ដោយ:ម៉េងឆៃ / ភ្នំពេញ: ក្នុងសង្គមយើង ច្រើនតែរឿងហេតុដដែលៗ កើតឡើងដដែលៗ ដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍ ករណីចោរឆក់កាបូបតាមផ្លូវ និងករណីពុលស្រា បណ្តាលឲ្យស្លាប់ ជាដើម។ ករណីទាំងអស់នេះ កើតឡើងយូរឆ្នាំណាស់មកហើយ ក្នុងសង្គមយើង តែរឿងដដែលៗនេះ ក៏នៅតែបន្តកើតឡើង បណ្តាលឲ្យរងគ្រោះថ្នាក់ រហូតដល់ស្លាប់ ថែមទៀត មកដល់ពេលនេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកយើង ច្រើនតែកើតឡើង នៅពេលអ្នកបើកបរធ្វេសប្រហែស ហើយពេលគ្រោះថ្នាក់ ប៉ះពាល់ធ្ងន់ធ្ងរត្រូវក្បាល ដោយសារតែអ្នកបើកបរ និងអ្នកធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាព។ ដោយឡែកករណីចោរឆក់តាមផ្លូវ កើតឡើង ដោយសារតែមានអ្នកស្ពាយកាបូប ឬកាន់កាបូប ធ្វេសប្រហែស កាន់ទូរស័ព្ទនិយាយតាមផ្លូវ និងពេលធ្វើដំណើរតាមម៉ូតូ ឬក៏ពាក់ខ្សែក ចំហកអាវ ដែលផ្តល់ឱកាសឲ្យចោរ នៅពេលធ្វើដំណើរតាមម៉ូតូ ជាដើម។ រីឯករណីពុលស្រា ក៏កើតឡើង ដោយសារតែអ្នកចូលចិត្តផឹកស្រា មិនគិតពីសុខភាព និងគ្រោះថ្នាក់ ដែលកើតចេញពីស្រានោះទេ។
ក្នុងនោះ ករណីពុលស្រាចុងក្រោយនេះ បានសម្លាប់មនុស្ស ៣នាក់ទៀត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយយុវតីអាយុប្រហែលជាជាង ២០ឆ្នាំតិចតួចទាំងនោះ ទិញស្រាថ្នាំទំពាំងបាយជូ យីហោ «មាស ហុង» យកមកផឹក នៅបន្ទប់ជួល នៅទល់មុខផ្សារអ៊ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប បានស្រាវជ្រាវរកឃើញថា ករណីស្លាប់នោះ ដោយសារតែពុលស្រាថ្នាំ ដែលមានជាតិមេតាណុល ហើយបានរកឃើញសិប្បកម្មផលិតស្រាកែច្នៃ «មាស ហុង»ដែលមានអាសយដ្ឋាន ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មន្ត្រីជំនាញ រកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួន សម្រាប់ធ្វើជាវត្ថុតាង។
ជាមួយគ្នានេះ មន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ និងស្រាសសញ្ញា «មាស ហុង» ចំនួន ៤៨យួរ ( ១យួរ មាន ១២ដប ) យកទៅរក្សាទុកជាបណ្តោះអាសន្ន។
មន្ត្រីជំនាញ នឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីស្វែងរកស្រាថ្នាំ ដែលមានជាតិពុលនេះ។ មន្ត្រីជំនាញ ក៏បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិត ហើយអាជីវករទាំងអស់ ក៏ត្រូវបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូ និងស្រាសសញ្ញា មាស ហុង ព្រមទាំងត្រូវទាក់ទងប្រគល់ស្រានោះ ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីកម្ទេចចោល។
ជាការកត់សម្គាល់ ករណីពុលស្រាស ស្រាថ្នាំ បានកើតឡើងចុងក្រោយគេ កាលពីថ្ងៃទី២កក្កដា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិកោះជ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានសម្លាប់មនុស្ស ១០នាក់។ នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីខែឧសភា ឆ្នាំ២០២១ ក៏កើតមានករណីពុលស្រាស បណ្តាលឲ្យស្លាប់ ១០នាក់ផងដែរ។
ជាមួយគ្នានោះ ករណីពុលស្រាស ស្រាថ្នាំ ក៏បានកើតឡើងជាញឹកញាប់នៅតាមបណ្តាខេត្តនានា បណ្តាលឲ្យស្លាប់ និងចូលសង្គ្រោះបន្ទាន់ច្រើននាក់។ ក្នុងនោះ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ករណីពុលស្រា បានកើតឡើង នៅភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ ៧នាក់ សុទ្ធតែជាមនុស្សស្រី រីឯ ៩៦នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក មន្ទីរពេទ្យខេត្ត និងបញ្ជូនទៅមន្ទីរពេទ្យ នៅភ្នំពេញ។ ចំណែកនៅខែឧសភា នៅស្រុកល្វាឯម ខេត្តកណ្តាល ពុលស្រាស ស្រាថ្នាំ ស្លាប់ ១៤នាក់។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅភូមិលើឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏កើតមានករណីពុលស្រាសស្រាថ្នាំ បណ្តាលឲ្យស្លាប់បុរស ៣នាក់។ កាលពីឆ្នាំមុនៗ ក៏កើតមានករណីពុលស្រាសស្រាថ្នាំ បណ្តាលឲ្យស្លាប់ជាច្រើននាក់ផងដែរ។
នៅពេលកើតមានករណីពុលស្រាម្តងៗ ក្រសួងសុខាភិបាល ក៏បានសហការជាមួយក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញ ស្វែងរកប្រភពមូលហេតុ ឃើញថាស្រាទាំងនោះ មានជាតិមេតាណុលហួសកម្រិត។ ក្រសួងសុខាភិបាល និងមន្ត្រីអាជ្ញាធរខេត្តស្រុកឃុំភូមិ ក៏បានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងហាមឃាត់ការផលិត និងលក់ស្រា ដែលមិនមានប្រភពច្បាស់លាស់ទាំងនោះ។ អាជ្ញាធរសមត្ថកិច្ច ក៏បានចាត់វិធានការផ្លូវច្បាប់ ដោយមានចាប់អ្នកផលិតស្រា និងអ្នកលក់ស្រា ដែលរកឃើញ មានជាតិពុលមេតាណុល លើសកម្រិតទាំងនោះ បញ្ជូនទៅតុលាការ កាត់ទោសច្រើននាក់រួចមកហើយ។
កន្លែងបិតផលិតស្រាស រួមទាំងតៀមលក់ស្រាសស្រាថ្នាំ នៅក្នុងភូមិ ក៏ត្រូវបិទឈប់ឲ្យដំណើរការ។ ប៉ុន្តែវិធានការទាំងនេះ ហាក់ដូចជា បានត្រឹមតែទប់ស្កាត់ ហើយកើតហេតុពុលស្លាប់មនុស្សរួចហើយ ទើបចាត់ការ។ ដូច្នេះហើយ បានជានៅតែកើតមាននូវករណីពុលស្រាស ស្រាថ្នាំ បណ្តាលឲ្យមានអ្នកស្លាប់ និងចូលសង្គ្រោះបន្ទាន់ជាច្រើននាក់ដដែល។
ដូច្នេះចាប់ពីពេលនេះតទៅ មន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងអាជ្ញាធរសមត្ថកិច្ចខេត្តរាជធានី ស្រុកក្រុងខណ្ឌ ឃុំសង្កាត់ និងមន្ត្រីភូមិ គួរតែចាត់វិធានការទប់ស្កាត់ដូចភ្លៀងរលឹម។ ត្រួតពិនិត្យរាល់ថ្ងៃ នៅតាមមូលដ្ឋាន តាមកន្លែងលក់ចាប់ហ៊ួយ តៀមលក់ស្រាតាមភូមិ បើមានលក់ស្រាស ស្រាថ្នាំ ត្រូវត្រួតពិនិត្យ ហើយអប់រំ ណែនាំអ្នកលក់ទាំងនោះ ពីគ្រោះថ្នាក់នៃការលក់ស្រាសស្រាថ្នាំ ដែលផ្សំ ហើយមានជាតិមេតាណុលខ្ពស់ ហួសកម្រិត។ បើចង់លក់ស្រាសស្រាថ្នាំ ត្រូវតែមានប្រភពច្បាស់លាស់ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។
ចំណែកតាមផ្ទះបិតស្រា ឬកន្លែងផលិតស្រាស ក៏ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញត្រឹមត្រូវ។ ការផលិតស្រាស ត្រូវមានក្បួនខ្នាតត្រឹមត្រូវ និងអនាម័យស្អាតល្អ ហើយធានាថា ស្រាស ដែលបិតពីអង្ករទាំងនោះ មិនមានជាតិពុល ដូចអ្វីដែលខ្មែរយើង ផលិតតាមភូមិ ដែលមានសុវត្ថិភាពកន្លងមក។
ចំណែកអ្នកនិយមផឹកស្រាសស្រាថ្នាំវិញ ក៏គួរតែខ្លាចខ្លួនឯង។ ត្រូវតែមើលឲ្យបានច្បាស់លាស់ពីប្រភេទស្រា ដែលទិញផឹក។ បើទិញប៉ះស្រាសស្រាថ្នាំ លាយជាតិមេតាណុល គឺប្រៀបដូចជាទិញថ្នាំពុល ថ្នាំពិសមកផឹកសម្លាប់ខ្លួនដូច្នោះដែរ។ យកល្អ ឈប់ផឹកស្រាសស្រាថ្នាំតែម្តង ហើយបើថា ចង់ផឹកណាស់ ក៏គួរតែរកលុយទិញស្រាបៀរកំប៉ុងផឹក ទើបមានសុវត្ថិភាព។
ជាសរុបទៅ អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញ ត្រូវតែហាមឃាត់ និងផ្អាករាល់ការផលិតស្រាសស្រាថ្នាំ ដែលមិនមានច្បាប់អនុញ្ញាត ហើយដកហូតរាល់ស្រាថ្នាំ ដែលផលិតដាក់ដបជ័រ ទឹកសុទ្ធអង្កាញ់ៗ ព្រោះថា កាលពីពេលថ្មីៗនេះ ស្រាថ្នាំ តាំងគួយ ក៏បានសម្លាប់មនុស្ស មិនតិចទេ នៅខាងខេត្តបន្ទាយមានជ័យ។
ចំណែកអ្នករកស៊ីលក់ និងអ្នកផលិតស្រាសស្រាថ្នាំ ក៏ត្រូវតែគិតគូរឡើងវិញ ព្រោះបើសិនជា ស្រានោះ ធ្វើឲ្យមានអ្នកពុលស្លាប់ គឺទាំងអ្នកលក់ និងទាំងអ្នកផលិត ត្រូវមានទោស ជាប់ពន្ធនាគារ។ ករណីនេះ មានជាឧទាហរណ៍រួចមកហើយ។ ក្នុងនោះ អ្នកផឹកស្រាសស្រាថ្នាំ ក៏ត្រូវភ្ញាក់ខ្លួនមុនគេ បើមិនចង់ពុលស្លាប់ទេនោះ៕សរន