាញ​ដើមឈើ​ធំៗ ដែល​ត្មាត​ជ្រើសរើស ដើម្បី​កាច់​សំបុក និង​ការឡើង​យក​ពង​កូន​សត្វ​ជាដើម​»​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ​ថា លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ថាៈ «​សូម​ស្នើ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ត្មាត ដែលជា​ប្រភេទ​សត្វ កម្រ​នេះ​បន្ថែមទៀត ដោយ​ចូលរួម​ការពារ ទីជម្រក លុបបំបាត់​ការបំពុល​នានា បញ្ឈប់​ការដាក់​អន្ទាក់ និង​ការ​បរបាញ់ និង​បញ្ឈប់​សកម្មភាព​រំខាន ដោយ​មនុស្ស​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍ ដល់​ប្រព័ន្ធ​អេកូឡូស៊ី ភាពសម្បូរ​បែប​នៃ​ជីវៈចម្រុះ និង រក្សាបាន​កេរតំណែល​ធម្មជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​បន្តទៀត​»​។​

​សមាជិក​ស្នូល នៃ​ក្រុម​អភិរក្ស​សត្វ​ត្មាត​កម្ពុជា (CVWG) រួមមាន​ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​(MAFF) មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវៈចម្រុះ (ACCB) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (BirdLife in Cambodia) អង្គការ​សមាគម អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ក្រុមហ៊ុន​Rising Phoenix និង​សមាជិក​សាមញ្ញ រួមមាន សមាគម​មគ្គុទ្ទេសក៍​បក្សី​កម្ពុជា (CBGA) សំ វាសនា ខន់​សឺ​វេ​សិន​ធួរ (SVC) និង​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ (CBC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕/V