តុលាការ​ឃុំខ្លួន​មនុស្ស​៣​នាក់​ករណី​ជួញដូរ​គ្រឿង​ញឿ​ន​ជិត​៤​គីឡូក្រាម​

994
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត​៤​គីឡូក្រាម បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​២៣​ខែឧសភា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​មេខ្លោង​និង​គូកន​ជា​បន្តទៀត​។​

​លោក​វរសេនីយ៍ឯក អ៊ិន សុង នាយការិយាល័យ​សេនាធិការ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​៣​ទីតាំង​ផ្សេងគ្នា និង​មាន​រយៈពេល​២​ថ្ងៃ​។​

​លោក​វរសេនីយ៍ឯក អ៊ិន សុង​បាន​បញ្ជាក់ទៀតថា ការបង្ក្រាប​នេះ​ដំបូង​ប្រើ​វិធាន​ញុះញង់​គឺ នៅវេលា​ម៉ោង​១១៖១០​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​តាប៉ាង សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ តេង ស៊ីថេន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដកហូត​បាន សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន Ice ទម្ងន់​៩៩.៨០​ក្រាម​។​
​រហូតដល់​វេលា​ម៉ោង​២៖៣០​រសៀល ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល​ជាន់​ទី​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ រ៉ុង ឌី​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ដកហូត​បាន សារធាតុ​ញៀន អិ​ច​ស្តា​ស៊ី MDMA ទម្ងន់​៧៨០.៩​ក្រាម​, សារធាតុ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់ ២,៣៣៤.៩៨ ក្រាម និង​សារធាតុ​កេ​តា​មីន K ទម្ងន់ ៣៩៣.៧២​ក្រាម​។ នៅវេលា​ម៉ោង​៣៖៣០​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវឌឿងហែម ផ្ទះ​១៥៨C ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សុខ រី​ខាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដកហូត​បាន សារធាតុ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់ ១៣.៣៦​ក្រាម​។​

​លោក​វរសេនីយ៍ឯក អ៊ិន សុង បាន​បញ្ជាក់ថា សរុប​ទាំង​៣​លើក ឃាត់​ជនល្មើស​៣​នាក់ និង​ដកហូត​វត្ថុតាង​បាន មេ​តំ​ហ្វេ​តា​មីន​ICE ទម្ងន់ ២,៤៤៨.១៤​ក្រាម​, អិ​ច​ស្តា​ស៊ី ទម្ងន់​៧៨០.៩​ក្រាម និង​កេ​តា​មីន K ទម្ងន់​៣៩៣.៧២​ក្រាម​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ