​ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាននិងកំពុង​ជំរុញ​ឱ្យ ក្រុមហ៊ុន​ម៉ៅការ ស្ថាបនា​ផ្លូវជាតិ​លេខ​២ និង ២២ បង្កើនល្បឿន ក្នុងការ​សាងសង់ ឱ្យបាន​ហ្មត់ចត់ ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស និង​ស្ថាបនា ឱ្យបាន​ទាន់ពេលវេលា​។​

​ទាក់ទង​នឹង​ការសាងសង់​ផ្លូវ​នេះ លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន សាធារណការ និង​ជានា​យក គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ផ្លូវជាតិ​លេខ ២-២២ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង ផ្លូវជាតិ​លេខ ២ និង ២២​។​

 

​ក្នុង​កិច្ចប្រជុំ​នោះដែរ មានការ​ចូលរួម​ផងដែរ ពី​លោក កែន រដ្ឋា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ជា​នាយករង​គម្រោង លោក ហ៊ាង វុត្ថា អគ្គនាយកដ្ឋាន​បច្ចេក​ទេស និង​ជា​នាយករង​គម្រោង ព្រមទាំង​តំណាង ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស តំណាង​ក្រុមហ៊ុន​ម៉ៅការ សាងសង់ ក្រុមហ៊ុន​ម៉ៅការ សាងសង់​បន្ត ព្រមទាំង​ក្រុមការងារ​បច្ចេកទេស ទទួលបន្ទុក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​អង្គប្រជុំ បាន​ពិភាក្សា និង​ជំរុញ​ការអនុវត្ត​គម្រោង ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ដោយបាន​ណែនាំ ដល់​ក្រុមហ៊ុន​ម៉ៅការ ក៏ដូចជា ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ជ្រើសរើស​វិធីសាស្ត្រ សាងសង់​ឱ្យបាន​ត្រឹមត្រូវ និង​សមស្រប ក្នុង​កំឡុង​រដូវវស្សា ពង្រឹង​ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ ការសាងសង់ នៅ​គ្រប់​កំណាត់​ផ្លូវ ឱ្យបាន​ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​រាំងស្ទះ ព្រមទាំង​កែសម្រួល នៅ​ចំណុច​សាងសង់​សំខាន់ៗ មួយចំនួន ចៀសវាង​ការរំខាន ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ និង​គ្រោះថ្នាក់ ដល់​អ្នកដំណើរ​។​

 

​សូមជម្រាបថា គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​នេះ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​គម្រោង​ផ្លូវ​នេះ មាន​ប្រវែង​សរុប ៧២,១៧ គីឡូម៉ែត្រ ក្នុងនោះ កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង ៦២,៥៦ គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ​២២ ពី​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ ។​

​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​នេះ នឹងត្រូវ​ពង្រីក​ពី ២​គន្លង ទៅ​៤ គន្លង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ ទៅវិញទៅមក ប្រកបដោយ​សុវត្ថិភាព​។ ការសាងសង់​ផ្លូវ​នេះ នឹង​ជួយ​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរ ឱ្យ​កាន់តែ​ល្អប្រសើរ ស្របតាម​កំណើន ប្រជាពលរដ្ឋ និង​កំណើន​យានយន្ត នាពេល​បច្ចុប្បន្ននេះ ថែមទាំង​ជំរុញ​កំណើន​វិស័យសេដ្ឋកិច្ច នៅ​កម្ពុជា មានការ​រីកចំរើន អាច​ទាក់ទាញ​អ្នកវិនិយោគ បាន​ច្រើន​ផងដែរ ។

 

​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នេះ គ្រោង​ចំណាយ​ថវិកា ៥៦,១​លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ គម្រោង​នេះ សាងសង់ ដោយ​យ​ក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់​រយៈពេល ៣០ ខែ គឺ​ពី​ខែតុលា ឆ្នាំ​២០១៩ ដល់​ខែមេសា ឆ្នាំ​២០២២៕/V​