​ប្រែ​សម្រួលៈ​វាសនា​(​ក្យូ​ដូ​)៖ តំណាង​ពិសេស​របស់​អាស៊ាន​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ថា លោក​បាន​អំពាវនាវ​អោយមាន​ការឈប់​ប្រយុទ្ធ​គ្នា​៤​ខែ​ពី​គ្រប់​ភាគី​នៅ​ក្នុង​​ជម្លោះ​នៃ​ប្រទេស​នេះ​ដើម្បី​អោយ​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ប្រព្រឹត្តទៅ​គ្មាន​ការរំខាន​។​

​ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​សារព័ត៌មា​ន​ក្យូ​ដូ កាលពី​ថ្ងៃ​សៅរ៍ លោក អេ​រី​វ៉ាន យូ​សូ​ហ្វ រដ្ឋមន្ត្រីការបរទេស​ទី​២​របស់​ព្រុយ​ណេ បាន​និយាយថា លោក​បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​យោធា​​មី​យ៉ាន់​ម៉ា​លោក វូ​ន​ណា មួង ល្វីន អោយ​មាន​ការព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​គ្នា​រហូត​ដល់​ចុងឆ្នាំ​នេះ ហើយ​ក្រុម​យោធា​បាន​ទទួលយក​វា​។​

​លោក​ថា​«​នេះ​មិនមែន​ជា​ការផ្អាក​ការតស៊ូ​នយោបាយ​ទេ តែ​ជា​ការផ្អាក​ការប្រយុទ្ធ​គ្នា​ដើម្បី​ធានា​សុវត្ថិភាព​និង​សន្តិសុខ​របស់​បុគ្គលិក​ជំនួយ​មនុស្សធម៌​» នៅ​ពេល​ពួកគេ​ចេញ​ទៅ​ចែក​ជំ​​មួយ​ទៅ​កាន់​ប្រជាជន​។​

​តំណាង​រូបនេះ​បាន​និយាយទៀតថា «​ពួកគេ​មិន​បាន​ជំទាស់​អ្វីដែល​ខ្ញុំ​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការផ្អាក​ការប្រយុទ្ធ​គ្នា​ទេ​» ហើយ​ថា​លោក​ក៏​បាន​បញ្ចូន​សំណើរ​នេះ​ទៅ​កាន់​ភាគី​ដែល​ប្រឆាំង​​នឹង​របប​យោធា​ក្រោយ​រដ្ឋប្រហារ​ខែកុម្ភៈ​ផងដែរ​។​

​ជំនួយ​ពី​សមាគមន៍​អាស៊ាន​១០​ប្រទេស​កំពុង​ត្រូវ​គេ​ត្រៀម​បញ្ជូន​នៅ​ពេល​ប្រទេស​ជា​សមាជិក​មួយ​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​បី​ទិស គឺ​ចលាចល​នយោបាយ សេដ្ឋកិច្ច​ប្រុង​នឹង​ដួលរលំ​និង​ជំងឺ​​ឆ្លងកូវី​ដ​១៩​។​

​ដោយ​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន​សំរាប់​ជំនួយ​មនុស្ស​ដែល​មាន​មូលដ្ឋានៅ​ឥណ្ឌូនេស៊ី​មាន​ភារកិច្ច​បញ្ជូន​ជំនួយ​ទៅកាន់​មី​យ៉ាន់​ម៉ា លោក​អេ​រី​វ៉ាន់ បាន​និយាយថា «​យើង​កំពុង​ចូលរួម​​ពាក់ព័ន្ធ និង​បញ្ជូន​សញ្ញា​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​មី​យ៉ាន់​ម៉ា​អោយ​បញ្ឈប់​អំពើហិង្សា​និង​ធ្វើ​ការអត់ធ្មត់​ជាទីបំផុត​»​។​

​បើ​តាម​លោក អេ​រី​វ៉ាន យូ​សូ​ហ្វ ជំនួយ​ក្រុម​ដំបូង​រួមមាន គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​ដែលជា​តំរូវការ​បន្ទាន់​សំរាប់​អ្នកជំងឺ​កូវី​ដ​១៩​ធ្ងន់ៗ ។​ជំនួយ​សំរាប់​តំបន់​ព្រំដែន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ប្រដា​​ប់​អាវុធ​ជនជាតិភាគតិច​អាច​ដឹក​តាម​ផ្លូវគោក​ក្នុង​ប្រទេស​ថៃ​។​

​លោក​បាន​បន្ថែមថា ជំហាន​បន្ទាប់​គឺ​ការស្វែងរក​វ៉ាក់សាំង​សំរាប់​ប្រទេស​នេះ​៕

​លោក អេ​រី​វ៉ាន យូ​សូ​ហ្វ ត្រូវបាន​តែងតាំង​ជា​តំណាង​ពិសេស​របស់​អាស៊ាន​សំរាប់​កិច្ចការ​មី​យ៉ាន់​ម៉ា កាលពី​ខែ​សីហា​នៅ​ប៉ុន្មាន​ខែ​ក្រោម​ក្រុម​មេដឹកនាំ​អាស៊ាន​ព្រមព្រៀង​លើ​ការមូល​មតិ​គ្នា​៥​ចំណុច​ដើម្បី​ជួយ​បន្ថយ​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​នៅ​មៅ​យ៉ាន់​ម៉ា​