ដោយៈប.ជ័យ/បន្ទាយមានជ័យៈជនសង្ស័យប្រុសស្រីបីនាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបន្ទាប់ពីរកឃើញថ្នាំញៀនលាក់ទុកក្នុងប្រអប់ទូរស័ព្ទដៃកាលពីរសៀល ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងបរិវេណរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យ១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរមិនប្រាកដ ,,២. ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដនិង ៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មានមុខរបរកម្មកររោងចក្រ។

លោកអធិការបានបញ្ជាក់ថានៅវេលាខាងលើកម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំណុចបន្ទប់ជួលរោងចក្រអូរនាង ខាងលើ កម្លាំងប៉ុស្តិ៍បានឃើញជនសង្ស័យចំនួនបីនាក់កំពុងឈរនៅមុខបន្ទប់ជួល។ដោយជាប់អង្កេត សង្ស័យ កម្លាំងប៉ុស្តិ៍ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់។កម្លាំងប៉ុស្តិ៍បានឆែកនៅក្នុងប្រអប់នោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លាចំនួនពីរកញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួនមួយនិងថង់ច្រកថ្នាំមួយចំនួន។

ជនសង្ស័យ ឈ្មោះភាព សុផាវ៉ាន់ បានសារភាពថាថ្នាំញៀនទាំងនេះ គេបាន ទិញពីឈ្មោះ តាក់ ភេទប្រុស ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែងកម្លាំងនរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕សរន