ដោយ:ភ្នំខៀវ/បាត់ដំបង:កងកម្លាំងទីចាត់ការការងារព្រំដែនបានកៀរគនូវជំនួយសប្បុរសផ្តល់ដល់អាជ្ញាធរក្រុងបាត់ដំបងចូលរួមសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ក្នុងឱកាសចុះប្រគល់គ្រឿងឧបភោគ បរិភោគដល់អាជ្ញាធរក្រុងបាត់ដំបងនៅថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ២០២១ លោក អឿន សំអាត នាយករងទីចាត់ការការពារព្រំដែននៃអគ្គបញ្ជាការនិយាយថាដោយមើលឃើញប្រជា ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងខេត្តជាប់តំបន់ព្រំដែនដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ បច្ចុប្បន្ន លោកឆ្លៀតឱកាស ជាមួយនឹងភរិយា កៀរគដៃគូក្រុមហ៊ុន C Dragon ដែលមានឈាមជ័រជាកូនខ្មែរ ហើយមានទឹកចិត្តជួយគ្នាក្នុងគ្រាមានអាសន្នប្រមូលនូវថវិកាទៅតាមលទ្ធភាពមួយចំនួនដើម្បីចូលរួមចំណែក ជួយពលរដ្ឋតាមរយ:អាជ្ញាធរក្រុងប្រយោជន៍ទុកសម្រាប់ចែកជូនដល់ពលរដ្ឋអ្នករងគ្រោះផ្សេងៗ ។

ចំណែកលោក លួម ផល្លី អគ្គនាយកក្រុមហ៊ុន C Dragon បានប្រាប់ឲ្យដឹងថាជំនួយដែលនាំយកមកសម្រាប់ ជួយសង្គ្រោះគ្រាបឋមដល់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះរួមមាន: ទឹកសុទ្ធចំនួន ១០០កេស, អាល់កុលចំនួន ៣កាន, មីចំនួន ៣កេសធំ, ម៉ាសចំនួន ១៥០ប្រអប់រួមទាំងថវិកាមួយចំនួន ទៀត។

តាងនាមអាជ្ញាធរក្រុងក្នុងតំបន់រងការប៉ះពាល់ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តដ៏ប្រពៃក្នុងស្មារតីជួយគ្នាក្នុងគ្រាមានការលំបាករបស់សប្បុរសជនទាំងអស់ ទាំងចំពោះពេលនេះ និងនាពេលកន្លងមក៕សរន