ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សំវេជនីយ
(ស័ង-វេជៈនីយៈ)
គុណសព្ទ
( បា. ) ដែលគួរសង្វេគ។ សំវេជនីយដ្ឋាន ទីដែលគួរឲ្យកើតសង្វេគ ។ សំវេជនីយទស្សនីយដ្ឋាន ( —ទ័ស-សៈនីយ៉័ត-ឋាន ) ទីដែលគួរទៅមើល ( លុះបានឃើញ ) គួរឲ្យកើតសង្វេគ គឺទីដំណែលរបស់បុគ្គលដែលគួរគោរព ។
អនាថ
(អៈន៉ាត)
គុណសព្ទ
( សំ. បា. < ន > អ “មិន, ពុំ, ឥត” + នាថ “ទីពឹង, ពំនាក់” ) ដែលឥតទីពឹង, ឥតពំនាក់ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ណែលណោល; កណ្ដែងកណ្ដោច, ត្រមោច; គួរឲ្យអាណិតពេក, គួរឲ្យអាសូរពេក; គួរឲ្យសង្វេគ, ឲ្យស្លុតចិត្ត” : អនាថចិត្ត ចិត្តអាសូរពេក, ចិត្តខ្លោចផ្សា; ចិត្តសង្វេគ ។ អាណិតអនាថ
( —អន៉ាត ) អាណិតអាសូរពន់ពេក ។ អនាថករ ( —ថៈ— ) ដែលធ្វើឲ្យឥតទីពឹងឬធ្វើមិនឲ្យជាពំនាក់បាន ។ អនាថជន ឬ —បុគ្គល ( —ថៈ— ) អ្នកដែលឥតទីពឹង ( ព. កា. ) : អនាថជន គួរកុំទម្រន់ ក្នុងក្ដីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឲ្យត្រាតែដល់ ទីផុតទ័លក្រ ។ អនាថភាព ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន : ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព ។ ល ។
អនិច្ចំ
(អៈនិច-ច័ង)
គុណសព្ទ
( បា. < អនិច្ច ) មិនទៀង
ធ្វើម្ដេចរូបអនិច្ចំ អ្នកណាអាចឃាត់បាន ! ។
ប្រើជា ឧ. ក្នុងកាលដែលកើតសេចក្ដីសង្វេគឬកើតសេចក្ដីអាណិតក៏មាន
ឱ អនិច្ចំ ហ្ន៎!, ឱ អនិច្ចំ!, ឱ រូបំ អនិច្ចំ!
អហោ
(អៈ––)
និបាតសព្ទ
ជា ឧ. (សំ. បា. ) ឱ !
អហោទុក្ខំ ! ឱ សេចក្ដីទុក្ខ !; អហោ ពុទ្ធោ ! ឱ ព្រះពុទ្ធ ! ( ព. កា. ញុំាងចិត្ដឲ្យមានសង្វេគ ) : អហោឱរូបអនិច្ចំ ទុក្ខំមានទាំងអនត្តា បីនេះជាត្រៃលក្ខណា សត្វក្នុងលោកាគេចពុំផុត ! ; បើគ្រាន់តែដឹងចោលទទេ ចេះតែធ្វេសទ្វេឃា្លតបរិសុទ្ទិ៍ ធ្វើម្ដេចនឹងបានដល់វិមុត្ត និរោធនិរុទ្ធក្ដីទុក្ខបាន !
អាណិត
កិរិយាសព្ទ
នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី
អាណិតម្ដាយ, អាណិតកូន ។ (ព. កា. ) : រីក្ដីអាណិត បណ្ដាលពីចិត្ត សង្វេគលន្លោច នៅស្ងៀមពុំសុខ ដូចគេបោចរោច ចេះតែអាណោច ចង់ជួយសង្គ្រោះ ។
អាណិតអនាថ (—អៈន៉ាត) អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក (ព. កា. ) : អាណិតអនាថ ឆ្ពោះមនុស្សឥតញាតិ ណាមួយជួយគ្នា ឃើញគ្នាទ័លក្រ កំព្រីកំព្រា គួរសង្គ្រោះគ្នា ឲ្យបានសុខផង ។ គ្នាក៏ដូចយើង ចង់សុខចង់ថ្កើង ចង់ឲ្យហ្មត់ហ្មង ប៉ុន្តែកម្មផល ផ្ដល់ខុសបំណង សូម្បីប៉ុនល្អង ក៏កែពុំកើត។
អាណិតអាណោច អាណិតស្រងោចលន្លោចចិត្ត (ព. កា. ) : អាណិតអាណោច ហាក់ដូចជាខ្លោច- ចិត្តឆ្ពោះទៅរក ជនដែលរងទុក្ខ ជជ្រុលជជ្រក មានអ្វីក៏យក ទៅជួយសង្គ្រោះ ។
អាណិតអាសូរ អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត (ព. កា. ) : អាណិតអាសូរ កាលឮគេថ្ងូរ នៅស្ងៀមពុំសុខ ចង់តែទៅជួយ ឲ្យគេស្រាលទុក្ខ ចិត្តធ្ងន់កណ្ដុក ប៉ផ្អុករឿយៗ ។ ល ។