ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
របា
នាមសព្ទ
( សំ. រប ជា កិ. “និយាយ, ថ្លែងប្រាប់, តំណាលប្រាប់” > របា ? ) ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់ឲ្យដឹងដើមទង
ស្ដាប់របា ( សម័យឥឡូវមិនដែលប្រើ ) ។
ដំណើរសេចក្ដីជាពាក្យកាព្យរៀបរាប់អំពីត្រៃលក្សណ៍ ( អនិច្ចំ, ទុក្ខំ, អនត្តា ) ឬអំពីធម៌ណាមួយដែលគួរឲ្យកើតសង្វេគ សម្រាប់សូត្រឲ្យមនុស្សឈឺចាស់ស្ដាប់
សូត្ររបា ។
ពង្សាវតារ
របាក្សត្រ គឺពង្សាវតារក្សត្រក្នុងប្រទេសនីមួយតៗមក ។
បវេណី, ជំបួរ
មានរបាយ៉ាងហ្នឹងរៀងមក គឺមានបវេណីឬជំបួរយ៉ាងហ្នឹងរៀងមក ។
លន្លោច
គុណសព្ទ
ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត
ចិត្តលន្លោច ឬ លន្លោចចិត្ត ។
ដែលឆ្ងាយស្រឡោច
ឆ្ងាយលន្លោច (ម. ព. លន្លង់ ផង) ។
វលី
(វៈ–)
នាមសព្ទ
( សំ. បា. វលិ ឬ វលី ) ស្បែកដែលជ្រិតជ្រីវ ដែលជ្រួញ; ផ្នត់; ផ្នត់ពោះ; ផ្នត់ថ្ងាស ( ព. កា )
យាយតាទាំងទ្វី មុខមានវលី ជរាណាស់ហើយ ពុំសមបីបើ ធ្វើឫកតោះតើយ ខ្លួនចាស់ម្ល៉ឹងហើយ គួរមានសង្វេគ ។
សសេះ
(ស៏–)
កិរិយាសព្ទ
តាំងចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគស្ងួតស្ងប់, ប្រយោគរូប, ថ្នាក់ថ្នមរូប
ឈឺស្គមប្រដក់ម្ល៉េះទៅហើយ គិតតែពីសប្បាយមិនសសេះរូប!; ឱអ្នកអើយ! ខ្ញុំសព្វថ្ងៃសសេះតែរូបទេ!
សុសាន
នាមសព្ទ
( បា.; សំ. ឝ្មឝាន ) ទីសម្រាប់បញ្ចុះសព ឬទីសម្រាប់ធ្វើឈាបនកិច្ច, ព្រៃខ្មោច ( ស្មសាន ) យកសពទៅឯសុសាន, ព្រៃសុសាន (ខ្មែរច្រើនប្រើពាក្យ ស្មសាន ជាង) ។ សុសានប្បទេស( —នុ័ប-ប៉ៈ— ) ប្រទេសសម្រាប់បញ្ចុះសពឬសម្រាប់ធ្វើឈាបនកិច្ច ។ សុសានសញ្ញា ( —ន៉ៈស័ញ-ញ៉ា ) សេចក្ដីសម្គាល់ទីណាមួយថាដូចជាស្មសាន ( ដោយមានសង្វេគខ្លាំង ) ។ ល ។