ដោយៈ ម៉េង​ឆៃ / ភ្នំពេញ​ៈនៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ ករណី​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​កើតឡើង ខណៈដែល​ថ្នាំ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​សប្តាហ៍​នេះ កម្ពុជា ទទួលបាន​ដល់​ទៅ ៤ ៥០០ ០០០​ដូ​ស​។ ក្នុង​សប្តាហ៍​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​ក្រសួង​អប់រំ ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​ខេត្ត បើក​សាលារៀន​ឡើងវិញ​ផងដែរ​។​

១- សម្ដេចក្រឡាហោម  ស ខេង ទៅ​បារាំង ដើម្បី​ពិនិត្យ​សុខភាព ពុំ​ជួប​អ្នកនយោបាយ​ណា​ឡើយ​

​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ ដោយ​សម្ដេច គ្មាន​គម្រោង​ជួប​អ្នកនយោបាយ​ណា​ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក ស សុខា ដែល​កូនប្រុស​របស់​សម្ដេច​ក្រ​ឡា​ហោម ដែល​ឆ្លើយតប​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ថា សម្ដេច ទៅ​ជួប​លោក សម រង្ស៊ី មេដឹកនាំ​ចលនា​ប្រឆាំង​នៅក្រៅ​ប្រទេស​។

 

២- អ្នកគ្រូ​ពេទ្យ​ម្នាក់ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ទទួលមរណភាព ដោយ​ជំងឺ​កូ​វីដ​១៩

អ្នកគ្រូ​ពេទ្យ​ម្នាក់ បម្រើ​ការងារ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែលជា​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ព្រះសីហនុ បានទទួល​មរណភាព កាលពី​យប់​ថ្ងៃ​២៩ ខែសីហា ឆ្នាំ​២០២១ ពេល​នាំយកទៅ​សង្គ្រោះ​ព្យាបាល នៅ​រាជធានី​ភ្នំពេញ​។ មរណភាព​របស់​អ្នកគ្រូ​ពេទ្យ​រូបនេះ ត្រូវបាន​មិត្ត​រួមការ​ងារ ក៏ដូចជា​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកគ្រូ​ពេទ្យ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ជាការ​លះបង់​ប្រកបដោយ​វីរៈភាព​របស់​កងទ័ព​អាវ​ស​។​

៣-​សម្តេចតេជោ  ហ៊ុន សែន ណែ​នាំអោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ បើក​សាលារៀន​ឡើងវិញ

​សម្តេច​តេ​ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី​ថ្ងៃទី​៣១ ខែសីហា តាមរយៈ​សារ​សំឡេង ដែល​ត្រូវបាន​ចែកចាយ​តាម​ក្រុម​តេ​ឡេ​ក្រាម បាន​ណែនាំ​អោយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ សហការ​ជាមួយ​អភិបាល​រាជធានី​ខេត្ត សិក្សា​លទ្ធភាព​បើក​សាលារៀន​ឡើងវិញ នៅ​តំបន់ ដែល​គ្មាន​ហានិភ័យ​ឆ្លង​កូ​វីដ​-១៩​។ ការបើក​សាលារៀន នៅពេល​ខាងមុខនេះ ក៏ត្រូវ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​អនុវត្តន៍​អោយបាន​ពេញលេញ​នូវ​ការរក្សា​គម្លាត និង​ការអនុវត្តន៍​វិធានការ​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

៤-​ក្រសួង​អប់រំ កំណត់ថា សាលារៀន​រដ្ឋ និង​ឯកជន ដែល​បើក​បង្រៀន​ឡើងវិញ ត្រូវមាន​សិស្ស មិន​លើសពី ១៥​នាក់ ក្នុង ១​ថ្នាក់
​កាលពី​រសៀល​ថ្ងៃទី​៣១ ខែសីហា ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​ភូមិសាស្ត្រ ដែលមាន​ហានិភ័យ​ទាប​។ ក្នុងនោះ សាលារៀន​រដ្ឋ និង​សាលា​ឯកជន ដែល​ត្រូវ​បើក​បង្រៀន​ឡើងវិញ ត្រូវមាន​សិស្ស​ចូលរៀន មិន​ឲ្យ​លើសពី ១៥​នាក់ ក្នុង ១​ថ្នាក់​។ តែ​ក្រសួង មិនទាន់​បញ្ជាក់ថា សាលារៀន ត្រូវ​បើកទ្វារ​ឡើងវិញ នៅពេលណា​នោះទេ​។​

៥- អ្នក​ឆ្លង​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា នៅ​កម្ពុជា កើន​ដល់​ជិត ២០០០​នាក់
​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​៣១​សីហា បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា ចំនួន ១៦៤​នាក់ ក្នុង​រយៈពេល ២​ថ្ងៃ​ចុងក្រោយ ពោលគឺ​នៅ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែសីហា​។ ដោយឡែក គិត​មកទល់​ថ្ងៃទី​៣១​សីហា ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា នៅ​កម្ពុជា កើន​ដល់​ជិត ២០០០​នាក់ នៅ ២៣​រាជធានី​ខេត្ត លើកលែងតែ​ខេត្ត​កែប និង​ខេត្តក្រចេះ​។ ភាគច្រើន ដែល​តា រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​។

៦-​មេបញ្ជាការ​យោធភូមិ​ទី​៥ ចេញ​បញ្ជា​ឲ្យ​ទប់ស្កាត់​ក្នុងការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ មកពី​ប្រទេស​ថៃ

​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន កាលពី​ថ្ងៃទី​១ ខែកញ្ញា បានចេញ​បទបញ្ជា ទៅកាន់​កងទ័ព​ឈរជើង​តាម​បណ្តោយ​ព្រំដែន​ថៃ ត្រូវ​សហការ ទប់ស្កាត់​នូវ​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ មក​ក្នុងប្រទេស​កម្ពុជា​។ បទបញ្ជា​នេះ ត្រូវបាន​ធ្វើឡើង ដោយយោង​តាម​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

៧- ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង កូ​វី​សែ​ល ទៅ​ចាក់​វ៉ាក់សាំង AstraZeneca ជា​ដូ​ស​ជំរុញ ចាប់ពី​ថ្ងៃទី​៦ ខែកញ្ញា

​នៅក្នុង​សប្តាហ៍​នេះ ក្រសួងសុខាភិបាល បានប្រកាសថា ថ្នាំ​វ៉ាក់សាំង​កូ​វីដ​១៩ AstraZeneca ត្រូវបាន​ប្រើប្រាស់​ជា​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ឬ AstraZeneca ផលិត​នៅ​ប្រទេស​ឥណ្ឌា ដូ​ស​ទី​១ និង​ដូ​ស​ទី​២ រួចរាល់​។ ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​នេះ នឹង​ចាប់ផ្តើម ពីថ្ងៃ​ចន្ទ ទី​៦ ខែកញ្ញា តាម​វេន និង​នៅតាម​មន្ទីរពេទ្យ ដែល​ក្រសួង​រៀបចំ នៅក្នុង​រាជធានី​ភ្នំពេញ​។​

៨-​សម្តេច​តេ​ជោ ច្រានចោល​សំណើ​ទិញ​ដី​បឹង​ជាង ១០០០​ហិកតា ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល ធ្វើជា​ទីក្រុង​រណប
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ច្រានចោល​នូវ​សំណើ ទិញ​ដី​បឹង ដែលមាន​ទំហំ ១០០០​ហិកតា នៅ​ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​ធ្វើការ​អភិវឌ្ឍ ជាទី​ក្រុង​រណប​បែប​ទំនើប និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សំខាន់ៗ​។ ក្នុង​ចំណារ​ដ៏​ខ្ពង់ខ្ពស់ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បដិសេធ​ដាច់ខាត មិន​លក់​ដី​បឹង​នោះទេ​។ ផ្ទុយទៅវិញ សម្តេច ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​រក​វិធី​ជីក​បឹង ឱ្យ​កាន់តែ​ជ្រៅ ដើម្បី​ស្តុក​ទឹក​ទុកឱ្យ​ពលរដ្ឋ​ប្រើប្រាស់ ឬ​អាស្រ័យ​ផល​។​

៩-​កម្ពុជា នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឱ្យបាន​ប្រមាណ ៦៤,៦ លាន​តោន ត្រឹម​ឆ្នាំ​២០៣០

​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃ​យាន ឆ្នាំ​២០២១ ក្រោម​មូលបទ «​ថាមពល អាកាសធាតុ បរិស្ថាន​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន នៅក្នុង​ប្រទេស​ចិន​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ពី​ផែនការ​របស់​កម្ពុជា ដែល​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឱ្យបាន​ប្រមាណ ៦៤​លាន ៦​សែន​តោន ត្រឹម​ឆ្នាំ​២០៣០​។​

១០- កម្ពុជា ប្រកាស​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​នាំយក​ប្រេង​ឆៅ​ជិត ៣០​ម៉ឺន​បារ៉ែល មកវិញ​

​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ក្រសួង​រ៉ែ និង​ថាមពល បាន​ច្រានចោល ចំពោះ​ការលើកឡើង​របស់​ក្រុមហ៊ុន Management Pte Ltd ដែលថា នាវា MT Strovols គ្មាន​ជម្រើស​ផ្សេង ក្រៅពី​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​នាវិក និង​ចាក់​ប្រេង​។ នាវា​នេះ បាន​លួច​ដឹក​ប្រេង​ឆៅ​ចេញពី​កម្ពុជា ហើយ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ចាប់បាន​។ កម្ពុជា ក៏​ប្រកាសថា នឹង​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​នាំយក​ប្រេង​ឆៅ​ជិត ៣០​ម៉ឺន​បារ៉ែល នៅលើ​នាវា​នោះមក​វិញ​។​

១១-​តំណាង​កម្ពុជា​នៅអ.ស.ប. ថា អ្នករាយការណ៍​ពិសេស បាន​ងាក​ចេញពី​វិធីសាស្ត្រ​អគ្គលេខាធិការ
​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​សម្ដែង​ការ​ប្រតិកម្ម​ជាថ្មី​ម្ដងទៀត ទៅកាន់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ កម្ពុជា បាន​សង្កត់ធ្ងន់ថា រាយការណ៍​ពិសេស បាន​ងាក​ចេញពី​វិធីសាស្ត្រ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​។

១២-​កម្ពុជា ទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន ៤,៥​លាន​ដូ​ស​ទៀត​

​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង Sinovac ចំនួន ២​លាន​ដូ​ស ដែល​កម្ពុជា ទិញ​ពី​ចិន​។ នៅ​ថ្ងៃទី​៤ ខែកញ្ញា វ៉ាក់សាំង Sinovac ចំនួន ២,៥​លាន​ដូ​ស​ទៀត ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​របស់​ចិន មកដល់​ភ្នំពេញ​។ ក្នុងនោះ ២​លាន​ដូ​ស ជា​ការបញ្ជាទិញ និង ៥​សែន​ដូ​ស ជា​ជំនួយ​របស់​ចិន​។ វ៉ាក់សាំង Sinovac ទាំងនេះ នឹងត្រូវ​ប្រើប្រាស់​ជា​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ឬ Sinopharm ២​ដូ​ស​កន្លងមក​។ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​អនុញ្ញាត​ឲ្យ​បញ្ជា​ទិញ​វ៉ាក់សាំង Sinovac ចំនួន ៥​លាន​ដូ​ស ដែល​នឹង​ដឹកជញ្ជូន មកដល់​កម្ពុជា នៅ​ខែកញ្ញា​នេះ​។​

​គិត​ត្រឹម​ថ្ងៃទី​៤ ខែកញ្ញា កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៩ ៥៩៥ ១០០​ដូ​ស​។ ក្នុងនោះ វ៉ាក់សាំង​ចិន Sinovac និង Sinopharm សរុប ២៦ ៨០០ ០០០​ដូ​ស​។

​មកដល់​ថ្ងៃទី​៣ ខែកញ្ញា កម្ពុជា ចាក់​វ៉ាក់សាំង បាន​ជាង ១១​លាន​នាក់​។ ក្នុងនោះ អ្នកមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ចាក់​បាន​ជាង ៩​លាន ៤២​ម៉ឺន​នាក់ និង​កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង​បាន​ជាង ១​លាន ៦២​ម៉ឺន​នាក់​។ រីឯ​អ្នក​ចាក់​ដូ​ស​ទី​៣ មាន​ចំនួន​ជាង ៦៤​ម៉ឺន​នាក់​។​

១៣-​ក្រសួង​ធនធានទឹក ប្រកាសថា អាច​នឹងមាន​ជំនន់​ទឹកភ្លៀង នៅ​រាជធានី​ខេត្ត​មួយចំនួន​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ចាប់ពី​ថ្ងៃទី​៦-១១ ខែកញ្ញា នៅ​តំបន់​វាលទំនាប ផ្ទៃមេឃ នឹង​អួរ​អាប់ មាន​ពពក​ច្រើន មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង និង​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង Flash Floods នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ​។ នៅ​តំបន់​មាត់សមុទ្រ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​៕​សរន