ឆ្នាំជូត​

​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ស្មារតី​ប្រុងប្រយ័ត្ន និង ប្រើ​បញ្ញា​ជា​អាវុធ​ជាមួយ​អ្នកដទៃ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ងា​យ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ចេះ​ថ្លឺ​ង​ថ្លែង និង​ចេះ​យកចិត្ត​ក្រុមមនុស្ស​ខ្លះ​ទើប​គ្មាន​បញ្ហា​ប្រទាំង​ប្រទើស​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ខ្សត់ខ្សោយ​ក្នុ្ង​ង​ការរកចំណូល​បន្តិច ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែមទៀត ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ពីព្រោះ​ធ្វើ​អ្វីៗ​ពុំ​សូវ​សម្រេច និង មានការ​រាំងស្ទះ​ច្រើន​។​ក្នុងថ្ងៃនេះ​បើទោះបី​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​គប្បី​មានការ​ធ្វេសប្រហែស​ឱ្យសោះ​ពិសេស​កិច្ចការងារ​ថ្មីៗ​ពីព្រោះ​ងាយ​ជះ​ផល​អាក្រក់​យូរអង្វែង​ទៅ​គ្រា​ខាងមុខ ។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​ឬ​សូម្បីតែ​រោគ​ជំងឺ​បៀតបៀន​យាយី​។​នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំម្សាញ់​លោកអ្នក​ទទួលរង​ផល​លំបាក​បន្តិច ពិសេស​បញ្ហា​ប្រាក់កាស ត្រូវ​រែកពន់​ច្រើន ហើយ​បើ​មាន​ជំពាក់​អ្នកដទៃ​ផង អាច​ទទួលរង​គេ​ទារ​មុខក្រោយ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស និង ធ្វើ​កិច្ចការងារ​អាច​ត្រូវគេ​ចោទប្រកាន់​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។
រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នៅមាន​ចំពោះមុខ​ច្រើន​។​ក្នុង​រយៈពេល​នេះ​ចំពោះ​បុគ្គលិក កម្មករ មិនត្រូវ​បង្ក​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ ឬ ថៅកែ​ឡើយ​ពុំនោះ​នឹង​អាច​បាត់បង់​តួនាទី និង​កន្លែងធ្វើការ​ជាក់​ជាពុំខាន ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​
​ការប្រកប​ការងារ​មាន​ភាព​សុខកាយ​បន្តិច​ពិតមែន តែ​បញ្ហា​ផ្លូវចិត្ត​ហាក់​មិនសូវ​សុខ​ប៉ុន្មាន​សោះឡើយ​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយគ្នា​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​តូចតាច​រីក​ជាធំ​ណាស់​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​បាន​ត្រឹម​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​សំខាន់​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥត​ធូរស្បើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។​បើ​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនឱ្យ​តានតឹង​អារម្មណ៍​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលផល​សម្រេច​តាម​បំណងប្រាថ្នា​សឹង​ទាំងអស់​។​ព្រោះតែ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​បើទោះបី​ដួង​រាសី​ខែ​នេះ​ប្រសើរ​ជាង​ខែសីហា​កន្លងមក​ក្តី ប៉ុន្តែ​ដួង​រាសី​នៅតែ​បន្ត​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ផល​លំបាក​នៃ​ដំណើរ​ជីវិត​នៅតែមាន​ចំពោះមុខ​នៅឡើយ​ទេ​។​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕